កម្ពុជា
17/08/2024 – 10:58
ដោយ៖ ម៉ុន ចាន់
RFI
នៅសប្តាហ៍ទី៣នៃខែសីហានេះ សមាជិកគណបក្សនៅក្រៅរដ្ឋាភិបាលចំនួន០២រូបទៀត គឺមកពី គណបក្សឆន្ទៈខ្មែរ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រូវបានសម្ថកិច្ចបានចាប់ខ្លួន នៅទីកន្លែងផ្សេងគ្នា។
សកម្មជនពីរនាក់ទៀតរបស់គណបក្សក្រៅរដ្ឋាភិបាលត្រូវបានចាប់ខ្លួន
លោក សាយ រើន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅថ្ងៃទី១៤ ខែសីហា តាមដីការបង្គាបរបស់សាលាដំបូងខេត្តកំពង់ស្ពឺ ក្នុងបទចោទ«ផ្តើមគំនិតក្នុងអំពើញុះញ៉ុង់ឱ្យមានការរើសអើង» និង បទ «ផ្តើមគំនិតក្នុងអំពើប៉ុនប៉ុងកំហែងយក មានស្ថានទម្ងន់ទោសទាក់ទងទៅនិងជនរងគ្រោះ»។ នេះបើតាមសេចក្តីប្រកាសរបស់គណបក្សឆន្ទៈខ្មែរ នៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ២០២៤។
គណបក្សឆន្ទៈខ្មែរ ចាត់ទុកការចាប់ខ្លួនសកម្មជនបក្សរូបនេះ គឺជាគំរាមកំហែង និងធ្វើទុក្ខបុម្នេញក្នុងចេតនារារាំងការធ្វើសកម្មភាពនយោបាយរបស់សកម្មជនគណបក្សប្រឆាំង។
ចំណែកនៅរសៀលថ្ងៃទី១៦ ខែសីហា អ្នកស្រី សែម សុផលដែលជាសកម្មជនគណបក្សប្រជាធិបក្សតេយ្យមូលដ្ឋាន ក្នុងសង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្កាលក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនដែរ។ តាមសេចក្តីប្រកាសគណបក្សប្រជាធិបត្រយ្យ សមត្ថកិច្ចមិនបានប្រាប់ពីមូលហេតុនៃការចាប់ខ្លួន អ្នកស្រី សែម សុផល នោះទេ។
ក្នុងសេចក្តីប្រកាសដោយឡែកពីគ្នា គណបក្សនៅក្រៅរដ្ឋាភិបាលទាំង២ ទាមទារឱ្យអាជ្ញាធរដោះលែងសកម្មជនរបស់ខ្លួន និងឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញតាមគ្រប់រូបភាពមកលើសកម្មជនគណបក្សឆន្ទៈខ្មែរ និងគណបក្សប្រជាធិបក្សតេយ្យមូលដ្ឋាន បន្តទៅទៀត។

តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន អះអាងថា ការចាប់ខ្លួននេះ មិនពាក់ព័ន្ធនិងរឿងនយោបាយនោះទេ គឺផ្អែកលើបទល្មើសជាក់ស្តែង ខណៈដីការបស់តុលាការបានចោទប្រកាន់ លោក សាយ រើន ថាបានប្រព្រឹត្តបទល្មើសកាលពីខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅឃុំ ពោធិអង្រ្កង ស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថា នៅក្នុងខែសីហា ឆ្នាំ២០២៤នេះ សមាជិកក្រុមសម្ព័ន្ធគណបក្សប្រឆាំង ត្រូវបានសម្ថកិច្ចចាប់ខ្លួនសរុបចំនួន ១០នាក់។ ទន្ទឹមគ្នានេះសមាជិកបក្សមួយចំនួនទៀតបានសុំទៅចូលជ្រកកោនជាមួយបក្សកាន់អំណាច៕