កម្ពុជា
17/08/2024 – 11:51
ដោយ៖ ជួប នរក្សា
RFI
នៅថ្ងៃសុក្រទី១៦សីហា លោក ហៃ វណ្ណា ដែលជាតំណាងបាតុករខ្មែរប្រចាំប្រទេសជប៉ុន បានអះអាងថា ប្អូនប្រុសរបស់ខ្លួន គឺលោក ហៃ វណ្ណនិត បានបាត់ខ្លួន ខណៈពេលចាកចេញពីប្រទេសកម្ពុជាចូលទៅកាន់ប្រទេសថៃ ដោយមិនទាន់ដឹងពីមូលហេតុពិតប្រាកដ។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន លោក ហៃ វណ្ណា បានដាក់ការសង្ស័យថា ប្អូនប្រុសខ្លួនត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែតចាប់ខ្លួន បន្ទាប់ពីរងការគម្រាមកំហែងជុំវិញការត្រៀមធ្វើបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ (CLV)។
មួយថ្ងៃមុនគម្រោងបាតុកម្មប្រឆាំង CLV៖ លោក ហៃ វណ្ណា ថាប្អូនប្រុសរបស់លោកបានបាត់ខ្លួនដោយមិនដឹងមូលហេតុ
សេចក្តីថ្លែងការណ៍របស់លោក ហៃ វណ្ណា មេដឹកនាំបាតុកម្មប្រឆាំងប្រចាំប្រទេសជប៉ុន បានរៀបរាប់ថា លោក ហៃ វណ្ណនិត ដែលត្រូវជាប្អូនប្រុស បានបាត់ដំណងនៅពេលចាកចេញពីភ្នំពេញក្នុងដំណើរឆ្ពោះទៅប្រទេសថៃ តាមច្រកប៉ោយប៉ែតកាលពីថ្ងៃទី១៦សីហា អំឡុងម៉ោង១៣៖៣៤នាទីរសៀល។
មេដឹកនាំបាតុកម្មរូបនេះ បានអះអាងថា ប្អូនប្រុសរបស់ខ្លួនត្រូវអាជ្ញាធរប៉ោយប៉ែតចាប់ខ្លួនដោយមិនបានដឹងពីដំណឹងផ្លូរការណាមួយឡើយ។ ការអះអាងដូច្នេះ ដោយលោក ហៃ វណ្ណា សំអាងថា ក្រុមគ្រួសាររបស់លោកត្រូវបានរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណេត កាលពីថ្ងៃទី១៣សីហាកន្លងទៅ បានចុះស៊ើបព័ត៌មានពីក្រុមគ្រួសាររបស់ខ្លួននៅទីក្រុងភ្នំពេញ រហូតធ្វើឲ្យប្អូនប្រុសរបស់ខ្លួនត្រូវសម្រេចចាកចេញពីកម្ពុជាតាមច្រកប៉ោយប៉ែតឆ្ពោះទៅកាន់ប្រទេសថៃ។
គួរឲ្យដឹងថា លោក ហៃ វណ្ណនិត ដែលត្រូវជាប្អូនលោក ហៃ វណ្ណា គឺជាមន្ត្រីជាន់ខ្ពស់នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងអតីតនិស្សិតអាហារូបករណ៍ Fullbright សហរដ្ឋអាមេរិក។
នៅចំពោះមុខភាពស្រពិចស្រពិលនៃការបាត់ខ្លួនប្អូនប្រុស លោក ហៃ វណ្ណា បានអះអាងថា ប្អូនរបស់ខ្លួនមិនមានពាក់ព័ន្ធសកម្មភាពនយោបាយណាមួយ និងស្នើឲ្យរដ្ឋាភិបាលដោះលែងជាបន្ទាន់ដោយឥតលក្ខខណ្ឌ។

អភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិដោយខ្លី នៅថ្ងៃសៅរ៍ទី១៧សីហានេះ ថា ខ្លួនមិនបានទទួលព័ត៌មាន ឬដឹងអំពីការចាប់ខ្លួនលោក ហៃ វណ្ណនិត ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យឡើយ។
គួរជម្រាបថា លោក ហៃ វណ្ណា មេដឹកនាំបាតុកម្មប្រឆាំងដ៏ធំក្នុងសំណុំរឿងអភិវឌ្ឍតំបន់ត្រីកោណ(CLV) ត្រូវបានរដ្ឋាភិបាលកម្ពុជា ចង្អុលមុខថា ជាមេក្លោងមួយរូបដែលញុះញង់ឲ្យប្រជាពលរដ្ឋងើបឈរប្រឆាំង តាមរយៈគម្រោងការធ្វើបាតុកម្មនៅថ្ងៃទី១៨សីហា។ ១៨សីហា ២០២៤ ដែលជាគម្រោងធ្វើបាតុកម្មស្នើឲ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងតំបន់ត្រីកោណ (CLV) ដ្បិតគេមិនឃើញថា បានផលចំណេញអ្វីដល់កម្ពុជា។
លោក ហៃ វណ្ណា បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិថា គម្រោងបាតុកម្មថ្ងៃទី១៨សីហា ជាការធ្វើបាតុកម្មដោយអហិង្សា សម្តែងមតិ គ្មានការប៉ះទង្គិច ឬប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជាឡើយ។ ក៏ប៉ុន្តែពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចាត់ទុកគម្រោងបាតុកម្មខាងមុខនេះ ជាបដិវត្តន៍ពណ៌ ដាច់ខាតត្រូវតែបង្ក្រាបឲ្យខាងតែបាន៕