កម្ពុជា
18/08/2024 – 09:47
ដោយ៖ ម៉ុន ចាន់
RFI
នៅយប់ថ្ងៃទី១៧ ខែសីហាឆ្នាំ២០២៤ មានសមាជិកគណបក្សភ្លើងទៀន ចំនួន៣រូបទៀត ត្រូវបានអាជ្ញាធរខេត្តប៉ៃលិន ចាប់ខ្លួនទាំងយប់អាធ្រាតដោយមិនបញ្ជាក់មូលហតុច្បាស់លាស់ និងមិនបង្ហាញដីការបស់តុលាការនោះឡើយ។ នេះបើតាមគណបក្សភ្លើងទៀន។
សមាជិកគណបក្សភ្លើងទៀន៣រូបទៀតត្រូវបានចាប់ខ្លួននៅខេត្តប៉ៃលិន
សមាជិកបក្សដែលត្រូវបានចាប់ខ្លួនចុងក្រោយនេះ រួមមាន លោក មាស កុល លោក ឡោ ធន និងលោក ស៊ុន ពិសិទ្ធ គឺទាំងអ្នកទាំងបីត្រូវបានចាប់ខ្លួននៅចន្លោះម៉ោងជាង៩យប់ដល់ម៉ោង ១១:៤៥នាទី នៅផ្ទះរៀងខ្លួន។
អ្នកស្រី អួក ណាគ្រី ភរិយា លោក មាស កុល បានបញ្ជាក់ថា សមត្ថកិច្ចបានចាប់ខ្លួនប្តីរបស់អ្នកស្រីភ្លាមៗ ដោយមិនបានបង្ហាញដីកានៃការចាប់ខ្លួននោះទេ និងមិនប្រាប់ពីមូលហេតុនោះឡើយ។
បើតាម លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន ការចាប់ខ្លួនសមាជិកគណបក្សភ្លើងទៀនកន្លងមក អាជ្ញាធរមិនដែលផ្តល់ព័ត៌មាន ឬមូលហេតុជាក់លាក់នោះទេ។ លោកយល់ថាខាងអាជ្ញាធរគួរតែបង្ហាញហេតុផលច្បាស់លាស់ណាមួយក្នុងការចាប់ខ្លួន ឬបង្ហាញដីកានៃការចាប់ខ្លួនឱ្យបានត្រឹមត្រូវ ។

បើតាម អគ្គលេខាធិការគណបក្សភ្លើងទៀន គឺមានសមាជិកគណបក្សភ្លើងទៀនចំនួន៤រូបហើយ គិតត្រឹមថ្ងៃទី ១៨ ខែសីហានេះ ដែលត្រូវអាជ្ញាធរចាប់ខ្លួន ដោយមិនបញ្ជាក់មូលហេតុ។ គណបក្សភ្លើងទៀនទទូចឱ្យអាជ្ញាធរដោះលែង សមាជិករបស់ខ្លួនឱ្យមានសេរីភាព និង ឈប់ធ្វើទុក្ខបុកម្នេញតាមគ្រប់រូបភាពមកលើសកម្មជនគណបក្សភ្លើងទៀនបន្តទៀត៕