ទោះគ្មានបាតុកម្មនៅទីក្រុងភ្នំពេញ តែនៅសហរដ្ឋអាមេរិកមានបាតុកម្មប្រឆាំងគម្រោង CLV-DTA

កម្ពុជា
18/08/2024 – 09:58
ដោយ៖ ឡាក់ ច័ន្ទតារា
RFI

នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងទីក្រុងភ្នំពេញ មិនមានបាតុកម្មណាមួយកើតឡើងដូចការគ្រោងទុក ដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាមនោះទេ។ តែទោះជាយ៉ាងណា បាតុកម្មនៅក្រៅប្រទេស ពិសេសនៅសហរដ្ឋអាមេរិកនៅតែកើតមានដូចការគ្រោងទុកដដែល ដោយមានការចូលរួមពី លោក សម រង្ស៊ី ដោយផ្ទាល់។

ទោះគ្មានបាតុកម្មនៅទីក្រុងភ្នំពេញ តែនៅសហរដ្ឋអាមេរិកមានបាតុកម្មប្រឆាំងគម្រោង CLV-DTA


បើទោះបីជានៅទីក្រុងភ្នំពេញ នាថ្ងៃទី១៨ ខែ សីហានេះ មិនមានបាតុកម្មណាមួយកើតឡើងក៏ដោយ តែគេសង្កេតឃើញថា កងកម្លាំង​ប្រដាប់អាវុធបានចេញដើរល្បាតត្រួតពិនិត្យនៅតាម​ទីតាំង​សំខាន់ៗនៃច្រក​ចេញចូលរាជធានីភ្នំពេញតាំងពីព្រឹកព្រលឹម ខណៈដែល​ស្ថានភាព​ធ្វើ​ដំណើររបស់​ពលរដ្ឋ​ មានសភាព​ស្ងប់​ស្ងាត់​ជាងធម្មតា។

មួយថ្ងៃមុនគម្រោងបាតុកម្មប្រឆាំង CLV-DTA មកដល់ លោក ហៃ វណ្ណា ដែលជាតំណាងបាតុករខ្មែរប្រចាំប្រទេសជប៉ុន បានចេញសារសំឡេងមួយដោយប្រកាសរំសាយ និងលើកពេលនៃការធ្វើបាតុកម្ម។ មូលហេតុដែលធ្វើឱ្យតំណាងបាតុករខ្មែរនៅជប៉ុនរូបនេះ ប្រកាសរំសាយ ត្រូវបាន លោក ហៃ វណ្ណា បញ្ជាក់ថា ដោយសារតែ ប្អូនប្រុសបង្កើតរបស់ លោក គឺ លោក ហៃ វណ្ណនិត បានក្បត់លោក និងលាតត្រដាង​ពីផែនការនៃការធ្វើបាតុកម្មនេះ។

ទោះជាបែបនេះក្ដី លោក ហៃ វណ្ណា បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃ១៧ សីហា ថា លោកគាំទ្រឱ្យពលរដ្ឋខ្មែរក្រោកឈរធ្វើបាតុកម្មដោយអហិង្សា ដើម្បីឱ្យរដ្ឋាភិបាលដោះស្រាយនូវអ្វីដែលលោកចាត់ទុកថា ជាការចង់បានរបស់មហាជននោះគឺការដកកម្ពុជាចេញពីតំបន់អភិវឌ្ឍន៍ត្រីកោណ CLV។​ បន្ថែមពីនេះ លោក ហៃ វណ្ណា បានបដិសេធចំពោះការចោទប្រកាន់ពីសំណាក់រដ្ឋាភិបាលកម្ពុជាដែលថាលោកជាមេក្លោងក្នុងការបញ្ជាឱ្យមានបាតុកម្មហិង្សានៅប្រទេសកម្ពុជា។

ទោះជានៅទីក្រុងភ្នំពេញមិនមានបាតុកម្មប្រឆាំងដូចការគ្រោងទុក តែនៅសហរដ្ឋអាមេរិក នាថ្ងៃទី១៧ សីហានៅទីក្រុង Lowell រដ្ឋ Massachudetts មានពលរដ្ឋខ្មែរខ្លះរស់នៅក្នុងតំបន់នោះ និងខ្លះមកពីប្រទេសកាណាដាផង បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងគម្រោង CLV-DTA នេះ។ ជាបាតុកម្មដែលមានការ​ចូល​រួម​ផ្ទាល់ពី លោក សម រង្ស៊ី ប្រធានស្ដីទី អតីតគណបក្សសង្គ្រោះជាតិ។

ទោះគ្មានបាតុកម្មនៅទីក្រុងភ្នំពេញ តែនៅសហរដ្ឋអាមេរិកមានបាតុកម្មប្រឆាំងគម្រោងCLV-DTA
ទោះគ្មានបាតុកម្មនៅទីក្រុងភ្នំពេញ តែនៅសហរដ្ឋអាមេរិកមានបាតុកម្មប្រឆាំងគម្រោងCLV-DTA © sam rainsy

លោក សម រង្ស៊ី បានថ្លែងលើកទឹកចិត្តឲ្យអ្នកតវ៉ាទាំងនោះ​ បន្តការ​ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ ជាមួយឡាវ និង វៀតណាម នៅក្រោមហេតុផល ​បារម្ភពីការ​បាត់​ខេត្តទាំង៤​របស់​កម្ពុជា​នៅក្នុងការគ្រប់គ្រង​របស់វៀតណាមនាពេលខាងមុខ។

ក្នុង​ការ​បារម្ភដូចគ្នានេះ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ពលរដ្ឋខ្មែរនៅប្រទេសជប៉ុន អូស្ត្រាលី កាណាដា បារាំង និងកូរ៉េខាងត្បូង រាប់ពាន់នាក់ ក៏បានបាតុកម្មនៅពេល​ដំណាលគ្នា ដោយទាមទារឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ខ្លួន​ចេញ​ពី​​គម្រោងអភិវឌ្ឍន៍ CLV នេះ៕

What Next?

Recent Articles