ដោយ មាន ឫទ្ធិ
2024.08.26
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះពិនិត្យបង្គោលព្រំដែន លេខ ៦៥ (១) ខ័ណ្ឌចែកប្រទេសកម្ពុជា និងវៀតណាម ក្នុងដំណើររបស់លោកទៅមើលតំបន់ព្រំដែនមួយចំនួន ក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគីរី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសរៃប្រាក់កសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអភិវឌ្ឍន៍នៅតាមព្រំដែន។ ប៉ុន្តែមន្រ្តីបក្សប្រឆាំង និងអ្នកឃ្លាំមើលថា នេះជានយោបាយប្រជាភិថុតិតមរតកពីលោក ហ៊ុន សែន ក្នុងការកេងចំណេញនយោបាយ ដើម្បីបង្វែរស្ថានការណ៍គេចពីការទទួលខុសត្រូវ ក្រោយពេលប្រជាពលរដ្ឋនាំគ្នាតវ៉ាឱ្យរដ្ឋាភិបាលដកកម្ពុជាពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍។
មន្រ្តីបក្សប្រឆាំងលើកឡើងថា នយោបាយរៃអង្គាសប្រាក់ គឺជានយោបាយដដែលៗ របស់មេដឹកនាំផ្ដាច់ការ ដើម្បីបង្កើតព្រឹត្តិការណ៍បន្លំភ្នែកមហាជន ក្រោយពេល ចរន្តពលរដ្ឋចេញតវ៉ាប្រឆាំងនឹងគម្រោង CLV មិនថមថយនោះ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាអតីតតំណាងរាស្ត្រលោក អ៊ំ សំអាន មានប្រសាសន៍ថា លោកគាំទ្រការកសាងហេដ្ឋារចនាសម្ព័ន្ធខេត្តនៅតាមព្រំដែន ប៉ុន្តែ លោកមិនគាំទ្រវប្បធម៌រៃប្រាក់ពីពលរដ្ឋនោះទេ។ លោកថា ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មានឆន្ទៈចង់អភិវឌ្ឍតំបន់នៅតាមព្រំដែន ចង់ការពារបូរណភាពទឹកដីខ្មែរឱ្យបានគង់វង្សពិតនោះ មិនបាច់ដើរប្រកូកប្រកាសសុំលុយពីពលរដ្ឋនោះទេ តែត្រូវលុបចោលរាល់សទ្ធិសញ្ញាបំពេញបន្ថែមទាំងឡាយណា ដែលលោកថា លោក ហ៊ុន សែន បានធ្វើឱ្យបាត់ទឹកដីទៅប្រទេសវៀតណាមកន្លងមក និងបញ្ឈប់ការដាក់ខេត្តខ្មែរចំនួន៤ នៅក្នុងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណអភិវឌ្ឍន៍ (CLV) តាមការទាមទាររបស់ពលរដ្ឋខ្មែរ។
ប្រតិកម្មនេះ គឺបន្ទាប់ពី លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាសនៅលើហ្វេសប៊ុក បង្កើតមូលនិធិសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅថ្ងៃទី២៦ ខែសីហា។ លោកអះអាងថា ការកៀរគរថវិកាបន្ថែមនេះ គឺក្នុងគោលបំណងសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងផ្តល់ឱកាសដល់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសឱ្យបានចូលរួមចំណែកដោយផ្ទាល់ជាមួយរដ្ឋាភិបាលក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ស្មារតីសាមគ្គីភាពជាតិ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ក៏ដូចជំរុញការអភិវឌ្ឍនៅតាមព្រំដែនឱ្យបានកាន់តែរឹងមាំ និងចិរភាព។ លោក ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋខ្មែរឱ្យចូលរួមបរិច្ចាគថវិកាឱ្យបានផុលផុស។
ការរៃអង្គាសប្រាក់លើកនេះ មិនខុសពីលើកមុនៗ នោះទេ ក្រុមឧកញ៉ា និងអ្នកមានលុយមានអំណាចបាននាំគ្នាប្រកាសបរិច្ចាគប្រាក់ដោយបង្ហោះសារនៅលើបណ្ដាញសង្គមព្រោងព្រាត។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការបកស្រាយបន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៦ ខែសីហា។
ប៉ុន្តែ អ្នកឃ្លាំមើលថា កម្ពុជាក្រោមការដឹកនាំពីឪដល់កូនបន្តដើរហាក់បញ្ច្រាសចរន្តពិភពលោក ពោលគឺ មេដឹកនាំនៅលើពិភពលោកអនុវត្តតាមបែបប្រជាធិបតេយ្យ លើកស្ទួយជីវភាពរបស់ពលរដ្ឋដោយមិនប្រកាសរៃអង្គាសប្រាក់ពីពលរដ្ឋយកទៅអភិវឌ្ឍនៅតាមព្រំដែនដូចកម្ពុជានោះទេ។
អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ ប្រាប់ពលរដ្ឋឈប់បន្តចាញ់បោកនយោបាយត្រកូល ហ៊ុន ដែលបង្កើតស្ថានការណ៍ ដើម្បីយកលេសបិទបាំងកំហុស និងទប់ស្កាត់ចលនារបស់ពលរដ្ឋប្រឆាំងគម្រោងតំបន់អភិវឌ្ឍន៍ CLV។ ។ លោកថា ការអភីវឌ្ឍនៅតាមព្រំដែន ការពារបូរណភាពទឹកដីឱ្យបានត្រឹមត្រូវទាល់តែកម្ពុជាមានមេដឹកនាំល្អ ជំហរនយោបាយមិនស្ថិតក្រោមសម្ពាធបរទេស ដឹកនាំប្រទេសតាមគន្លងប្រជាធិបតេយ្យ ជំរុញពលរដ្ឋមានជីវភាពទើបការពារអធិបតេយ្យជាតិពេញលេញ និងគួរឱ្យជឿជាក់បាន។
អ្នកឃ្លាំមើលលើកឡើងថា បញ្ហាតំបន់ត្រីកោណអភិវឌ្ឍ CLV ដ៏ចម្រូងចម្រាសនេះ រដ្ឋាភិបាលបានគំរាមកំហែងផង បង្វែរស្ថានការណ៍នយោបាយផង ដើម្បីទប់ស្កាត់ការងើបតវ៉ារបស់ពលរដ្ឋរឿងបញ្ហាទឹកដី។
បើទោះបីរដ្ឋាភិបាលប្រកាសពីការកសាងហេដ្ឋារចនាសម្ព័ន្ធយ៉ាងណាក្តី ពលរដ្ឋខ្មែរទូទៅនៅតែបារម្ភថា គម្រោង CLV នឹងអាចធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីទៅខាងប្រទេសវៀតណាម ហើយពួកគេទាមទារឱ្យរដ្ឋាភិបាលត្រកូល ហ៊ុន ដកកម្ពុជាចេញពីគម្រោងមួយនេះ ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីខ្មែរ។
ពួកគាត់នៅតែប្ដេជ្ញាចិត្ត ធ្វើបាតុកម្មប្រឆាំងនឹងគម្រោងត្រីកោណអភិវឌ្ឍន៍ CLV-DTA ជាបន្តបន្ទាប់ទៀត ដរាបណារដ្ឋាភិបាល លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មិនស្ដាប់តាមការទាមទាររបស់ពលរដ្ឋឲ្យដកគម្រោងនេះ ចេញពីឡាវ និងវៀតណាមទេនោះ៕