2024.08.27
RFA

គន្លងព្រែកជីកហ្វូណនតេជោ កាត់ខេត្តកណ្ដាល និងតាកែវ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១២ សីហា ២០២៤។ រូប៖ ហ្វេសប៊ុកក្រសួងសាធារណការ
ពលរដ្ឋរងផលប៉ះពាល់ពីព្រែកជីកហ្វូណនតេជោស្នើរដ្ឋាភិបាលផ្ដល់សំណងបានឆាប់រហ័ស ខណៈដែលពួកគាត់ព្រួយបារម្ភថា រដ្ឋាភិបាលនឹងបណ្ដេញពួកគាត់ចេញដោយមិនផ្ដល់សំណងដូចពលរដ្ឋរងគ្រោះដីធ្លីកន្លែងផ្សេងទៀតកន្លងមក។ មន្ត្រីសង្គមស៊ីវិលថារដ្ឋាភិបាលគួរពន្លឿនការសិក្សាក្នុងការផ្ដល់សំណងដើម្បីកុំឱ្យពលរដ្ឋមានការបារម្ភ។
ពលរដ្ឋនៅឃុំសំរោងធំ ស្រុកកៀនស្វាយ លោកស្រី គង់ ស្រីយឿន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៦ ខែសីហា ថា អាជ្ញាធរបានចុះវាស់វែងដីលោកស្រីជាថ្មីម្ដងទៀត កាលពីសប្ដាហ៍មុន ប៉ុន្តែលោកស្រីថា អាជ្ញាធរនៅមិនទាន់ប្រាប់ពីសំណងដែលលោកស្រីទទួលបាននោះឡើយ។ លោកស្រីថាព្រួយបារម្ភជាខ្លាំងនៅពេលអាជ្ញាធរនៅតែគេចវេះមិនបញ្ជាក់ពីសំណងដល់លោកស្រី និងពលរដ្ឋផ្សេងទៀត។
លោកស្រី គង់ ស្រីយឿន បញ្ជាក់ថា សំណងដែលអ្នកស្រីចង់បានគឺជាសំណងអាចឱ្យលោកស្រីទិញដី និងសាងសង់ផ្ទះដូចបច្ចុប្បន្ន ហើយលោកស្រីសង្ឃឹមថារដ្ឋាភិបាលនឹងផ្ដល់សំណងសមរម្យដូចការសន្យារបស់ខ្លួន។
លោកស្រី គង់ ស្រីយឿន៖ «វាស់កាលពីខ្ទង់១០ថ្ងៃមុននេះ វាស់ហើយស្ងាត់ជ្រាប គ្មានផ្ដល់ដំណឹងឱ្យប្រជារាស្ត្រដឹងឭ ភូមិឃុំក៏មិនដឹងឮដល់អ៊ីចឹងប្រជារាស្ត្រដេកកើតទុក្ខទោម្នេញពិបាកចិត្ត មួយៗលែងចង់ធ្វើការអស់ហើយ ធ្វើការលែងកើតស៊ីបាយលែងបាន ព្រួយបារម្ភមិនដឹងយ៉ាងម៉េច។ បើនិយាយសំណងវិញចិត្តខ្ញុំអត់ចង់សំណងទេ ចិត្តខ្ញុំចង់ឱ្យធ្វើផ្ទះសងដីខ្ញុំវិញ ទិញពីក្រោយសងខ្ញុំវិញ ចិត្តខ្ញុំមានតែប៉ុណ្ណឹង»។
ចំណែកពលរដ្ឋម្នាក់ទៀតថ្លែងសុំមិនបញ្ចេញឈ្មោះដោយបារម្ភសុវត្ថិភាពឱ្យដឹងថា ផ្ទះលោកស្រីគឺនៅមិនឆ្ងាយពីប៉ុន្មានមាត់ព្រែកជីកហ្វូណនតេជោ ដែលបានផ្អាកការសាងសង់ប្រមាណ ១០ថ្ងៃមកហើយ។ ទោះជាយ៉ាងណា លោកស្រីថា ការអូសបន្លាយក្នុងការផ្ដល់សំណងរបស់រដ្ឋាភិបាលនេះធ្វើឱ្យ លោកស្រី និងពលរដ្ឋផ្សេងទៀតបារម្ភថារដ្ឋាភិបាលនឹងមិនផ្ដល់សំណងសមរម្យដូចពលរដ្ឋរងគ្រោះដីធ្លីផ្សេងទៀត។
ពលរដ្ឋសុំមិនបញ្ចេញឈ្មោះ៖ «ឱ្យរាជរដ្ឋាភិបាលសងសំណងឱ្យបានសមរម្យទៅ លឿនៗទៅ អាងយកលុយហ្នឹងទៅទិញដី រុះរើទៅធ្វើនៅកន្លែងថ្មីទៀត ហើយបើថាមកដល់បានឱ្យមករុះរើគ្មានលទ្ធភាពទេ អត់លទ្ធភាពដោយសារអត់លុយ តែអត់លុយអត់មានដីហើយ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល បានទេ នៅថ្ងៃទី២៦ ខែសីហា។
ទោះជាយ៉ាងណា លោក ស៊ុន ចាន់ថុល ថ្លែងនៅថ្ងៃដដែលដោយចុះទៅពិនិត្យទីតាំង ចាប់ពីព្រែកតាហ៊ីង ខេត្តកណ្ដាល ដល់ស្រុកអង្គរបូរី ខេត្តតាកែវ។ លោកប្រាប់ថ្លែងប្រាប់ពលរដ្ឋដែលរងផលប៉ះពាល់ថារដ្ឋាភិបាលនឹងទូទាត់សំណងរាល់ផលប៉ះពាល់រួមទាំងផលដំណាំផងដែរ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែប្រាប់ប្រជាពលរដ្ឋអំពីសំណងដើម្បីកុំឱ្យមានពួកគាត់មានការបារម្ភ។
លោក អំ សំអាត៖ «អ្វីដែលសំខាន់គឺរាជរដ្ឋាភិបាល ឬអន្តរក្រសួងដែលលោកបានចុះធ្វើការផ្ដល់ព័ត៌មានឱ្យបានជាក់លាក់ទៅដល់ពលរដ្ឋដែលរងផលប៉ះពាល់ លោកមានការបារម្ភទៅលើបញ្ហាទាំងនេះ អ៊ីចឹងការទទួលបានព័ត៌មានជាក់លាក់គឺជារឿងសំខាន់សម្រាប់ពលរដ្ឋ»។
រដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ដោយបានបង្កើតជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងបានអះអាងកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ និងជាម្ចាស់ក្នុងការសាងសង់ព្រែកជីកហ្វូណនដោយមិនធ្វើឱ្យបាត់បង់អធិបតេយ្យជាតិទៅបរទេសណាមួយដូចការចោទប្រកាន់ នោះទេ។ ទោះជាយ៉ាងណា ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែលមាន លោក ពុង ខៀវសែ ជាប្រធាន គឺជាក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគមួយចំណែកធំលើព្រែកជីកហ្វូណនតេជោនេះ។ ក្រុមហ៊ុនអូស៊ីអាយស៊ី មានឈ្មោះល្បីខាងរំលោភសិទ្ធិមនុស្សទាក់ទងនឹងរឿងផ្ដល់សំណងមិនសមរម្យដល់ពលរដ្ឋ ក្នុងរឿងជម្លោះដីធ្លីជាមួយ។ ជាក់ស្ដែងក្រុមហ៊ុននេះកំពុងមានជម្លោះក្នុងរឿងច្បាមយកដីធ្លីពលរដ្ឋនៅខេត្តកណ្ដាល ដើម្បីសាងសង់ប្រលានយន្ដហោះខ្នាតអន្តរជាតិ។ ហើយប្រធានក្រុមហ៊ុននេះ គឺលោក ពុង ខៀវសែ ជាមនុស្សស្និទ្ធនឹងគ្រួសារនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។