ដោយ ប្រាជ្ញ ចេវ
2024.08.27
RFA

យុវជនជាស្ត្រីវ័យក្មេង សកម្មក្នុងការងារសង្គម និងការតស៊ូមតិ ដើម្បីយុត្តិធម៌សង្គម ការពារធនធានធម្មជាតិ និងបរិស្ថាន ដែលអាជ្ញាធរជាប់ដាក់ពន្ធនាគារ។ រូប៖ ហ្វេសប៊ុក
អ្នកឃ្លាំមើលថា រដ្ឋាភិបាលគួរលើកទឹកចិត្តដល់ស្ត្រីវ័យក្មេង ដែលចូលរួមការងារសង្គមឱ្យបានច្រើន ជាជាងចាប់ពួកគាត់ដាក់គុក ដើម្បីបំបាក់ស្មារតី។ ពួកគាត់ថា ការធ្វើបែបនេះ ពុំផ្ដល់ផលចំណេញ អ្វីដល់កម្ពុជានោះទេ ផ្ទុយទៅវិញ កម្ពុជាកាន់តែមានឈ្មោះមិនល្អ ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស។
បើទោះជាកម្ពុជាដឹកនាំតាមរបបប្រជាធិបតេយ្យ ក៏ការអនុវត្តជាក់ស្ដែង រដ្ឋាភិបាលមិនបានអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យនៅឡើយ។ រដ្ឋាភិបាល បានចាប់ពលរដ្ឋដាក់គុកតាមទំនើងចិត្តដោយសារតែការបញ្ចេញមតិ ឈឺឆ្អាលរឿងសង្គម នយោបាយ និងបញ្ហាបរិស្ថាន ជាដើម ក្នុងនោះស្ត្រីវ័យក្មេងចំនួន ៩នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» និងបទ «ញុះញង់» ដែលត្រូវជាប់ពន្ធនាគារចន្លោះពី ២ឆ្នាំ ដល់ ១០ឆ្នាំ បើសិនជាតុលាការរកឃើញថា ពួកគេបានប្រព្រឹត្តល្មើស។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បណ្ឌិត សេក សុជាតិ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៦ ខែសីហា ថា ការចាប់ខ្លួនសកម្មជនសង្គម និងយុវជនជាស្ត្រី គឺជារូបភាពគំរាមកំហែង បំបាក់ស្មារតី ព្រោះថា ពួកគាត់ទាំងនោះពុំបានប្រព្រឹត្តកំហុសអ្វីធ្ងន់ធ្ងរនោះទេ ហើយ បើពិនិត្យមើលបទចោទព្រហ្មទណ្ឌ «រួមគំនិតក្បត់» នេះទៀតសោត ជាបទចោទធ្ងន់ធ្ងរណាស់ សម្រាប់យុវជនជាស្ត្រី ដែលភាគច្រើនមានវ័យក្មេង ហើយកំពុងតែសិក្សានៅសាកលវិទ្យាល័យនៅឡើយ។
គិតត្រឹមខែកក្កដា ដល់ខែសីហា មានយុវជនជាស្ត្រីវ័យក្មេង ចំនួន ៩នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងនោះ មាន សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិចំនួន២នាក់ គឺ កញ្ញា ឡុង គន្ធា និង កញ្ញា ភួន កែវរស្មី ដែលត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ អំពីបទ រួមគំនិតក្បត់ ពាក់ព័ន្ធនឹងសកម្មភាពការពារធនធានធម្មជាតិ។ ចំណែក សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កញ្ញា ភឹង សោភា ក៏ត្រូវបានចាប់ខ្លួន និងចោទអំពីបទញុះញង់ កាលពីថ្ងៃទី២៣ កក្កដា ក្រោយពីបញ្ចេញមតិ អំពីគុណសម្បត្តិ និងគុណវិបត្តិ នៃ គម្រោងកិច្ចសហប្រតិបត្តិតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។
បន្ថែមពីនេះ កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ខែសីហា មានយុវជនជាស្ត្រី ៧នាក់ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅឃុំនៅពន្ធនាគារ។ ក្នុងនោះ សមាជិកសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ៥នាក់ រួមមាន កញ្ញា រៀម ស្រី ពេជ្ររតនា កញ្ញា កាត់ ស៊ីណាត កញ្ញា នឿន ស្រីណែត កញ្ញា សើន ស្រីម៉ៃ និងយុវតីម្នាក់ទៀត គឺកញ្ញា ឡាច ធីណា ត្រូវបានដោះលែង ក្រោយពេលសុំទោសលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត។ ចំណែកបុគ្គលិកអង្គការ កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) គឺអ្នកស្រី សាក់ កន្និការ និងយុវជនស្ម័គ្រចិត្ត លើកិច្ចការសង្គម កញ្ញា ចៀន សុណា ក៏ត្រូវបានចាប់ខ្លួនដែរ។ អ្នកទាំងនេះ គឺជាស្ត្រីវ័យក្មេង ដែលមានវ័យចន្លោះ ២១ឆ្នាំ ដល់ ៣៣ឆ្នាំ ។
កាលនៅមានសេរីភាព ពួកគាត់តែងតែឆ្លៀតពេលចូលរួមកិច្ចការសង្គមក្រោយទំនេរពីការសិក្សា និងការងាររកប្រាក់បំណុល ដូចជា ការរៀបចំសិក្ខាសាលា វគ្គបណ្ដុះបណ្ដាល ស្ដីពីបញ្ហាសិទ្ធិមនុស្ស បរិស្ថាន និងប្រជាធិបតេយ្យជាដើម រួមទាំងដឹកនាំយុវជនផ្សេងទៀត ចុះសិក្សាស្វែងយល់ អំពីធនធានធម្មជាតិនៅតំបន់ព្រៃឡង់ និងតំបន់ការពារផ្សេងៗ។
ការចាប់ខ្លួនយុវជនស្ត្រីវ័យក្មេង៧ នាក់ ខាងលើនេះ ធ្វើឡើងអំឡុងពេលដែលរដ្ឋាភិបាលបើកយុទ្ធនាការបង្ក្រាប និងចាប់ខ្លួនប្រជាពលរដ្ឋ ឬយុវជនណា ដែលចូលរួមតវ៉ា និងទាមទាររដ្ឋាភិបាល ឱ្យដកខេត្តខ្មែរ៤ ចេញពីគម្រោងកិច្ចសហប្រតិបត្តិតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) កាលពីថ្ងៃទី១៨ ខែសីហា។ ទោះជាយ៉ាងណាក្ដី យុវជន ដែលត្រូវបានចាប់ខ្លួននោះ ពុំបានពាក់ព័ន្ធនឹងគម្រោងចូលរួមធ្វើបាតុកម្មប្រឆាំងនឹងរឿង CLV នោះឡើយ។
វិទ្យុអាស៊ីសេរីពុំអាចទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និង ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា រួមនឹង អ្នកនាំពាក្យក្រសួងកិច្ចការនារី អ្នកស្រី ស ស៊ីណែត ដើម្បីសុំការឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៧ ខែសីហា។
គិតត្រឹមថ្ងៃទី២៧ ខែសីហា យុវជនជាស្ត្រីទាំង ៩នាក់ ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារដាច់ដោយឡែកពីគ្នា។ ជាក់ស្ដែង សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ កញ្ញា ឡុង គន្ធា ជាប់ពន្ធនាគារនៅខេត្តព្រះវិហារ ចំណែកកញ្ញា ភួន កែវរស្មី នៅខេត្តពោធិ៍សាត់។ រីឯសមាជិកសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ រួមមាន កញ្ញា រៀម ស្រីពេជ្ររតនា កញ្ញា កាត់ ស៊ីណាត កញ្ញា នឿន ស្រីណែត កញ្ញា សើន ស្រីម៉ៃ និង បុគ្គលអង្គការកម្មវិធីអភិវឌ្ឃន៍ធនធានយុវជន អ្នកស្រី សាក់ កន្និការ និងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កញ្ញា ភឹង សោភា កំពុងជាប់ឃុំនៅពន្ធនាគារ ម២ រាជធានីភ្នំពេញ។ ចំណែក កញ្ញា ចៀន សុណា ជាប់ពន្ធនាគារនៅខេត្តកណ្ដាល។
អ្នកឃ្លាំមើល សិទ្ធិមនុស្ស និងសង្គម លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការចាប់ខ្លួនសកម្មជនយុវជនសង្គម និងយុវជនជាស្ត្រី នេះ គឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងធ្វើឱ្យកម្ពុជាឆ្ពោះទៅរករបបផ្ដាច់ការ។ លោកបន្តថា កម្ពុជាពុំទទួលបានផលចំណេញអ្វី ដល់ប្រទេសជាតិ ក្រោយពី ការបង្ក្រាប ធ្វើទុក្ខបុកម្នេញលើយុវជនជាស្ត្រីនោះឡើយ ផ្ទុយទៅវិញ បន្សល់នូវភាពអាត្មានិយមរបស់មេដឹកនាំបច្ចុប្បន្ន។
លោក ស៊ឹង សែនករុណា លើកឡើងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកសង្កេតឃើញថា ការចូលរួមការងារសង្គមរបស់ស្ត្រីពិតជាសំខាន់ណាស់ ក្នុងការតស៊ូមតិ ដើម្បីយុត្តិធម៌សង្គម និង ប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា។ លោកថា យុវជនទាំងនេះ ភាគច្រើន ជាអ្នកកើតចេញពីគ្រួសារក្រីក្រ ដែលយល់ពីទុក្ខលំបាក និងមានសក្ដានុពល ខ្វល់ខ្វាយរឿងជាតិ មាន ក្រមសីលធម៌ខ្ពស់ ប្រកាន់នូវគោលការណ៍អហិង្សានិយម ដូច្នេះ ការដែលតុលាការ ចោទប្រកាន់ ពាក់ព័ន្ធបទរួមគំនិតណាមួយនោះ វាពុំឆ្លុះបញ្ចាំងស្មារតីច្បាប់ពិតប្រាកដឡើយ។
រហូតមកដល់ពេលនេះ មានអ្នកទោសមនសិការ ចំនួន ៧២នាក់ ត្រូវបានចាប់ខ្លួន។ ក្នុងនោះស្ត្រី ១៦នាក់។ អ្នកការពារសិទ្ធិមនុស្សអំពាវនាវដល់រដ្ឋាភិបាលឱ្យដោះលែងពលរដ្ឋ ដែលអនុវត្តសិទ្ធិបញ្ចេញមតិ រួមទាំងយុវជនជាស្ត្រីទាំង ៩នាក់ ឲ្យមានសេរីភាពឡើងវិញ ដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។