ដោយ សុ ជីវី
2024.08.27
RFA

លោក អាន់ឌ្រូ អិម សូជីម៉ូតូ (Andrew M. Sugimoto) មេបញ្ជាការរងឆ្មាំសមុទ្រអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក។ រូប៖ គេហទំព័រ U.S Department of State
មេបញ្ជាការរងឆ្មាំសមុទ្រអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ស្នើកម្ពុជាបង្ហាញតម្លាភាពលើការអភិវឌ្ឍន៍មូលដ្ឋានទ័ពជើងទឹករាម ខណៈដែលសហរដ្ឋអាមេរិកព្រួយបារម្ភថា មូលដ្ឋានទ័ពជើងទឹកនេះ អាចនឹងត្រូវផ្ដល់ឱ្យប្រទេសចិនប្រើប្រាស់ ដើម្បីបម្រើមហិច្ឆតាយោធាចិន ក្នុងពេលចិន ក៏ជាម្ចាស់បំណុលធំបំផុតរបស់កម្ពុជា។ អ្នកវិភាគថា រដ្ឋាភិបាលគួរបង្ហាញតម្លាភាព ដើម្បីបំបាត់មន្ទិលសង្ស័យទាំងឡាយរបស់សហគមន៍អន្តរជាតិ។
មេបញ្ជាការរងឆ្មាំសមុទ្រអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក លោក អាន់ដ្រូ អិម សូជីម៉ូតូ (Andrew M. Sugimoto) ប្រាប់វិទ្យុអាស៊ីសេរីតាមរយៈសន្និសីទសារព័ត៌មានតាមអនឡាញ នៅថ្ងៃទី២៧ ខែសីហា ថា សហរដ្ឋអាមេរិកនៅតែព្រួយបារម្ភកាន់តែខ្លាំង អំពីសកម្មភាព ដែលចិនបានធ្វើនៅប្រទេសផ្សេងទៀត។ លោកថា កន្លងមករដ្ឋាភិបាលចិនបានផ្ដល់ប្រាក់កម្ចីទៅប្រទេសមួយចំនួន ដែលក្រីក្រ និងមិនមានលទ្ធភាពសងបំណុលត្រឡប់ទៅចិនវិញ។
លោក អាន់ដ្រូ អិម សូជីម៉ូតូ បន្ថែមថា នៅពេលដែលប្រទេសណាមួយមិនមានលទ្ធភាពសងបំណុលទៅប្រទេសចិនវិញ នោះនឹងធ្វើឱ្យប្រទេសចិនឆ្លៀតឱកាសបញ្ចេញឥទ្ធិពលរបស់ខ្លួននៅក្នុងផ្នែកសេដ្ឋកិច្ច និងនយោបាយ ហើយទីបំផុត ចិនមានឱកាសកាន់កាប់ទឹកដីនៅក្នុងប្រទេសផ្សេងទៀត ដូចជា កំពង់ផែជាដើម ។
លោក អាន់ដ្រូ អិម សូជីម៉ូតូ៖ «បាទប្រសិនបើកម្ពុជាបាត់បង់មូលដ្ឋានទ័ពជើងទឹករាម ហើយមូលដ្ឋាននោះក្លាយជារបស់ចិននោះ វាជាការបាត់បង់របស់កម្ពុជា ហើយយើងគិតថា វាមិនត្រឹមត្រូវទេ»។
រូបភាពផ្កាយរណប ដែលវិទ្យុអាស៊ីសេរីទទួលបានពីក្រុមហ៊ុនអាមេរិក ផ្លែនណិត លែបស៍ (Planet Labs) កាលពីខែមិថុនា បង្ហាញថា នៅភាគខាងត្បូងមូលដ្ឋានទ័ពរាម ផែសំចតស្ងួតថ្មីនេះ មានប្រវែងប្រហែល ១៤០ម៉ែត្រ ត្រូវបានសាងសង់ឡើងកាត់ទទឹងឆ្នេរ និងស្ថិតនៅក្បែរផ្លូវជម្រាលមួយ។ ចំណែកផែមួយទៀត មានប្រវែង ២៧០ម៉ែត្រ ត្រូវបានសាងសង់តាមបណ្ដោយឆ្នេរ។
ចំពោះការព្រួយបារម្ភរបស់មន្ត្រីយោធាជាន់ខ្ពស់អាមេរិកជាថ្មីទៀតនៅពេលនេះ វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបពីលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបាននៅឡើយទេ នៅថ្ងៃទី២៧ ខែសីហា។ ប៉ុន្តែកន្លងមក រដ្ឋាភិបាលកម្ពុជាតែងតែប្រកាសថា មូលដ្ឋានទ័ពជើងទឹករាម ត្រូវបានធ្វើទំនើបកម្មសម្រាប់បម្រើឱ្យផលប្រយោជន៍យោធាកម្ពុជា មិនមែនសម្រាប់បម្រើមហិច្ឆតាយោធាចិន ឬធ្វើជាមូលដ្ឋានទ័ពរបស់ចិននោះទេ។
អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក លោក សេង វ៉ាន់លី មានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ សហរដ្ឋអាមេរិកបានរកឃើញភស្តុតាងស៊ីចង្វាក់ដែលអាចបង្ហាញថា កម្ពុជាកំពុងអនុញ្ញាតឱ្យនាវាចិនចូលប្រើប្រាស់កំពង់ផែរាម។ លោកថា រដ្ឋាភិបាលគួរបង្ហាញតម្លាភាព ដើម្បីបំបាត់នូវមន្ទិលសង្ស័យទាំងឡាយ ដើម្បីឱ្យស្របនឹងច្បាប់កំពូលរបស់ជាតិ ដែលមិនអនុញ្ញាតឱ្យកងទ័ព ឬមូលដ្ឋានទ័ពបរទេសនៅលើទឹកដីកម្ពុជា។
លោក សេង វ៉ាន់លី៖ «ប៉ុន្តែ បើយើងនិយាយពីសកម្មភាព នៃការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសហប្រតិបត្តិការរវាងប្រទេសទាំងពីរហ្នឹង វាកើនឡើងពិតប្រាកដមែន ហើយសកម្មភាពយោធារបស់ចិន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ានជារួម ជាពិសេស នៅដែនសមុទ្រចិនខាងត្បូង មានការកើនឡើងគួរឱ្យកត់សម្គាល់»។
អ្នកវិភាគខាងយោធាអាមេរិកលោក ថូម៉ាស ស៊ូហ្កាត (Thomas Shugart) លើកឡើងនាពេលថ្មីៗ នេះថា មូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា បានសាងសង់ផែសំចតស្ងួតថ្មីមួយ ដែលអាចប្រើប្រាស់សម្រាប់ការចូលចតរបស់នាវាមុជទឹកចិន។ អ្នកវិភាគមកពីមជ្ឈមណ្ឌលសន្តិសុខអាមេរិកថ្មី (Center for a New American Security) រូបនេះបន្តថា ផែសំចតស្ងួតថ្មីនេះ រួមទាំងផែមួយទៀត ហាក់ត្រូវបានសាងសង់រួចរាល់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។