CIC ​និង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ថា​លោកស្រី ​ពេជ្រ ចន្ទមុន្នី​ មិនជាប់​ពាក់ព័ន្ធ​នឹង​លោក​ គុយ វ៉ាត

កម្ពុជា
28/08/2024 – 13:18
ដោយ៖ ញឹម សុផល
RFI

ក្រុមហ៊ុន ​ខេមបូឌាន ​អ៊ិនវេសស្ទ័រ ​ឃែភីថល ​ផាតនើរ​ (CIC) និង​អ្នកនាំពាក្យ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​បានចេញមក​ប្រកាសថា ​លោកស្រី ​ពេជ្រ ចន្ទមុនី្ន ​ភរិយាលោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​មិនជាប់​ពាក់ព័ន្ធនឹង​លោក ​គុយ វ៉ាត ​ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុងសំណុំរឿង​ចេញសែក​គ្មាន​ទឹកប្រាក់​នោះទេ​។ ​សេចក្តីប្រកាស​របស់ ​CIC និង​ខុទ្ទការល័យ​នាយករដ្ឋមន្ត្រី​ធ្វើឡើង​បន្ទាប់ពី​កាសែត ​The Cambodia Daily ​បានផ្សាយ​សម្តី​អ្នកវិភាគ​លោក ​គឹម សុខ ​ដែលសុំឲ្យ​មានការ​ស៊ើបអង្កេត​ដោយ​តម្លាភាព​លើលោក​ គុយ វ៉ាត​។


គណៈកម្មការស្តារក្រុមហ៊ុន និងមូលនិធិនៃក្រុមហ៊ុន ខេមបូឌា អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ (CIC) បានបដិសេធយ៉ាងដាច់អហង្ការ និងច្រានចោលទាំងស្រុងលើព័ត៌មានដែលចុះផ្សាយដោយសារព័ត៌មានបរទេស The Cambodia Daily ក្នុងថ្ងៃទី២៧ សីហា។ គណៈកម្មការស្តារក្រុមហ៊ុន CIC យល់ថា ព័ត៌មានចុះផ្សាយដោយ The Cambodia Daily ទាក់ទងនឹងក្រុមហ៊ុនថាមិនពិត និងគ្មានមូលដ្ឋាន។

នៅក្នុងការផ្សាយរបស់ខ្លួននាថ្ងៃទី២៧ សីហា The Cambodia Daily បានដកស្រង់សម្តីអ្នកវិភាគនយោបាយម្នាក់គឺលោក គឹម សុខ ដែលថា លោកស្រី ពេជ្រ ចន្ទមុន្នី ភរិយាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានជាប់ពាក់ព័ន្ធនឹងលោក គុយ វ៉ាត អតីតប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ស៊ី អាយ ស៊ី ផាតនើរ និងព្យាយាមភ្ជាប់សមាជិកគ្រួសារថ្នាក់ដឹកនាំទៅនឹងករណីផ្សេងៗ ដូចជាករណីលោក គុយ វ៉ាត បើទោះណាជាលោកស្រី ពេជ្រ ចន្ទមុន្នី មិនដែលស្គាល់ និងជួបជាមួយលោក គុយ វ៉ាត សូម្បីតែម្តង។

ការលើកឡើងយ៉ាងដូចនេះដោយលោក គឹម សុខ អះអាងពីការមានប្រភពពីផ្ទៃក្នុងរបស់ក្រុមហ៊ុន ស៊ី អាយ ស៊ី ជាច្រើននាក់ដែលប្រាប់លោកថា ករណីលោក គុយ វ៉ាត មានជាប់ពាក់ព័ន្ធនឹងភរិយាលោកនាយករដ្ឋមន្ត្រី។ តែលោក គឹម សុខ ក៏បានបញ្ជាក់ថា លោកមិនទាន់ហ៊ានអះអាងថាជាការពិតនោះទេ។ ទោះយ៉ាងណា កាសែតដកស្រង់សម្តីលោក គឹម សុខ មកផ្សាយបន្តថា ករណីនេះគួរតែមានការស៊ើបអង្កេតដោយឯករាជ្យ និងតម្លាភាពលើលោក គុយ វ៉ាត និងលោកស្រី ពេជ្រ ចន្ទមុន្នី។

ដោយឡែកក្នុងថ្ងៃទី២៨ ខែសីហានេះដែរ ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានចេញសេចក្តីប្រកាសបន្ថែមមួយទៀតដោយទាត់ចោលការចុះផ្សាយរបស់កាសែត The Cambodia Daily។ ក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រីបានលើកយក ៥ចំណុចមកបញ្ជាក់ដែលក្នុងនោះមានខ្លឹមសារច្រានចោលលើការលើកឡើងរបស់លោក គឹម សុខ និងចោទអ្នកវិភាគនយោបាយនៅក្រៅស្រុករូបនេះថាតែងតែប្រឌិតព័ត៌មាន និងមានចេតនាអាក្រក់ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ភរិយាលោក ហ៊ុន ម៉ាណែត និងក្រុមគ្រួសារថ្នាក់ដឹកនាំ។

លោក គុយ វ៉ាត អតីតប្រធានក្រុមប្រឹក្សាភិបាលCIC
លោក គុយ វ៉ាត អតីតប្រធានក្រុមប្រឹក្សាភិបាលCIC © FB

សូមរម្លឹកថា លោក គុយ វ៉ាត ដែលជាម្ចាស់ហាងផាកកាហ្វេ និងជាអតីតប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ស៊ី អាយ ស៊ី ផាតនើរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែសីហាកន្លងទៅពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ឬចេញសែកគ្មានសាច់ប្រាក់។ ក្រៅពីនេះ លោក គុយ វ៉ាត បានរងពាក្យបណ្តឹងជាច្រើនទៀតពាក់ព័ន្ធនឹងអំពើឆបោកលុយរាប់លានដុល្លារ៕

What Next?

Recent Articles