នគរបាល​ម្នាក់​ស្លាប់ និង​មនុស្ស​ម្នាក់ទៀត​រងរបួស​ក្នុងករណី​ផ្ទុះអាវុធ​នៅ​រាជធានី​ភ្នំពេញ

ដោយ ប្រាជ្ញ​ ចេវ
2024.08.29
RFA

មន្ត្រី​នគរបាល​ម្នាក់​ស្លាប់ និង​ជនជាតិ​ចិន​ម្នាក់ទៀត បាន​រង​របួស​ធ្ងន់ ក្នុង​ហេតុការណ៍​បាញ់ប្រហារ​ដោយ​ជនសង្ស័យ​មួយ​ក្រុម បន្ទាប់ពី​មាន​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​២​គ្រឿង​កើតឡើង​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៧ ខែ​សីហា។ ក្រោយពី​ការ​ផ្ទុះ​អាវុធ ក្រុម​ជនសង្ស័យ​ទាំងនោះ បាន​ចាប់ខ្លួន អ្នក​រួម​ដំណើរ​ម្នាក់ទៀត ឡើង​រថយន្ត​មួយ​ផ្សេងទៀត គេចខ្លួន​ចេញពី​ទីតាំង​កន្លែង​កើត​ហេតុ។ មន្ត្រី​សង្គម​ស៊ីវិល ថា ករណីនេះ ជា​អំពើ​ឃោរឃៅ បង្ក​ការភ័យខ្លាច​ដល់​ពលរដ្ឋ។

ហេតុការណ៍​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​កាលពី​យប់​ថ្ងៃទី ២៧ ខែសីហា បាន​កើត​ឡើង​បន្ទាប់ពី​រថយន្ត​ម៉ាក ហ្វត (Ford Ranger) បាន​បុក​ជាមួយ​រថយន្ត​ម៉ាក ម៉ាសេដេស (Mercedes) ក្នុង​ទិសដៅ​ច្រាសទិស​គ្នា នៅ​ទីតាំង​ភូមិ​ក្រពើ​ទ្រោម សង្កាត់​រលួស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ហើយ​មាន​រថយន្ត​ឡង់​គ្រីស័រ​ពណ៌​ស មួយ​គ្រឿង​ទៀត ដែល​ជា​បក្ខពួក​របស់​រថយន្ត​ហ្វត បាន​មក​ឈប់​ពី​ក្រោយ ។ ក្រុម​ជនសង្ស័យ បាន​ចុះ​ពីលើ​រថយន្ត​ឡង់​គ្រីស័រ ហើយ​បាន​ដក​កាំភ្លើង​វែង ខ្លី បាញ់ប្រហារ​ជាច្រើន​គ្រាប់​លើ​រថយន្ត ម៉ាសេដេស ដែល​មាន​អ្នក​ធ្វើដំណើរ​ចំនួន​៣​នាក់ បណ្ដាល​ឲ្យ​មន្ត្រី​នគរបាល នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ម្នាក់ ឈ្មោះ គង់ វុទ្ធី ជា​អ្នកបើកបរ​រថយន្ត បាត់បង់​ជីវិត​ក្រោយពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ និង​ជនជាតិ​ចិន​ម្នាក់ទៀត​រង​របួស​ធ្ងន់ ។ បន្ទាប់មក​ជនសង្ស័យ​ទាំងនោះ បាន​ចាប់ខ្លួន​ជន​ជាតិចិន​ម្នាក់ទៀត ដែល​នៅក្នុង​ឡាន​ម៉ាសេដេស ឡើងលើ​ឡាន ឡង់​គ្រីស័រ (Land Cruiser) និង​បាន​បើក​គេចខ្លួន​ពី​ទីតាំង​កន្លែង​កើតហេតុ។

សាក្សី​មួយចំនួន នៅ​កន្លែង​កើតហេតុ ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ពួកគាត់​បានឮ​សំឡេង​រថយន្ត​បុក​គ្នា ហើយ​បានឃើញ​មនុស្ស​៣​នាក់ ប្រដាប់​ដោយ​កាំភ្លើង បាញ់​សំដៅលើ​រថយន្ត​ម៉ាសេដេស។ ប្រភព​ដដែល​អះអាង​ថា ក្រុម​ជនសង្ស័យ​បាន​ចាប់​អ្នក​ជិះ​ខាងក្រោយ​ឡាន​ម៉ាសេដេស ឡើងលើ​ឡាន ម៉ាក​ឡង់គ្រីស័រ ដែល​ឈប់​ចាំ​នៅ​ខាងក្រោយ រួច​គេច​ចេញពី​កន្លែង​កើត​ហេតុ។

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សំ វិច្ឆិកា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​២៨ ខែ​សីហា។

ប៉ុន្តែ លោក សំ វិច្ឆិកា បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុងស្រុក​នៅ​ថ្ងៃទី ២៨ ខែ​សីហា​ថា ករណី​បាញ់ប្រហារ​ជនរងគ្រោះ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​២៧ ខែ​សីហា ជា​ករណី​ឃាតកម្ម ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ កំណត់​មុខសញ្ញា​ក្រុម​ជនសង្ស័យ ដើម្បី​បន្ត​នីតិវិធី​ច្បាប់។

ជុំវិញ​បញ្ហា​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ហេតុការណ៍​បាញ់ប្រហារ​គ្នា​លើ​ដងផ្លូវ និង​ចាប់​មនុស្ស​ឡើងលើ​រថយន្ត​បែបនេះ គឺ​កំពុងតែ​បង្ក​ភាព​ភ័យខ្លាច​ដល់​ពលរដ្ឋ។ លោក​ស្នើ​ដល់​អាជ្ញាធរ ឲ្យ​ចាត់វិធានការ​ម៉ឺងម៉ាត់​ចំពោះ​ជន​បង្ក និង​អ្នក​ជាប់​ពាក់ព័ន្ធ។

លោក អំ សំអាត៖ «រូបភាព​នៃ​ករណីនេះ គឺជា​រឿង​មួយ ដែល​ធ្វើ​ឲ្យ​មានការ​ភ័យ ហើយ​និង​មានការ​ភ្ញាក់ផ្អើល​ទៅដល់​ប្រជាពលរដ្ឋ បើ​យើង​មើល​ទ្រង់ទ្រាយ​នេះ វា​ហាក់ដូចជា​មិនមែន​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ព្រោះ​ជន​ដែល​ប្រព្រឹត្ត​ហ្នឹង​មាន​កាំភ្លើង​ប្រើប្រាស់​ដោយ​សេរី​តែម្ដង នៅក្នុង​ការ បាញ់បោះ​ដោយ​សារី​បង្ក​ឲ្យ​មនុស្ស​ស្លាប់ និង​រង​របួស»។

លោក អំ សំអាត ថា ហេតុការណ៍​បាញ់​ប្រហារ​នេះ ក៏​បង្ហាញ​ពី​ការគ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​របស់​អាជ្ញាធរ​នៅ​មាន​កម្រិត​ផង​ដេរ។

នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ជនល្មើស ប្រើប្រាស់​អាវុធ​បាញ់បោះ​យ៉ាង​អនាធិបតេយ្យ ។ កន្លងទៅ​ក៏​មាន​ករណី​អតីត​ឧកញ៉ា ស្រី ស៊ីណា បាន​ប្រើ​កាំភ្លើង​បាញ់សម្លាប់​មនុស្ស ២​នាក់ ដែល​ត្រូវជា​គូ​ដណ្ដឹង​នឹង​គ្នា​កាលពី​ចុងខែ​មិថុនា និង​ករណី​បាញ់បោះ​ដោយ​សេរី និង​ការ​ចាប់​ជំរិត ញាត់​មនុស្ស​បញ្ចូល​ឡាន ជាច្រើន​ករណី​ទៀត ដែល​បង្កឡើង​ដោយ​ជន​ជាតិចិន​មួយចំនួន​ក្នុង​ពេល​កន្លង​ទៅ។

អ្នកឃ្លាំមើល លើកឡើង​ថា ហេតុការណ៍​បាញ់បោះ​អានាធិបតេយ្យ ដោយមាន​ការ​ចាប់​មនុស្ស​ញាត់​បញ្ចូល​ឡាន​បែបនេះ នឹង​បង្ក​ការភ័យខ្លាច​ដល់​សន្តិសុខ សុវត្ថិភាព​របស់​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ព្រមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles