មុនចូលកាន់តំណែង អនាគតប្រមុខដឹកនាំឥណ្ឌូណេស៊ីមកបំពេញទស្សនកិច្ចនៅកម្ពុជា

កម្ពុជា
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ
07/09/2024 – 10:19
ដោយ៖ ជួប នរក្សា
RFI

អនាគតប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រ៉ាបូវ៉ូ ស៊ូប៊ីយ៉ាតូ Prabowo Subianto បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា កាលពីថ្ងៃសុក្រទី០៦កញ្ញា។ ការមកបំពេញទស្សនកិច្ចនៅកម្ពុជា ធ្វើឡើងនៅមុនពេលលោកត្រៀមខ្លួនក្លាយជាប្រធានាធិបតីឥណ្ឌូណេស៊ី នាអំឡុងខែតុលាខាងមុខ និងចួនចំពេលដែលឥណ្ឌូណេស៊ីទើបផ្តល់ជំនួយសព្វាវុធដល់កម្ពុជា។ 

មុនចូលកាន់តំណែង អនាគតប្រមុខដឹកនាំឥណ្ឌូណេស៊ីមកបំពេញទស្សនកិច្ចនៅកម្ពុជា


តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត លោកប្រ៉ាបូវ៉ូ ស៊ូប៊ីយ៉ាតូ Prabowo Subianto គូសបញ្ជាក់ពីទំនាក់ទំនងដ៏កក់ក្តៅរវាងកម្ពុជានិងឥណ្ឌូណេស៊ី។ លោក ប្រ៉ាបូវ៉ូ ស៊ូប៊ីយ៉ាតូ Prabowo Subianto បានជួបមេដឹកនាំធំៗរបស់កម្ពុជា រាប់ចាប់តាំងពីប្រមុខរដ្ឋាភិបាល និងប្រធានព្រឹទ្ធសភា។

នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លោក Subianto បានប្តេជ្ញាពង្រឹងទំនាក់ទំនងរវាងឥណ្ឌូណេស៊ី និងកម្ពុជា ឲ្យកាន់តែល្អប្រសើរ។ រីឯប្រមុខរដ្ឋាភិបាលកម្ពុជាវិញបានអះអាងថា វត្តមានរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Subianto នៅកម្ពុជា នឹងចូលរួមពូនជ្រំទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។

នៅក្នុងជំនួបដាច់ឡែករវាងប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែននិង រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត លោក Prabowo Subianto ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាលើវិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ក្នុងន័យនេះ លោក ហ៊ុន សែន បានស្នើលោក Subianto ឱ្យពិចារណាកៀរគរក្រុមហ៊ុនឥណ្ឌូណេស៊ីមកវិនិយោគនៅកម្ពុជា ជាពិសេសការបង្កើតឃ្លាំងទិញប្រមូលស្រូវ ដើម្បីនាំចេញទៅទីផ្សារបរទេស។

គួរកត់សម្គាល់ថា ដំណើរទស្សនកិច្ចរបស់លោក Subianto មកកម្ពុជាពេលនេះ ធ្វើឡើងដោយរំលងតែជាង១សប្តាហ៍ ក្រោយដែលឥណ្ឌូណេស៊ីបានផ្តល់ជំនួយសព្វាវុធតម្លៃជាង៥០ម៉ឺនដុល្លារដល់កម្ពុជា។ ជាជំនួយឥតសំណង ដោយមានជាអាទិ៍ កាំភ្លើងចំនួន១៥០ដើម កាំភ្លើងខ្លីប្រភេទ G2 Elite ចំនួន ២០ ដើម គ្រាប់កាំភ្លើង M16 ចំនួន ៥០ ម៉ឺនគ្រាប់ និងគ្រាប់កាំភ្លើងខ្លីចំនួន ៥០ម៉ឺនគ្រាប់។ ទាក់ទងនឹងការផ្តល់ជំនួយសព្វាវុធរបស់ឥណ្ឌូណេស៊ីដល់កម្ពុជានេះ អ្នកជំនាញកិច្ចការអន្តរជាតិវាយតម្លៃថា ឥណ្ឌូណេស៊ីកំពុងបង្អួតសាច់ដុំរបស់ខ្លួន ក្នុងនាមជាបងធំក្នុងតំបន់អាស៊ីអាគ្នេយ៍។ ម្យ៉ាង វាជាយុទ្ធសាស្ត្រការទូតរបស់ឥណ្ឌូណេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយប្រទេសក្នុងតំបន់។

លោក Prabowo Subiato ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ីមកបំពេញទស្សនកិច្ចនៅកម្ពុជា
លោក Prabowo Subiato ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ីមកបំពេញទស្សនកិច្ចនៅកម្ពុជា © STPM

គួរជម្រាបជូនថា លោកប្រ៉ាបូវ៉ូ ស៊ូប៊ីយ៉ាតូ Prabowo Subianto ជាប្រធានាធិបតីជាប់ឆ្នោត ដែលត្រៀមខ្លួនចូលកាន់តំណែងដឹកនាំឥណ្ឌូណេស៊ី ជាផ្លូវការនៅថ្ងៃទី២៤តុលាខាងមុខនេះ៕

What Next?

Recent Articles