កម្ពុជា
កម្ពុជា-សន្តិសុខ
07/09/2024 – 11:31
ដោយ៖ ជួប នរក្សា
RFI
កម្ពុជា-ចិន បានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហការផ្នែកសន្តិសុខ ដើម្បីទប់ស្កាត់បទឧក្រិដ្ឋកម្មឆ្លងដែន។ ការប្តេជ្ញានេះ ធ្វើឡើងតាមរយៈជំនួបផ្លូវការរវាងលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក វ៉ាង ស៊ាវហុង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៅប្រទេសចិន កាលពីថ្ងៃទី០៦កញ្ញា។
កម្ពុជា-ចិន អះអាងពីការពង្រឹងសហការផ្នែកសន្តិសុខ ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្ម
នៅលើគេហទំព័រក្រុមប្រឹក្សារដ្ឋចិន គេបានចុះផ្សាយថា មេដឹកនាំសន្តិសុខផ្ទៃក្នុង កម្ពុជា-ចិន បានឯកភាពគ្នាលើការកសាងសហគមន៍ចិន-កម្ពុជា ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី។ ពោលគឺ កម្ពុជា-ចិន បានយល់ព្រមព្រៀងគ្នា លើកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខបន្ថែមទៀត ក្នុងការស្វែងរកជនល្មើស និងការធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះ។ គេហទំព័ររបស់ក្រុមប្រឹក្សារដ្ឋចិនមិនបាននិយាយពីការចាប់បញ្ជូនឧក្រិដ្ឋជនចិនពីប្រទេសកម្ពុជា ប៉ុន្តែ គ្រាន់តែបញ្ជាក់ពីការអនុវត្តទៅតាមផ្លូវច្បាប់។
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ភាគីចិនថា កម្ពុជាមានឆន្ទៈក្នុងការពង្រឹងការអនុវត្តច្បាប់រវាងប្រទេសទាំងពីរ ដោយហេតុថា កម្ពុជានិងចិន ជាមិត្តដែកថែប។ នេះបើតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
លោក ស សុខា នៅបានឆ្លៀតអរគុណចិនដែលបានជួយកម្ពុជា តាមរយៈការផ្តល់សម្ភារៈបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងសកម្មភាពឆបោកតាមអនឡាញជាដើម។
បើរដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា កិច្ចសហប្រតិបត្តិផ្នែកការពារសន្តិសុខជាមួយចិន បានជួយកម្ពុជាឱ្យស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆ្លងដែនជាច្រើនករណី ទាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា អំពើជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន។

គួរជម្រាបថា លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ចំនួន៣ថ្ងៃ ដើម្បីចូលរួមកិច្ចប្រជុំវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ២០២៣ រវាងក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណៈរបស់ចិន។
បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងអំពើជួញដូរមនុស្សក្នុងប្រទេសកម្ពុជា កំពុងស្ថិតក្នុងស្ថានភាពដ៏គួរឲ្យបារម្ភ។ ជាក់ស្តែង របាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ២០២៤របស់ក្រសួងការបរទេសអាមេរិក បានបង្ហាញថា កម្ពុជាមិនបានប្រឹងប្រែងទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មនេះឡើយ។ ក្រសួងការបរទេសអាមេរិកបន្តដាក់កម្ពុជាជាប្រទេសជួញដូរមនុស្សចំណាត់ថ្នាក់ទី៣ ដែលជាចំណាត់ថ្នាក់ទាបបំផុតនៅក្នុងបញ្ជី ក៏ដោយសារតែ កម្ពុជាគ្មានឆន្ទៈនយោបាយក្នុងការស្រាវជ្រាវតាមដាន វែកមុខ និងផ្តន្ទាទោសឧក្រិដ្ឋជន ក្រុមទុច្ចរិត និងកង្វះប្រព័ន្ធបង្ការបទល្មើស។
ភាគីកម្ពុជាវិញនិយាយ ថា អាមេរិកមិនដែលជួយកម្ពុជាក្នុងការទប់ស្កាត់បទល្មើសជួញដូរមនុស្សឡើយ។ បើតាមលោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រសួងមហាផ្ទៃតែងតែអំពាវនាវឱ្យអាមេរិកជួយបំពេញបន្ថែមចំណុចខ្វះខាតដោយផ្ដល់ជាមតិ ឬបច្ចេកទេស ប៉ុន្តែ អាមេរិកវិញ បានត្រឹមតែស្រាវជ្រាវចង់បានព័ត៌មានពីភាគីកម្ពុជាតែប៉ុណ្ណោះ។
គួរជម្រាបថា កាលពីថ្ងៃទី១៣ មេសា ឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនជនជាតិចិនដែលជាជនសង្ស័យក្នុងឧក្រិដ្ឋកម្មល្បែងស៊ីសង និងឆបោកអនឡាញដែលឈរជើងនៅខេត្តព្រះសីហនុចំនួន ១៣០នាក់ ត្រលប់ទៅប្រទេសចិនវិញ៕