កូដករណាហ្គាវើលដ៍សង្ឃឹមថា ការដោះលែងកញ្ញា ឈឹម ស៊ីថរ នឹងអាចជួយបិទបញ្ចប់វិវាទការងារ

កម្ពុជា
កម្មករ-កូដករណាហ្គាវើលដ៍
08/09/2024 – 11:47
ដោយ៖ សាំ ឧត្តម
RFI

កូដករណាហ្គាវើលដ៍រំពឹងថា ភាគីថៅកែក្រុមហ៊ុននឹងដោះស្រាយ បិទបញ្ចប់វិវាទការងារដែលបានអូសបន្លាយ ជិត១ពាន់ថ្ងៃមកនេះ។ ក្រុមកូដករចាប់មានក្តីសង្ឃឹមឡើងវិញ ខណៈពេលដែលតុលាការត្រៀមដោះលែងមេដឹកនាំសហជីពណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ចេញពីពន្ធនាគារ នៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៤។

កូដករណាហ្គាវើលដ៍សង្ឃឹមថា ការដោះលែងកញ្ញា ឈឹម ស៊ីថរ នឹងអាចជួយបិទបញ្ចប់វិវាទការងារ


គេនៅពុំទាន់ដឹងច្បាស់ថា តើមេដឹកនាំសហជីពណាហ្គាវើលដ៍កញ្ញា ឈឹម ស៊ីថរ នឹងត្រូវចេញពីពន្ធនាគានៅថ្ងៃណា ក្នុងខែកញ្ញានេះទេ។ ប៉ុន្តែបើតាមការបញ្ជាក់ពីក្រុមកូដករណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ នឹងត្រូវដោះលែងឱ្យមានសេរីភាពឡើងវិញ នៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោយពីជាប់ឃុំអស់រយៈពេល២ឆ្នាំ ក្រោមបទញុះញង់បង្កឱ្យមានវឹកវរធ្ងន់ធរដល់សន្តិសុខសង្គម។

លោក ណាំ ទីវ័ន្ត តំណាងក្រុមកូដករណាហ្គាវើលដ៍បានបង្ហាញក្តីសង្ឃឹមថា វត្តមានរបស់កញ្ញា ឈឹម ស៊ីថរ នឹងអាចជួយជំរុញឲ្យបុគ្គលិក និងថ្នាក់ដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ អាចត្រលប់ចូលធ្វើការងារវិញបាន និងថា មេដឹកនាំសហជីពរូបនេះនឹងជួយការពារផលប្រយោជន៍ជូនកម្មករទាំងអស់របស់ក្រុមហ៊ុនណាហ្គាវើលដ៍។

យ៉ាងណាក៏ដោយ តំណាងកូដកររូបនេះនៅតែប្រកាសរក្សា​ជំហរតវ៉ាដោយសន្តិវិធីដដែល ប្រសិនបើភាគីនិយោជកមិនព្រមចេញមុខដោះស្រាយបញ្ចប់វិវាទការងារដ៏រុំាំរ៉ៃមួយនេះ។

ចំណែក អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជាបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFIថា អ្នកស្រីមិនរំពឹងឡើយថា ថៅកែក្រុមហ៊ុនមានឆន្ទៈដោះស្រាយបញ្ចប់វិវាទជាមួយកូដករ។ តាម អ្នកស្រី អ៊ូ ទេពផល្លីន ថៅកែរបស់ណាហា្គវើល៍ គ្មានឆន្ទៈតាំងពីដំបូងទី។ ដូច្នេះ ទោះបីកញ្ញា ឈឹម ស៊ីថរ ចេញពីពន្ធនាគារវិញក៏ដោយក្តី ដំណោះស្រាយសម្រាប់កូដករណាហ្គាវើលដ៍នឹងមិនអាចទៅរួចនោះទេ ប្រសិនបើស្ថាប័នពាក់ព័ន្ធ ពិសេសពីខាងរដ្ឋាភិបាលមិនលូកដៃជួយរឿងនេះ ។

កូដករណាហ្គាវើលដ៍ម្នាក់លើកបដារូបម្ចាស់ក្រុមហ៊ុនណាហ្គវើលដ៍
កូដករណាហ្គាវើលដ៍ម្នាក់លើកបដារូបម្ចាស់ក្រុមហ៊ុនណាហ្គវើលដ៍ REUTERS – CINDY LIU

គួរបញ្ជាក់ថា នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ ការតវ៉ាទាមទាររកដំណោះស្រាយពីថៅកែក្រុមហ៊ុនណាហ្គាវើលដ៍នឹងឈានដល់១ពាន់ថ្ងៃហើយ ពោលគឺមានរយៈពេល២ឆ្នាំ ៨ខែនិង២៦ថ្ងៃ។ ក្រុមកូដករណាហ្គាវើលដ៍ នៅតែទាមទារលក្ខខណ្ឌ៨ចំណុចពីថៅកែនិយោជកដដែលដោយគ្មានការផ្លាស់ប្តូរ។ លក្ខខណ្ឌទាំងនោះមានជាអាទិ៍ ការស្នើឱ្យភាគីនិយោជកទទួលយកថ្នាក់ដឹកនាំសហជីព និងសមាជិកឱ្យចូលធ្វើការវិញ ទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ក៏ដូចជាដំឡើងប្រាក់ឈ្នួលគោល៧%លើប្រាក់ឈ្នួលបច្ចុប្បន្ន ជាដើម។

រហូតមកដល់ពេលនេះ ការចេញតវ៉ារបស់កូដករណាហ្គាវើលដ៍ត្រូវបានអ្នកឃ្លាំមើលសង្គមចាត់ទុកថា ជាការសម្តែងមតិដោយអហិង្សាដើម្បីស្វែងរកយុត្តិធម៌ បន្ទាប់ពីថៅកែក្រុមហ៊ុនបានបញ្ឈប់បុគ្គលិកដោយគ្មានការទូទាត់សំណងឱ្យបានសមរម្យ។ ប៉ុន្តែផ្ទុយពីការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិល អាជ្ញាធរបានចាត់ទុកការតវ៉ារបស់កូដករថា ជាអំពើខុសច្បាប់ និងបានចោទប្រកាន់ថែមថា ការចេញធ្វើកូដកម្មនេះ គឺដើម្បីបម្រើផលប្រយោជន៍នយោបាយ និងទទួលបានជំនួយពីបរទេស។

សូមជម្រាបថា ក្នុងឆ្នាំ២០២១ ភាគីនិយោជកបានបញ្ឈប់បុគ្គលិកសរុប៦ ១៨១នាក់ ក្នុងនោះ​មានបុគ្គលិកចំនួន២ ៥៧២នាក់ជាសមាជិកសហជីព។ ហេតុផលពីក្រោយការបញ្ឈប់បុគ្គលិកបែបនេះ ក្រុមហ៊ុនបានអះអាថា ខ្លួនបានខាតបង់ប្រាក់ចំណូលជាច្រើនដោយសារវិបត្តិកូវីដ១៩។ ដោយឡែកគិតត្រឹមខែមករា ឆ្នាំ២០២៤ ក្រសួងការងារបានឱ្យដឹងថា នៅសល់តែកូដករចំនួន៨០នាក់ប៉ុណ្ណោះមិនទាន់យល់ព្រមទទួលយកការទូទាត់សំណង់របស់ក្រុមហ៊ុន៕

What Next?

Recent Articles