កម្ពុជា
កម្ពុជា-គណបក្សនយោបាយ
20/09/2024 – 12:56
ដោយ៖ សឹម ចាន់សំណាង
RFI
សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២០ កញ្ញានេះបានចេញដីកាសម្រេចលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិឲ្យនៅក្រៅឃុំ និងស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។ លោក រ៉ុង ឈុន ត្រូវបានតុលាការក្រុងភ្នំពេញដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ «ការមិនរាងចាលក្នុងបទមជ្ឈឹម បន្ទាប់ពីផ្អាកទោសមជ្ឈឹម និងពីបទញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលប្រព្រឹត្តិនៅកម្ពុជាក្នុងឆ្នាំ២០២៤។
តុលាការក្រុងភ្នំពេញសម្រេចឲ្យលោក រ៉ុង ឈុន នៅក្រៅឃុំ និងស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ
តាមដីកាសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី២០កញ្ញានេះ លោក រ៉ុង ឈុន ត្រូវឱ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដើម្បីធានាដល់ការស៊ើបសួរ និងបង្ការមិនឲ្យរត់គេចខ្លួន ឬធ្វើសកម្មភាពផ្សេងៗប៉ះពាល់ដល់ការស៊ើបសួរ។ ក្នុងដីកាសម្រេចរបស់តុលាការ លោក រ៉ុង ឈុន មិនត្រូវចាកចេញក្រៅប្រទេសកម្ពុជា និងមិនត្រូវផ្លាស់ប្តូរលំនៅឋាន ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ។ ទីប្រឹក្សាគណបក្សកម្លាំងជាតិរូបនេះត្រូវចូលបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ក្នុងរយៈ ១ខែម្តងក្នុងសប្តាហ៍ទី៤នៃខែនីមួយៗ។ ជាងនេះទៅទៀត លោករ៉ុង ឈុន ហាមមិនឱ្យជួបបុគ្គលមួយចំនួនដែលអាចនាំឲ្យប្រព្រឹត្តបទល្មើសដដែល ឬបទល្មើសថ្មីផ្សេងទៀត និងត្រូវឆ្លើយតបការកោះហៅពីគ្រប់បុគ្គលដែលចាត់តាំងដោយចៅក្រមស៊ើបសួរ។
នៅក្រោយការបំភ្លឺនៅតុលាការ លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិបានលើកឡើងថា ការសម្រេចរបស់តុលាការយ៉ាងដូច្នេះនឹងធ្វើឱ្យសកម្មភាពនយោបាយរបស់លោកកាន់តែមានភាពចង្អៀត។ ដើម្បីចៀសវាងការចាប់ឃុំខ្លួនដោយប្រការណាមួយ លោក រ៉ុង ឈុនបានអះអាងថា លោកនឹងទៅពិភាក្សាជាមួយមេធាវីការពារសិទ្ធិរបស់លោកដើម្បីជៀសវាងការប្រព្រឹត្តិសកម្មភាពទាំងឡាយណាដែលបំពានបម្រាមតុលាការ។
បន្ថែមពីប្រតិកម្មទៅនឹងសេចក្តីសម្រេចរបស់តុលាការ លោក រ៉ុង ឈុន យល់ថាលោកក៏កំពុងរងការបំពានសិទ្ធិបញ្ចេញមតិពីព្រោះ បើតាមលោក រ៉ុង ឈុន ចៅក្រមស៊ើបសួរបានសួរនាំលោកអំពីការធ្វើអត្ថាធិប្បាយជាមួយសារព័ត៌មានជុំវិញវត្តមានរបស់អតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន ដែលចុះទៅតាមបន្ទាត់ព្រំដែន ព្រមទាំងព័ត៌មានស្តីពីការដែលលោកចុះសួរនាំពលរដ្ឋរស់នៅតំបន់បឹងតាមោក ពលរដ្ឋរស់នៅក្បែរព្រលានយន្តហោះភ្នំពេញថ្មី និងស្តីពីការដែលលោកទៅសម្ពោធទីស្នាក់ការបក្សក្នុងស្រុកកោះធំ។
លោក យី សុខសាន្ត មន្ត្រីជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្សអាដហុកដែលបានចូលរួមតាមដានសវនាការស៊ើបសួរលោក រ៉ុង ឈុន នៅព្រឹកថ្ងៃទី២០កញ្ញាមើលឃើញថា ការកោះហៅលោក រ៉ុង ឈុន ឲ្យចូលបំភ្លឺចំពោះបទចោទ «មិនរាងចាល និងញុះញង់» ជាការរិតត្បិតសេរីភាពនៃការបញ្ចេញមតិបន្ថែមនៅក្នុងប្រទេសកម្ពុជា។ ក្នុងន័យនេះ លោក យី សុខសាន្ត បានស្នើយ៉ាងទទូចទៅកាន់រដ្ឋាភិបាលឲ្យបើកលំហសេរីភាពក្នុងការបញ្ចេញមតិ ដោយលោកសម្អាងថាពាក្យសម្តីរបស់អ្នកនយោបាយគណបក្សជំទាស់គួរត្រូវបានចាត់ទុក ជាកញ្ចក់ឆ្លុះបញ្ចាំងសកម្មភាពនានាក្នុងសង្គម។

គួរបញ្ជាក់ដែរថា កាលពីខែកក្កដា ឆ្នាំ២០២០ លោក រ៉ុង ឈុន ត្រូវបានតុលាការឃុំខ្លួន ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ក្រោយនិយាយរិះគន់ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមក្នុងខេត្តត្បូងឃ្មុំ។ បន្ទាប់មកគឺនៅខែវិច្ឆិកា ឆ្នាំ២០២១ សាលាឧទ្ធរណ៍បានសម្រេចដោះលែង បន្ទាប់ពីលោក រ៉ុង ឈុន ជាប់ពន្ធនាគាររយៈពេល ១៥ខែ និង១១ថ្ងៃនៃរយៈពេលឃុំខ្លួនសរុបចំនួន ២៤ខែ និងទោសដែលនៅសល់ត្រូវបានព្យួរ៕