តុលាការអូស្ត្រាលីកាត់ទោសកូនមន្ត្រីក្រសួងមហាផ្ទៃម្នាក់ឱ្យជាប់គុក១២ឆ្នាំ ក្រោយបុកមនុស្សស្លាប់២នាក់

កម្ពុជា
កម្ពុជា-សង្គម
ដោយ៖ សាំ ឧត្តម
RFI

កូនប្រុសរដ្ឋលេខាធិការក្រសួងមហាផ្ទៃម្នាក់ឈ្មោះ ឌឿន ឧត្តម ត្រូវបានតុលាការរដ្ឋវិចតូរៀអូស្ត្រាលីសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលជាង១២ឆ្នាំ បន្ទាប់ពីរូបគេបានបើកឡានបុកមនុស្សស្លាប់២នាក់ ក្នុងប្រទេសអូស្ត្រាលី កាលពីថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២៣។ បណ្តាញសារព័ត៌មានក្នុងប្រទេសអូស្ត្រាលីជាច្រើនបានរាយការណ៍ថា កូនប្រុសរដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ នឹងត្រូវបណ្តេញចេញពីប្រទេសអូស្ត្រាលី និងហាមមិនឱ្យចូលទឹកដីប្រទេសអូស្ត្រាលីអស់មួយជីវិត ក្រោយអនុវត្តទោសចប់ជាស្ថាពរ។

តុលាការអូស្ត្រាលីកាត់ទោសកូនមន្ត្រីក្រសួងមហាផ្ទៃម្នាក់ឱ្យជាប់គុក១២ឆ្នាំ ក្រោយបុកមនុស្សស្លាប់២នាក់


យោងតាមកាសែត9 News Melbourne តុលាការរដ្ឋវិចតូរៀនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤បានកាត់ទោស លោក ឌឿន ឧត្តម អាយុ២៥ឆ្នាំ កូនប្រុសលោក ឌឿន សុវណ្ណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃឱ្យជាប់ពន្ធនាគារ ក្នុងប្រទេសអូស្ត្រាលី រយៈពេល១២ឆ្នាំ ៩ខែ ក្រោមបទចោទបើកបរបណ្តាលឱ្យមានមនុស្សស្លាប់។ ក្នុងសេចក្តីសម្រេចរបស់តុលាការ ឌឿន ឧត្តមត្រូវអនុវត្តទោសយ៉ាងហោចណាស់៨ឆ្នាំទើបអាចស្នើសុំសិទ្ធរស់នៅក្រៅឃុំបាន។

គួររំលឹកជូនថា កាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ឌឿន ឧត្តម បានបើកឡានប្រភេទ BMW ធ្វើដំណើរឆ្ពោះទៅកាន់ផ្លូវបំបែកមួយ ដែលស្ថិតតំបន់ Caulfield South ភាគអាគ្នេយ៍ទីក្រុងមែលប៊ន ក្នុងល្បឿនប្រមាណ២០០គីឡូម៉ែត្រក្នុងមួយម៉ោង។ មិនដល់១នាទីផង រថយន្តរបស់ឌឿន ឧត្តមបានបុកពេញទំហឹង រថយន្តរបស់ប្តីប្រពន្ធជនជាតិនេប៉ាល់២នាក់បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

បើតាមកាសែត9 News Melbourne រថយន្តរបស់ ឌឿន ឧត្តម បានបើកបំពានភ្លើងស្តុបពណ៌ក្រហម និងបើកហួសល្បឿនកំណត់ ត្រឹម៧០គីឡូម៉ែត្រក្នុងមួយម៉ោង។ លើសពីនោះ ឌឿន ឧត្តម បានបើកបរក្នុងស្ថានភាពស្រវឹង ក្នុងកម្រិត0.០១៦មីលីក្រាមក្នុងមួយលីត្រខ្យល់ ហើយពុំមានប័ណ្ណបើកបរឡើយ។

គួរជម្រាបថា ប្តីប្រពន្ធជនជាតិនេប៉ាល់ដែលបានស្លាប់ក្នុងឧបទ្ទេវហេតុកាលពីជាង១ឆ្នាំមុននេះ គឺមានឈ្មោះថា Santosh Adhikari អាយុ៣២ឆ្នាំជាស្វាមី និង Pratima Thapa Adhikari អាយុ២២ឆ្នាំជាភរិយា។ ផ្អែកតាមកាម៉េរ៉ាសុវត្ថិភាពនៅតំបន់កើតហេតុ រថយន្តរបស់ប្តីប្រពន្ធជនជាតិនេប៉ាល់បានក្រឡាប់ជាច្រើនជុំ និងខ្ទេចគ្មានសល់អ្វីឡើយ។

លោក ឌឿន ឧត្តម​ កូនប្រុសលោក ឌឿន សុវណ្ណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃដើរចេញពីតុលាការរដ្ឋវិចតូរៀ ប្រទេសអូស្ត្រាលី
លោក ឌឿន ឧត្តម​ កូនប្រុសលោក ឌឿន សុវណ្ណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃដើរចេញពីតុលាការរដ្ឋវិចតូរៀ ប្រទេសអូស្ត្រាលី © 7News

ក្នុងដំណើរការសាកសួរចម្លើយ ឌឿន ឧត្តម បានទទួលស្គាល់កំហុសរបស់ខ្លួនថា ពិតជាបានបើកបរក្នុងល្បឿនដ៏លឿនមែន។ ប៉ុន្តែគេពុំគិតថា នឹងមានហេតុការណ៍បែបនេះកើតឡើងនោះទេ។ តែទោះយ៉ាងណា ឌឿន ឧត្តម ដែលជានិស្សិតផ្នែកគិលានុបដ្ឋាយិការូបនេះនឹងត្រូវបណ្តេញចេញពីប្រទេសអូស្ត្រាលី និងដាក់បំរាមមិនឱ្យចូលទឹកដីអូស្ត្រាលីអស់មួយជីវិត នៅក្រោយអនុវត្តទោសចប់ នៅអូ​ស្ត្រាលី។

សូមជម្រាបថា គិតមកទល់ពេលនេះគេនៅពុំទាន់ដឹងថាតើក្រុមគ្រួសាររបស់ ឌឿន ឧត្តម នឹងត្រូវបង់សងជម្ងឺចិត្តដល់ក្រុមហ៊ុនគ្រួសារជនរងគ្រោះក្នុងទំហំទឹកប្រាក់ប៉ុន្មាននោះទេ៕

What Next?

Recent Articles