កម្ពុជា
កម្ពុជា-ឧក្រិដ្ឋជនចិន
07/10/2024 – 11:29
ដោយ៖ សាំ ឧត្តម
RFI
គម្រោងរាយការណ៍អំពីឧក្រិដ្ឋកម្ម និងអំពើពុករលួយហៅកាត់ OCCRP បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួយកាលពីថ្ងៃទី ០៤ ខែតុលាដោយបានរកឃើញថា កម្ពុជាកំពុងលាក់បាំងព័ត៌មានពីការផ្តល់សញ្ជាតិឲ្យជនបរទេសដែលជាប់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់។ ការរកឃើញនូវព័ត៌មានមួយនេះ បានធ្វើឡើង OCCRP ទាញក្តីព្រួយបារម្ភចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ក្រុមឧក្រិដ្ឋជនដែលកំពុងធ្វើសកម្មភាពលាងលុយកខ្វក់តាមរយៈការបើកក្រុមហ៊ុនរកស៊ីធំៗក្នុងតំបន់អាស៊ីអាគ្នេយ៍។
OCCRP ថា កម្ពុជាកំពុងលាក់ព័ត៌មានផ្តល់សញ្ជាតិឲ្យជនបរទេសដែលពាក់ព័ន្ធលាងលុយកខ្វក់
តាមគម្រោងរាយការណ៍អំពីឧក្រិដ្ឋកម្ម និងអំពើពុករលួយហៅកាត់ OCCRP មានឧក្រិដ្ឋជនជាច្រើននាក់បានប្រើប្រាស់លិខិតឆ្លងដែនរបស់កម្ពុជាធ្វើសកម្មភាពខុសច្បាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាក់ស្តែងក្នុងឆ្នាំ ២០២៣ កម្ពុជាបានផ្តល់សញ្ជាតិខ្មែរដល់ជនជាតិបរទេសដែលភាគច្រើនជាជនជាតិចិនចំនួនជាង ៦៥០នាក់។ តែតួលេខនេះពុំបានកត់ត្រានៅក្នុងសៀវភៅរាជកិច្ចទេ ពោលគឺមានតែជនបរទេសចំនួន៥នាក់ប៉ុណ្ណោះដែលបានកត់ត្រាថាទទួលបានសញ្ជាតិខ្មែរ។
ភាពមិនប្រក្រតីនេះត្រូវបានលោក Jason Tower ដែលជាអ្នកវិភាគមកពីវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិកអះអាងប្រាប់ OCCRP ថា ព័ត៌មាន និងទិន្នន័យផ្តល់សញ្ជាតិឲ្យជនបរទេសកំពុងត្រូវបានលាក់បាំងពីសំណាក់រដ្ឋាភិបាលកម្ពុជា។
ការណ៍នេះបានជំរុញឱ្យក្រុមឧក្រិដ្ឋជនទាំងនោះងាយស្រួលរត់គៀចពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ច។ ព័ត៌មានដែលលាតត្រដាងដោយ OCCRP ពេលនេះត្រូវបានអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកទូច សុឃៈ យល់ថា OCCRP មានចេតនាមិនល្អដោយបានចូលជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែលជារដ្ឋអធិបតេយ្យ។
សម្រាប់លោក ទូច សុឃៈ កម្ពុជាមិនចាំបាច់ត្រូវផ្សព្វផ្សាយព័ត៌មានណាមួយតាមការចង់បានរបស់បរទេសឡើយ និងថា កម្ពុជាផ្សព្វផ្សាយតែព័ត៌មានណាដែលមានប្រយោជន៍ចំពោះកម្ពុជាប៉ុណ្ណោះ។ តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះដដែល ការផ្តល់សញ្ជាតិដល់ជនបរទេសតែងបានពិនិត្យម៉ត់ចត់ដោយយោងតាមច្បាប់ជាតិ និងអន្តរជាតិ។

សូមជម្រាបថាកន្លងមក រដ្ឋាភិបាលសិង្ហបុរីបានរកឃើញជនជាតិចិនមានសញ្ជាតិខ្មែរចំនួន១០នាក់ដែលបានធ្វើសកម្មភាពលាងលុយកខ្វក់ចំនួនជាង២.២ពាន់លានដុល្លារក្នុងប្រទេសសិង្ហបុរី។ ដោយឡែក របាយការណ៍ស៊ើបអង្កេតរួមគ្នារវាង OCCRP និងកាសែត The straits Times ក៏បានឲ្យដឹងទៀតថា សមត្ថកិច្ចសិង្ហបុរីកំពុងតាមចាប់ខ្លួនឧក្រិដ្ឋជនបរទេសចំនួន៧នាក់ទៀតដែលមានសញ្ជាតិខ្មែរ។ តាម OCCRP ក្រុមឧក្រិដ្ឋជនទាំងនេះបានធ្វើប្រតិបត្តិការលាងលុយកខ្វក់ក្រោមរូបភាពវិនិយោគលើវិស័យអចលនទ្រព្យ បើកហាងមាស ពេជ្រ និងបើកទីតាំងឆបោកតាមអនឡាញ។
ក្នុងន័យនេះ អ្នកវិភាគសង្គមស្នើឱ្យរដ្ឋាភិបាលកម្ពុជាពិចារណាឱ្យបានម៉ត់ចត់ មុននឹងសម្រេចផ្តល់សញ្ជាតិខ្មែរឲ្យជនបរទេសណាម្នាក់។ អ្នកវិភាគសង្គមបានសង្កេតឃើញនាពេលកន្លងមកថា ការផ្តល់សញ្ជាតិខ្មែរដល់ជនបរទេសជាការបើកឱកាសឱ្យអ្នកទាំងនោះប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចជាលាងលុយកខ្វក់ ការរត់ពន្ធគ្រឿងញៀន ការជួញដូរមនុស្សខុសច្បាប់ និងការធ្វើសកម្មភាពឆបោកតាមអនឡាញ។
គួរកត់សម្គាល់ថា ទីភ្នាក់ងារប្រឆាំងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិធ្លាប់បានរាយការណ៍ថា កម្ពុជាបានក្លាយជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺនែតជាមួយនឹងប្រាក់ចំណូលដែលប្រមូលបានពីឧស្សាហកម្មមួយនេះក្នុងទឹកប្រាក់ចន្លោះពី ៧,៥ពាន់លាន ដល់១២,៥ពាន់លានដុល្លារ ឬស្មើនឹងពាក់កណ្តាលនៃផលិតផលសរុបក្នុងស្រុករបស់កម្ពុជា៕