ដោយ ច័ន្ទ ដារ៉ូ
2024.10.07
RFA

ពលករខ្មែរកញ្ញា នួន តឿន ជាសមាជិកបណ្តាញយុវជនកម្ពុជាសកលប្រចាំម៉ាឡេស៊ីម្នាក់ ដែលកម្លាំងអាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួន កាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកឈ្មោះកូនខ្មែរឈឺចាប់
សាច់ញាតិហៅការចាប់បញ្ជូនកញ្ញា នួន តឿន ពីប្រទេសម៉ាឡេស៊ីថាជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបានឡើយ។ ពួកគេស្នើឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះលែងពលករខ្មែររូបនេះឱ្យមានសេរីភាពវិញ។ មន្ត្រីសិទ្ធិមនុស្សបន្តរិះគន់ករណីនេះថា ជាទង្វើរំលោភច្បាប់អន្តរជាតិ និងបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
ម្តាយមីងរបស់កញ្ញា នួន តឿន គឺលោកស្រី ឆេង ថុល ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៦ ខែតុលា ថាក្រុមគ្រួសារខ្លោចចិត្តអាណិតក្មួយពេលឃើញអាជ្ញាធរចាប់បញ្ជូនពីប្រទេសម៉ាឡេស៊ី មកដាក់គុកនៅកម្ពុជាទាំងបង្ខំ។ ស្រ្តីវ័យ ៤៤ឆ្នាំរូបនេះនិយាយទាំងអួលដើមកថា រាល់ថ្ងៃលោកស្រីបាយមិនបានសម្រាន្តមិនលក់ដោយបារម្ភខ្លាចអាជ្ញាធរវាយធ្វើបាបក្មួយដោយសារការរិះគន់រដ្ឋាភិបាលកន្លងទៅ ខណៈលោកស្រីមិនទាន់ទទួលដំណឹងអំពីសុខទុក្ខរបស់ក្មួយស្រីពីពន្ធនាគារនៅឡើយទេមកដល់ពេលនេះ។
លោកស្រី ឆេង ថុល៖ «ខ្ញុំពិបាកចិត្ត ខ្ញុំមិនហូបបាយកើតទេដល់ពេលលឺអ៊ីចឹង ខ្ញុំទើបលឺព័ត៌មាននៅថ្ងៃទី១ ខែតុលាហ្នឹងទេ ក្មួយធ្លាប់នៅនោះស្រួល ទោះនាងធ្វើជាកម្មករគេក៏មានស៊ីមានចុក មានខោអាវស្លៀកពាក់ផ្លាស់ប្ដូរ ដល់ពេលជាប់គុកអ៊ីចឹងបានអីស្លៀកពាក់ គេធ្វើបាបម៉េចទៅ មិនដឹងថា មូសខាំម៉េចទេ ខ្ញុំបារម្ភគ្រប់បែបគ្រប់យ៉ាង ខ្ញុំថាបើខ្ញុំប្តូរជាប់គុកជំនួសបានខ្ញុំនឹងប្តូរឱ្យចេញមកវិញ ពីព្រោះវាក្មេងអត់ដឹងអ្វីទេ»។
លោកស្រី ឆេង ថុល រៀបរាប់ទៀតថា ភាពក្រីក្របានជំរុញឱ្យកញ្ញា នួន តឿន ចំណាកស្រុកទៅធ្វើការងារតាមផ្ទះ នៅប្រទេសម៉ាឡេស៊ីជាង ១៦ឆ្នាំ ដើម្បីរកប្រាក់ជួយដោះស្រាយជីវភាពគ្រួសារ។ លោកស្រីបញ្ជាក់ថា កញ្ញា នួន តឿន ទោះបីជារៀនសូត្របានតិចតួចក្តី តែនាងជាមនុស្សស្លូតត្រង់ ចេះតស៊ូពុះពារក្នុងឆាកជីវិតជាកូនកំព្រា ហើយនាងចេះឈឺឆ្អាលរឿងបញ្ហាសង្គម។ លោកស្រីស្នើឱ្យរដ្ឋាភិបាលដោះលែងក្មួយឱ្យមានសេរីភាពមកជួបជុំគ្រួសារវិញ។
លោកស្រី ឆេង ថុល៖ «និយាយទៅអយុត្តិធម៌ខ្លាំងតែម្តង សូម្បីតែក្មេងមិនចេះអក្សរក៏ចាប់ដែរ គិតមើលៗគ្នាប្រើកម្លាំងបោសផ្ទះ និងមើលកូនឱ្យគេហ្នឹង ហេតុអ្វីទៅចាប់គ្នាធ្វើអី? បើលើកលែងបានលើកលែងទៅ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា និងអ្នកនាំពាក្យតុលាការក្រុងភ្នំពេញលោក អ៊ី រិន្ទ ដើម្បីបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៦ ខែតុលា។
កាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញា សមត្ថកិច្ចម៉ាឡេស៊ី សហការជាមួយមន្រ្តីស្ថានទូតខ្មែរបានសម្រុកចូលចាប់ខ្លួនពលករខ្មែរ និងជាសមាជិកបណ្ដាញយុវជនកម្ពុជាសកល ប្រចាំម៉ាឡេស៊ី គឺកញ្ញា នួន តឿន ដល់ក្នុងផ្ទះថៅកែ នៅរដ្ឋសេឡាំងហ្គ័រ (Selangor) នៅជាប់ទីក្រុងកូឡាឡាំពួរ។ បន្ទាប់មកប៉ូលិសអន្តោប្រវេសន៍ម៉ាឡេស៊ីបញ្ជូនពលកររូបនេះប្រគល់ឱ្យអាជ្ញាធររដ្ឋាភិបាលត្រកូលហ៊ុនវិញតាមសំណើរបស់អាជ្ញាធរកម្ពុជាកាលពីល្ងាចថ្ងៃទី៣០ ខែកញ្ញា។ តុលាការបានចោទប្រកាន់កញ្ញា នួន តឿន ពីបទ «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឱ្យមានការរើសអើង» និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារម២ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១ ខែតុលា។
ជុំវិញរឿងនេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី មានប្រសាសន៍ថា សេរីភាពបញ្ចេញមតិត្រូវបានធានាដោយច្បាប់ជាតិ និងអន្តរជាតិចំពោះជនគ្រប់រូប ជាពិសេសអ្នកដែលរងការចោទប្រកាន់ដោយសាររឿងនយោបាយ ឬមានមតិផ្ទុយនឹងរដ្ឋាភិបាលមិនត្រូវទទួលរងការចាប់ខ្លួនបញ្ជូនឆ្លងដែនទាំងបង្ខំទេ។ លោកមើលឃើញថា ការចាប់បញ្ជូនកញ្ញា នួន តឿន ដោយសារការបញ្ចេញមតិបែបនេះ នឹងមិនធ្វើឱ្យរដ្ឋាភិបាលកម្ពុជា និងម៉ាឡេស៊ីចំណេញនោះឡើយ ផ្ទុយទៅវិញប្រទេសទាំងពីរកាន់តែរងភាពអាម៉ាស់ ពាក់ព័ន្ធការរំលោភមនុស្សនៅលើឆាកអន្តរជាតិ។
លោក យិន ម៉េងលី៖ « ពាក់ព័ន្ធនឹងកញ្ញា នួន តឿន ក៏ដូចអ្នកពាក់ព័ន្ធសេរីភាពបញ្ចេញមតិដែលរដ្ឋាភិបាលចាប់គឺអត់ចំណេញទេ សម្រាប់រដ្ឋាភិបាលធ្វើរបៀបនេះ រដ្ឋាភិបាលធ្វើមិចបើកលំហសេរីភាពបញ្ចេញមតិនេះឡើងវិញ។ រដ្ឋាភិបាលគួរតែអត់ធ្មត់ ហើយជ្រើសរើសយកមធ្យោបាយផ្សេងៗទៀតដើម្បីព្យាយាមពន្យល់ ក្នុងនាមបុគ្គលសាធារណៈជៀសមិនផុតពីការរិះគន់ទេ»។
កញ្ញា នួន តឿន មានស្រុកកំណើតនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ និងជាកូនកំព្រា។ នាងគឺជាពលករខ្មែរធ្វើការស្របច្បាប់ដែលចេញមុខគាំទ្រគណបក្សប្រឆាំង។ កញ្ញាតែងប្រើប្រាស់បណ្ដាញសង្គមនិយាយរឿងអយុត្តិធម៌នានា ដូចជាបញ្ហាពលរដ្ឋរងគ្រោះដីធ្លី បញ្ហាព្រំដែនជាមួយប្រទេសវៀតណាម ជាពិសេសរិះគន់ខ្លាំងៗជុំវិញការដឹកនាំរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
ក្រុមអង្គការសិទ្ធិមនុស្សចាត់ទុកការចាប់បញ្ជូនមនុស្សឆ្លងដែនដោយបង្ខំបានផ្តល់គំរូអាក្រក់ និងប៉ះពាល់ដល់សុវត្ថិភាព សន្តិសុខរបស់ពលរដ្ឋទាំងអស់នៅក្នុងតំបន់ ហើយសហគមន៍អន្តរជាតិត្រូវផ្ញើសារច្បាស់ៗថា ការរំលោភសិទ្ធិមនុស្សបែបនេះនឹងមិនត្រូវអត់ឱនឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។