សហគមន៍អន្តរជាតិព្រួយបារម្ភ និងថ្កោលទោសកម្ពុជាដែលធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សដើរថយក្រោយ

កម្ពុជា
កម្ពុជា-សិទ្ធិមនុស្ស
08/10/2024 – 11:30
ដោយ៖ សាំ ឧត្តម
RFI

សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសអង់គ្លេសបានបង្ហាញក្តីកង្វល់នៅថ្ងៃទី០៧ ខែតុលាចំពោះស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងបានថ្កោលទោសរដ្ឋាភិបាលកម្ពុជាដែលបានប្រើប្រព័ន្ធតុលាការដើម្បីបំបិទសំឡេងអ្នកនយោបាយ សកម្មជនការពារបរិស្ថាន និងអ្នកសារព័ត៌មានឯករាជ្យ។ ក្តីកង្វល់ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាពីសំណាក់ក្រុមប្រទេសលោកខាងលិចនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី៥៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។

សហគមន៍អន្តរជាតិព្រួយបារម្ភ និងថ្កោលទោសកម្ពុជាដែលធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សដើរថយក្រោយ


នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចំពោះស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា សហភាពអឺរ៉ុបបន្តព្រួយបារម្ភពីការរឹតបន្តឹងលើការអនុវត្តសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ ក្នុងន័យនេះ សហភាពអឺរ៉ុបបានថ្កោលទោសចំពោះការចាប់ខ្លួន និងការដាក់ពន្ធនាគារអ្នកនយោបាយបក្សប្រឆាំង សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន រួមទាំងអ្នកសារព័ត៌មាន។ សេចក្តីថ្លែងការណ៍ដដែលបានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកដែលបានជាប់ឃុំជាបន្ទាន់ និងធ្វើយ៉ាងណាបង្កើនលទ្ធភាពតំណាងស្ត្រីក្នុងវិស័យនយោបាយ រួមទាំងតួនាទីក្នុងស្ថាប័នកំពូលៗ ពិសេសត្រូវគោព ការពារ និងផ្តល់សិទ្ធិសេរីភាពជាមូលដ្ឋានដល់ពលរដ្ឋខ្មែរដោយគ្មានការរើសអើង។

ការព្រួយបារម្ភពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាក៏មានពីសហរដ្ឋអាមេរិកដែរ។ តែក្រៅពីការចាប់ខ្លួនអ្នកនយោបាយ សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន សហរដ្ឋអាមេរិកបានបារម្ភពីការដាក់ឱ្យប្រើប្រាស់នូវរដ្ឋធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន និងការគៀបសង្កត់លើអង្គការសង្គមស៊ីវិល។ បញ្ហានេះត្រូវបានសហរដ្ឋអាមេរិកយល់ថា ប្រព័ន្ធច្បាប់ និងប្រព័ន្ធតុលាការកម្ពុជាត្រូវតែបង្កើតឡើងដើម្បីការពារ ពោលមិនមែនដើម្បីរឹតត្បិតសិទ្ធិមនុស្សឡើយ។

ដោយឡែក ប្រទេសអង់គ្លេសតាមរយៈអ្នកទទួលបន្ទុកសិទ្ធិមនុស្សលោកស្រី Eleanor Sanders បានសម្តែងក្តីបារម្ភពីការប្រើប្រព័ន្ធតុលាការដើម្បីបំបិទសិទ្ធិអ្នកនយោបាយ និងអ្នកសារព័ត៌មានក្នុងប្រទេស។ ទន្ទឹមគ្នានេះ អង់គ្លេសក៏បារម្ភពីផលប៉ះពាល់ដែលបានកើតចេញពីឧស្សាហកម្មឆបោកតាមអនឡាញក្នុងប្រទេសកម្ពុជាដែរ។ តែទោះជាយ៉ាងណា អង់គ្លេសបានបញ្ជាក់ពីជំហររបស់ខ្លួនក្នុងការជួយកម្ពុជាឲ្យសម្រេចទិសដៅរបស់ខ្លួនឱ្យក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ក្នុងន័យនេះ អង់គ្លេសមិនភ្លេចស្នើឱ្យកម្ពុជាបើកកិច្ចសន្ទនាជាមួយភាគីពាក់ព័ន្ធនានា ពិសេសបើកលំហរសេរីភាពសារព័ត៌មាន និងសេរីភាពក្នុងការបញ្ចេញមតិ។

លោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី០៨ ខែតុលានេះថា ការបង្ហាញក្តីកង្វល់របស់សហគមន៍អន្តរជាតិចំពោះការអនុវត្តច្បាប់របស់កម្ពុជាទៅលើអ្នកប្រព្រឹត្តខុស គឺប្រៀបបាននឹងការលើកចិត្តឱ្យអ្នកទាំងនោះលែងគោរពច្បាប់របស់កម្ពុជា។

អង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស
អង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស Shutterstock

ទាក់ទងនឹងសេរីភាពសារព័ត៌មានត្រូវបានអ្នកនាំពាក្យដដែលរូបនេះអះអាងថា មានភាពទូលំទូលាយ និងល្អប្រសើរដោយលោកសង្កេតឃើញមានអង្គភាពអ្នកសារព័ត៌មានជាង២ពាន់ និងអ្នកសារព័ត៌មានរាប់ម៉ឺននាក់នៅកម្ពុជា ខណៈការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមក៏ទូលំទូលាយដូចគ្នា។

សូមជម្រាបថា ការចេញសេចក្តីថ្លែងការណ៍ព្រួយបារម្ភនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាពីសំណាក់បស្ចិមលោកធ្វើឡើង បន្ទាប់ពីលោក វីទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលសិទ្ធិមនុស្សបានថ្លែងក្នុងកិច្ចប្រជុំលើកទី៥៧ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែដើរថយក្រោយ៕

What Next?

Recent Articles