កម្ពុជា
02/11/2024 – 10:23
ដោយ៖ ឡាក់ ច័ន្ទតារា
RFI
ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រាប់ទៅកាន់ពលរដ្ឋរបស់ខ្លួនដែលចង់មករកការងារនៅប្រទេសកម្ពុជា ដោយប្រើប្រាស់ទិដ្ឋាការទេសចរណ៍ ថាកំពុងធ្លាក់ក្នុងអន្ទាក់ជួញដូរមនុស្ស។ នេះបើយោងតាមកាសែត India Today របស់ប្រទេសឥណ្ឌា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយដែលបានឱ្យដឹងថា ការចេញមកបញ្ជាក់របស់ស្ថានទូតបែបនេះ ក្រោយពេលកាសែត India Today បើកការស៊ើបអង្កេត ហើយរកឃើញថា ពលរដ្ឋឥណ្ឌាដែលចាញ់បោកការសន្យាដោយផ្តល់ការងារនៅកម្ពុជា ពីទីភ្នាក់ងារគ្មានអាជ្ញាបណ្ណត្រូវបានបង្ខំឱ្យធ្វើការឆបោកហិរញ្ញវត្ថុតាមអ៊ីនធើណែត និងធ្វើសកម្មភាពខុសច្បាប់ផ្សេងៗទៀត។
ស្ថានទូតឥណ្ឌាប្រាប់ពលរដ្ឋខ្លួនដែលចង់រកការងារនៅកម្ពុជា ថាកំពុងធ្លាក់ក្នុងអន្ទាក់ជួញដូរមនុស្ស
ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានព្រមានទៅកាន់ពលរដ្ឋឥណ្ឌាជារឿយៗថា អ្នកដែលប្រើប្រាស់ទិដ្ឋាការទេសចរណ៍មករកការងារធ្វើនៅកម្ពុជា ជារឿងខុសច្បាប់ ហើយកំពុងធ្លាក់ក្នុងអន្ទាក់នៃការជួញដូរមនុស្ស។ ស្ថានទូតបានណែនាំឱ្យពលរដ្ឋ មិនត្រូវបណ្ដោយខ្លួនទៅអនុវត្តផ្ទុយនឹងគោលបំណងនៃទិដ្ឋាការដែលត្រូវបានផ្ដល់ឱ្យដោយរដ្ឋាភិបាលប្រទេសកម្ពុជាឡើយ។
បើតាមកាសែត India Today ក្រសួងមហាផ្ទៃឥណ្ឌាបានចង្អុលបង្ហាញថា ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន ជាតំបន់សកម្មខ្លាំងក្នុងបញ្ហាឧក្រិដ្ឋកម្ម ដែលក្នុងនោះមានប្រទេសកម្ពុជា មីយ៉ាន់ម៉ា វៀតណាម ឡាវ និងប្រទេសថៃ។ ចំណែកក្នុងការស៊ើបអង្កេតរបស់ខ្លួនវិញ India Today បានរកឃើញថា អ្នកឆបោកតាមឌីជីថល ភាគច្រើនមានទីតាំងនៅក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងវៀតណាម។
កាសែត India Today បានបញ្ជាក់ថា ឧក្រិដ្ឋជនតាមអ៊ីនធើណែត ដែលមានមូលដ្ឋាននៅប្រទេសទាំង៣នេះ បានទិញស៊ីមកាតឥណ្ឌាសម្រាប់ប្រតិបត្តិការរបស់ពួកគេ។ តាមការស៊ើបអង្កេតដដែល មានស៊ីមកាតប្រហែល ៤៥000ស៊ីម ត្រូវបានបញ្ជូនមកកាន់ប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ប៉ុន្តែត្រូវអាជ្ញាធរឥណ្ឌាទប់ជាប់។
ពាក់ព័ន្ធរឿងនេះ លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI ដោយចាត់ទុកថា ការចុះផ្សាយរបស់ឥណ្ឌានេះ ជាសកម្មភាពល្អមួយ ដែលរួមចំណែកក្នុងទប់ស្កាត់មុនឈានដល់មានបញ្ហាកើតឡើង ទើបដោះស្រាយតាមក្រោយ។ តែលោកស្រីមិនភ្លេចបញ្ជាក់ថា ការធ្វើបែបនេះ នឹងនាំមានភាពអវិជ្ជមានខ្លះៗដល់ប្រទេសកម្ពុជា ព្រោះការចុះផ្សាយនោះផ្ដោតលើឧក្រិដ្ឋកម្មក្នុងប្រទេសកម្ពុជា។

តាមលោកស្រី ជូ ប៊ុនអេង ជាជម្រើសដែលមិនប៉ះពាល់ដល់ប្រទេសណាមួយ ប្រទេសដែលមានជនជាតិខ្លួនចាញ់បោកមកកម្ពុជា ត្រូវលម្អិតប្រាប់ពលរដ្ឋពីភ្នាក់ងារដែលនាំមកធ្វើការនោះ និងបញ្ជាក់ពីគោលបំណងឱ្យបានច្បាស់។
គួរឱ្យដឹងថាកាលពីពេលថ្មីៗនេះ ឥណ្ឌាក៏បានដាក់បដាប្រព័ន្ធឌីជីថលនៅតាមអាកាសយានដ្ឋានធំៗរបស់ខ្លួន ដោយព្រមានដល់អ្នកដំណើរ អំពីហានិភ័យដែលទាក់ទងនឹងការផ្តល់ការងារនៅកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលនៅជិតខាង។ តែសេចក្ដីថ្លែងការណ៍របស់ស្ថានទូតឥណ្ឌាថ្ងៃទី២៩ តុលាឆ្នាំ២០២៤ បញ្ជាក់ថាការដាក់បដានេះ មិនមែនជាចេតនាអវិជ្ជមានមកលើប្រទេសកម្ពុជានោះទេ តែជាវិធានការចាំបាច់ ដើម្បីការពារយុវជនឥណ្ឌាពីការជាប់នៅក្នុងឧក្រិដ្ឋកម្មតាមអ៊ីនធើណែត ខណៈឥណ្ឌាទទួលស្គាល់ថា អាជ្ញាធរកម្ពុជាបានសហការយ៉ាងល្អក្នុងការបង្ក្រាបបទល្មើសឆបោកនេះ។
បើគិតតាំងពីដើមឆ្នាំ២០២២ រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ មានជនជាឥណ្ឌាប្រមាណជាង ១ពាន់នាក់ដែលត្រូវបានជួយសង្គ្រោះ៕