ដោយ ច័ន្ទ ដារ៉ូ
2024.11.08
RFA

រដ្ឋសភាបានអនុម័តលុបចោលច្បាប់ស្ដីពីកិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាមក្នុងកិច្ចសហប្រតិបត្តិការ CLV-DTA នៅថ្ងៃទី៨ ខែវិច្ឆិកា។ ប៉ុន្តែ មន្ត្រីបក្សប្រឆាំងបន្តរិះគន់ថា ការសម្រេចលុបចោលនេះ គឺរដ្ឋាភិបាលត្រកូល ហ៊ុន ធ្វើឡើងមិនស្មោះត្រង់ និងធ្វើឡើង ដើម្បីបំភាន់ភ្នែកពលរដ្ឋកុំឱ្យងើបចេញតវ៉ា។
រដ្ឋសភាបានសម្រេចលុបចោលកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV ហើយ។ ប៉ុន្តែ មន្ត្រីបក្សប្រឆាំង និងពលរដ្ឋទូទៅនៅតែមើលឃើញការសម្រេចនេះថា ធ្វើឡើងមិនទាន់ប្រាកដប្រជា ឬជ្រះស្រឡះនៅឡើយ ពីព្រោះពួកគាត់មើលឃើញថា គម្រោងជាច្រើននៅក្នុងកិច្ចសហប្រតិបត្តិការ CLV-DTA នៅតែបន្ត។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ំ សំអាន ថា បើរដ្ឋាភិបាលឪកូន គឺលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ចង់ឱ្យពលរដ្ឋជឿទុកចិត្ត និងឈប់តវ៉ានោះ ត្រូវលុបចោលកិច្ចព្រមព្រៀងទាំងអស់នៅក្នុងកិច្ចសហប្រតិបត្តិការ CLV-DTA រួមទាំងលុបចោលគម្រោងអភិវឌ្ឍន៍ទាំងឡាយនៅក្រោមស្លាក CLV-DTA តាមរយៈការដកហូតដីសម្បទានសេដ្ឋកិច្ចក្នុងតំបន់នោះ ចំណែកអ្នកដែលបញ្ចេញមតិរឿង CLV និងអ្នកទោសមនសិការទាំងអស់ ត្រូវដោះលែងឱ្យបានសេរីភាពឡើងវិញ។
ស្រដៀងគ្នានេះដែរ ប្រធានចលនាប្រជាធិបតេយ្យរួបរួមជាតិ និងតំណាងបាតុកម្មប្រឆាំងរឿង CLV ប្រចាំប្រទេសកូរ៉េខាងត្បូង លោក ម៉ាត់ វណ្ណី ថ្លែងថា នយោបាយរបស់លោក ហ៊ុន សែន ច្របូកច្របល់ ដើម្បីរក្សាអំណាច។ លោកមើលឃើញថា ដំណើរការលុបកិច្ចព្រមព្រៀង CLV-DTA ជាបន្តបន្ទាប់នេះ គឺជានយោបាយបំភាន់ភ្នែករបស់លោក ហ៊ុន សែន។
រដ្ឋសភាបានបើកកិច្ចប្រជុំនៅថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា និងបានសម្រេចអនុម័តលុបចោលកិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ដែលមានចំនួន ១០៩សំឡេង នៃសមាជិកសភាទាំងមូល។ សេចក្ដីប្រកាសព័ត៌មាននៃអគ្គលេខាធិការដ្ឋានរដ្ឋសភាបញ្ជាក់ថា គោលបំណងបង្កើតច្បាប់ស្ដីពីកិច្ចព្រមព្រៀងនោះ នៅក្នុងរយៈពេល ២៥ឆ្នាំមកនេះ ក្រោមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) បានធ្វើឱ្យប្រទេសទាំងបីឈានដល់ការសម្រេចបានគោលដៅជាតិ និងព្រឹត្តិការណ៍សំខាន់ៗ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ពលរដ្ឋនៅក្នុងតំបន់ត្រីកោណ។ សភាបន្តទៀតថា រដ្ឋាភិបាលបានវាយតម្លៃយ៉ាងហ្មត់ចត់អំពីកិច្ចសហប្រតិបត្តិការ CLV-DTA បានឈានដល់គោលដៅ និងជឿជាក់ថា ប្រទេសនីមួយៗ មានសមត្ថភាពពេញលេញក្នុងការបន្ត និងធានាបាននូវការអភិវឌ្ឍន៍រៀងៗ ខ្លួន។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យ និងជាអគ្គលេខាធិការដ្ឋានរដ្ឋសភា លោក ឡេង ប៉េងឡុង ដើម្បីសាកសួរបន្ថែមបានទេ នៅថ្ងៃទី៨ ខែវិច្ឆិកា។
រដ្ឋសភាសម្រេចបញ្ចប់កិច្ចព្រមព្រៀង CLV-DTA នេះ ធ្វើឡើងបន្ទាប់ពីមានចលនាធ្វើបាតុកម្មតវ៉ាជាបន្តបន្ទាប់របស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស ជុំវិញពិភពលោកកាន់តែផុលផុសក្នុងការទាមទារឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បញ្ចប់គម្រោង CLV-DTA ជាផ្លូវការ និងមានការអនុម័តសម្រេចពីរដ្ឋសភា គឺមិនមែនគ្រាន់តែមានការអះអាងត្រឹមពាក្យសម្ដីរបស់ឪពុកនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ទេ៕