ទណ្ឌិតជិត៤០០នាក់ត្រូវបានបន្ធូរបន្ថយ និងលើកលែងទោសក្នុងពិធីបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក

កម្ពុជា
កម្ពុជា-សិទ្ធិមនុស្ស
09/11/2024 – 10:24
ដោយ៖ សាំ ឧត្តម
RFI

ក្រសួងយុត្តិធម៌បានឱ្យដឹងថា ទណ្ឌិតចំនួន៣៩០នាក់ត្រូវបានអង្គព្រះមហាក្សត្រសម្រេចបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកានេះ និងក្នុងព្រះរាជពិធីបុណ្យអុំទុកនាពេលខាងមុខ។ តែយ៉ាងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សេង ឌីណា ពុំអាចបញ្ជាក់ថា ក្នុងចំណោមទណ្ឌិតទាំង៣៩០នាក់ដែលត្រូវបានបន្ធូរបន្ថយ និងលើកលែងទោសនោះមានឈ្មោះសកម្មជនការពារបរិស្ថាន សិទ្ធិមនុស្ស និងសកម្មជននយោបាយបក្សប្រឆាំងដែរឬទេ ។

ទណ្ឌិតជិត៤០០នាក់ត្រូវបានបន្ធូរបន្ថយ និងលើកលែងទោសក្នុងពិធីបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក


អ្នកនាំពាក្យក្រសួងយុត្តិធម៌ សេង ឌីណា បានឱ្យដឹងថា ក្នុងចំណោមទណ្ឌិតចំនួន៣៩០នាក់ មានទណ្ឌិតចំនួន៣០៤នាក់ ក្នុងនោះមានស្ត្រី២៤នាក់អាចទទួលបានការបន្ធូរបន្ថយទោសរយៈពេល៣ខែ។ ចំណែក ទណ្ឌិតចំនួន៨១នាក់ ដែលមានស្ត្រីចំនួន១១នាក់អាចទទួលបានការបន្ថយទោសរយៈពេល៦ខែ ខណៈទណ្ឌិតចំនួន៤នាក់អាចទទួលបានការបន្ថយទោសរយៈពេល៩ខែ និងទណ្ឌិតចំនួន១នាក់អាចទទួលបានការលើកលែងទោសទាំងស្រុង។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យខាងលើពុំអាចបញ្ជាក់បានទេថា ក្នុងចំណោមទណ្ឌិតជិត៤០០នាក់ដែលទទួលបានការបន្ធូរបន្ថយ និងលើកលែងទោសនោះ មានឈ្មោះសកម្មជនការពារសិទ្ធិមនុស្ស បរិស្ថាន និងសកម្មជននយោបាយដែរឬទេ។

កាលពីថ្ងៃទី០៦ វិច្ឆិកាកន្លងទៅ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស បានបើកកិច្ចប្រជុំពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតចំនួន៦៧១នាក់ដែលបានដាក់ពាក្យស្នើសុំលើកលែង ឬបន្ធូរបន្ថយទោស។ ក្រោយការវាយតម្លៃ គណៈកម្មការថ្នាក់ជាតិបានរកឃើញថា ទណ្ឌិតចំនួន៣៩០នាក់មានលក្ខណៈសម្បតិ្ត និងលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីអាចទទួលបានការបន្ធូរបន្ថយទោស ឬលើកលែងទោស។

ចំពោះទណ្ឌិតចំនួន២៨១នាក់ដែលគណៈកម្មការថ្នាក់ជាតិពុំអាចផ្តល់ការបន្ធូរបន្ថយ និងការលើកលែងទោស គឺសុទ្ធតែទណ្ឌិតដែលប្រព្រឹត្តបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរពាក់ព័ន្ធនឹងករណីគ្រឿងញៀន ករណីក្មេងទំនើង ករណីឃាតកម្ម ករណីជួញដូរមនុស្ស និងករណីរំលោភសេពសន្ថវៈលើអនីតិជន។

រូបភាពទណ្ឌិតដែលកំពុងជាប់ពន្ធនាគារព្រៃស
រូបភាពទណ្ឌិតដែលកំពុងជាប់ពន្ធនាគារព្រៃស © Internet

លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូសង្កេតឃើញថា ការលើកលែងទោសទណ្ឌិតកន្លងមក គឺមានចំនួនតិចតួច។ ភាគច្រើននៃទណ្ឌិតរួចទោសសុទ្ធសឹងតែមានវ័យចាស់ និងឈឺធ្ងន់ដំណាក់កាលចុងក្រោយ។ ប៉ុន្តែ ចំពោះអ្នកទោសដែលត្រូវបានបន្ធូរបន្ថយទោសវិញ អាចមានចំនួនច្រើនជាង។

ទន្ទឹមគ្នានេះ លោក អំ សំអាត ថាលោកធ្លាប់ឮក្រុមគ្រួសាររបស់អ្នកទោសដែលជាសកម្មជនការពារបរិស្ថាន សិទ្ធមនុស្ស និងនយោបាយអះអាងថា ក្រុមគ្រួសារពួកគេពុំដែលមានឈ្មោះក្នុងបញ្ជីទទួលបានការបន្ធូរបន្ថយ និងលើកលែងទោសម្តងណានោះទេ។ ត្រង់ចំណុចនេះ លោកចង់ឃើញការបន្ធូរបន្ថយ និងលើកលែងទោសដល់អ្នកទោស ត្រូវធ្វើឡើងដោយយុត្តិធម៌ តម្លាភាព និងគោរពតាមលក្ខខណ្ឌច្បាប់។

យោងតាមព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ការលើកលែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិតជាប់ពន្ធនាគារ ត្រូវធ្វើឡើងចំនួន ៥លើកក្នុងមួយឆ្នាំ ពោលគឺក្នុងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម ពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យវិសាខបូជា បុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក។

តាមព្រះរាជក្រឹត្យដដែល ការបន្ធូរបន្ថយទោសដល់ទណ្ឌិតអាចកើតឡើងបាន លុះត្រាតែទណ្ឌិតនោះបានអនុវត្តទោស ១ភាគ៣ នៃទោសដាក់ពន្ធនាគារសរុប ដែលតុលាការបានកំណត់ ហើយចំពោះទោសដាក់ពន្ធនាគារមួយជីវិត ទណ្ឌិតត្រូវទទួលរងទោស ១០ឆ្នាំជាមុនសិន៕

What Next?

Recent Articles