ដោយ ច័ន្ទ ដារ៉ូ
2024.11.10
RFA

មន្ត្រីគណបក្សកម្លាំងជាតិម្នាក់ នៅរាជធានីភ្នំពេញគឺលោក ប្រាក់ សីហា។ រូប៖ ហ្វេសប៊ុកលោក ប្រាក់ សីហា
មន្ត្រីគណបក្សកម្លាំងជាតិម្នាក់ នៅរាជធានីភ្នំពេញគឺលោក ប្រាក់ សីហា ត្រូវបានអាជ្ញាធរចាប់ខ្លួន និងបញ្ជូនទៅឃុំនៅពន្ធនាគារព្រៃស ពីបទប្រមាថព្រះមហាក្សត្រ។ ប៉ុន្តែគណបក្សកម្លាំងជាតិ និងគ្រួសារច្រានចោលការចោទប្រកាន់ និងចាត់ទុកចំណាត់នេះថា ជាការគំរាមកំហែងផ្នែកនយោបាយ និងបំបិទសំឡេងប្រឆាំង ក្រោយពេលសកម្មជនរូបនេះមិនព្រមចុះចូលជាមួយបក្សកាន់អំណាច។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃលោក ឃៀង សុណាឌីន ប្រាប់វិទ្យុអាស៊ីសេរីថា លោក ប្រាក់ សីហា ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា។ លោកបញ្ជាក់ថា ការឃុំខ្លួនជនជាប់ចោទរូបនេះ មន្ត្រីពន្ធនាគារអនុវត្តតាមដីកាបង្កាប់របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញចោទ ពីបទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ»។
លោក ឃៀង សុណាឌីន៖ «បើយោងតាមដីកាឱ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ជនត្រូវចោទឈ្មោះប្រាក់ សីហា នេះត្រូវបានតុលាការដាក់ឱ្យស្ថិតក្រោមការពិនិត្យ ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ។ ចាប់តាំងពីសមត្ថកិច្ចបញ្ជូនជននេះឃុំនៅពន្ធនាគាររាជធានីភ្នំពេញមក គឺមិនទាន់មានគ្រួសារសាច់ញាតិណា មកជួបដើម្បីស្នើសុំជួបសួរសុខទុក្ខ ជនជាប់ឃុំឈ្មោះ ប្រាក់ សីហា នេះនៅឡើយ»។
ជុំវិញរឿងនេះ ប្រពន្ធរបស់លោក ប្រាក់ សីហា គឺលោកស្រី ស៊ែម ស្រីមុំ ប្រាប់វិទ្យុអាស៊ីសេរីថាលោកស្រីបានដើររកប្តីពីស្ថាប័នមួយទៅស្ថាប័នមួយអស់រយៈពេលពីរថ្ងៃ ទើបទទួលដំណឹងនៅថ្ងៃទី៩ ខែវិច្ឆិកា ថាតុលាការក្រុងភ្នំពេញបញ្ជូនប្តីរបស់លោកស្រីទៅឃុំនៅពន្ធនាគាររាជធានី ភ្នំពេញ ប៉ុន្តែមន្ត្រីពន្ធនាគារមិនទាន់អនុញ្ញាត ឱ្យគ្រួសារចូលសួរសុខទុក្ខនៅឡើយ។
លោកស្រី ស៊ែម ស្រីមុំ យល់ថា ការចោទប្តីលោកស្រីដាក់ពន្ធនាគាររឿងប្រមាថព្រះមហាក្សត្រ គឺជារឿងមិនត្រឹមត្រូវ និងជាការទម្លាក់កំហុសទាំងអយុត្តិធម៌។ លោកស្រីចាត់ទុកករណីនេះជាការ ធ្វើទុក្ខបុកម្នេញ ការដាក់សម្ពាធផ្នែកនយោបាយ ពីព្រោះមុនពេលចាប់ខ្លួនប៉ុន្មានថ្ងៃ ដោយសារប្តីរបស់លោកស្រីនៅរក្សាជំហររឹងមាំដោយមិនព្រមចុះចូលជាមួយបក្សកាន់អំណាចតាមការអូសទាញ។ លោកស្រីឱ្យដឹងថា ក្រោយឃាត់ខ្លួនភ្លាម អាជ្ញាធរមូលដ្ឋានបានមកនិយាយឱ្យលោកស្រីទៅលួងលោមប្តីឱ្យចុះចូលជាមួយបក្សកាន់អំណាចដើម្បីរួចខ្លួន ប៉ុន្តែលោកស្រីមិនព្រមដោយនៅគោរពតាមឆន្ទៈរបស់ប្តីដដែល។ លោកស្រី ស៊ែម ស្រីមុំ ទាមទារឱ្យតុលាការដោះលែងប្តីលោកស្រីឱ្យមានសេរីភាពជួបជុំប្រពន្ធកូន និងធ្វើនយោបាយឡើងវិញ។
លោកស្រី ស៊ែម ស្រីមុំ៖ «ចាប់តាំងពីគេចាប់បញ្ជូនទៅ គេមិនបានឱ្យខ្ញុំជួបប្តីទេ អត់ឱ្យយើងនិយាយជាមួយប្តីអំពីមូលហេតុនៃការចាប់ខ្លួនទេ។ នេះជារឿងនយោបាយ គាបសង្កត់ សូម្បីតែយើងទៅណាក៏គេតាមសម្គាល់ តាមសង្កេតដែរ វាអយុត្តិធម៌បំផុត ពីព្រោះយើងអត់បានប្រព្រឹត្តតែគេចោទ។ ការចាប់ខ្លួនប្តីខ្ញុំនេះខ្ញុំឈឺចាប់ ខ្ញុំសូមអំពាវនាវឱ្យដោះលែងគាត់មកវិញមក គាត់អត់ខុសអ្វីទេ»។
សមត្ថកិច្ចជាច្រើននាក់ បានឃាត់ខ្លួនមន្ត្រីគណបក្សកម្លាំងជាតិលោក ប្រាក់ សីហា អំឡុងពេលលោកធ្វើដំណើរចេញពីក្រៅផ្ទះកាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ដោយគ្រួសារអះអាងថា អាជ្ញាធរបានលាក់បាំងព័ត៌មាន និងមិនប្រាប់ពីមូលហេតុឱ្យគ្រួសារបានដឹងនោះឡើយ។
លោក ប្រាក់ សីហា អាយុ៤០ឆ្នាំ ជាអនុប្រធានក្រុមការងារគណបក្សកម្លាំងជាតិនៅខណ្ឌកំបូល រាជធានីភ្នំពេញ។ លោកធ្លាប់ជាប់ឆ្នោតជាចៅសង្កាត់រងទី២ ក្នុងសង្កាត់កំបូល មកពីគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ ហើយលោកក៏ធ្លាប់ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនគំរាមឱ្យធ្វើកិច្ចសន្យាឈប់គាំទ្រគណបក្សប្រឆាំង កាលអំឡុងឆ្នាំ២០១៨ ផងដែរ។ លើសពីនេះទៅទៀត លោកត្រូវជនមិនស្គាល់មុខមួយក្រុមលួចវាយបណ្តាលឱ្យរងរបួសធ្ងន់បាក់ធ្មេញ បែកមាត់ ដេរ១០ថ្នេរ នៅម្តុំស្កុបផ្សារដេប៉ូ រាជធានីភ្នំពេញ កាលពីខែកុម្ភៈ ឆ្នាំ២០២១។ ហេតុការណ៍ពេលនោះកើតឡើងក្រោយពេលសកម្មជនរូបនេះមិនព្រមចុះចូលជាមួយបក្សកាន់អំណាច។ ចំណែកសមត្ថកិច្ចវិញ មកទល់ពេលនេះមិនទាន់វែកមុខជនដៃដល់យកមកផ្ដន្ទាទោស និងផ្តល់យុត្តិធម៌ដល់លោក ប្រាក់ សីហា នៅឡើយទេ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ចាត់ទុកការចាប់ខ្លួនលោក ប្រាក់ សីហា មិនឆ្លុះបញ្ចាំងការពិត និងជាសារថ្មីមួយក្នុងការបំភិតបំភ័យ គំរាមកំហែង លើសកម្មជនបក្សកម្លាំងជាតិផ្សេងទៀត។ លោកអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចឱ្យដោះលែងសកម្មជនរូបនេះឱ្យមានសេរីភាព ព្រមទាំងបញ្ឈប់ការចាប់ខ្លួនសកម្មជនរបស់គណបក្សកម្លាំងជាតិដែលគ្មានកំហុសបន្តទៀត។
លោក រ៉ុង ឈុន៖ «ការចាប់ខ្លួនមនុស្សដែលគ្មានកំហុស ខ្ញុំគិតថា ត្រូវតែបញ្ឈប់ទៅ ហើយយើងងាកមកប្រកួតប្រជែងគ្នាតាមរយៈការបោះឆ្នោតមួយត្រឹមត្រូវ យុត្តិធម៌ ដោយជៀសវាងការប្រើប្រាស់ដោយចាប់បង្ខំបែបហ្នឹង វាអត់មានផលចំណេញសម្រាប់កម្ពុជាទេ»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី កត់សម្គាល់ថាការអនុវត្តច្បាប់ហាក់មិនស្មើភាពគ្នា រវាងសកម្មជនដែលរក្សាស្មារតីតស៊ូជាមួយបក្សជំទាស់ត្រូវរងការចោទប្រកាន់តាមប្រព័ន្ធតុលាការ ចំណែកអ្នកដែលចុះចូលជាមួយបក្សកាន់អំណាចទទួលបានការដោះលែងឱ្យនៅឃុំជាបន្តបន្ទាប់។ មន្ត្រីសិទ្ធិមនុស្សរូបនេះបារម្ភថា ការចាប់ខ្លួន និងបទចោទលើសកម្មជននយោបាយឥតឈប់ឈរមកនេះ នឹងធ្វើឱ្យអ្នកនយោបាយជំទាស់ពិបាក ក្នុងការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន ដែលបញ្ហានេះនាំឱ្យសហគមន៍អន្តរជាតិបន្តរិះគន់អំពីការធ្វើទុក្ខបុកម្នេញ ការគំរាមកំហែង និងការបំភិតបំភ័យថែមទៀត។
លោក យិន ម៉េងលី៖ «គេ(សហគមន៍ជាតិ និងអន្តរជាតិ)សង្កេតឃើញថា វាជាចរិតនយោបាយ ហើយដើម្បីឱ្យស្ថានភាពនយោបាយបានធូរស្រាលវិញ អ្នកនយោបាយគួរតែស្វះស្វែង ការចរចា សម្រុះសម្រួលគ្នា ដើម្បីបើកលំហសេរីភាពផ្នែកនយោបាយនេះ ដើម្បីឱ្យប្រទេសយើងហ្នឹងទទួលមុខមាត់ល្អនៅលើឆាកអន្តរជាតិ»។
មកទល់ពេលនេះ ការចាប់ខ្លួនសកម្មជនបរិស្ថាន អ្នករិះគន់រដ្ឋាភិបាល និងមន្ត្រីគណបក្សប្រឆាំង បានកើនឡើងដល់ចំនួនជិត ១០០នាក់ហើយ ប៉ុន្តែក្រុមអង្គការជាតិ និងអន្តរជាតិ ចាត់ទុកការចាប់ខ្លួនទាំងនេះ គ្រាន់តែជារូបភាពនយោបាយ។ គណបក្សប្រឆាំង និងមន្ត្រីសិទ្ធិមនុស្សទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បញ្ឈប់ការយកប្រព័ន្ធតុលាការមកគាបសង្កត់លើសំឡេងប្រឆាំង ហើយទាមទារឱ្យដោះលែងពួកគេវិញជាបន្ទាន់ និងឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។