គ្រួសារជនរងគ្រោះដែលអតីតឧកញ៉ា ស្រី ស៊ីណា សម្លាប់ ជំរុញឱ្យតុលាការពន្លឿននីតិវិធីច្បាប់ និងយុត្តិធម៌

កម្ពុជា
ច្បាប់-យុត្តិធម៌
10/11/2024 – 10:44
ដោយ៖ សាំ ឧត្តម
RFI

ក្រោយពីស្ងប់ស្ងាត់អស់រយៈពេលជាង៥ខែ សាច់ញាតិរបស់ជនរងគ្រោះដែលអតីតឧកញ៉ា ស្រី ស៊ីណា បាញ់សម្លាប់ កាលពីអំឡុងខែមិថុនា បានស្នើឱ្យសាលាដំបូងរាជធានីភ្នំពេញពន្លឿននិតីវិធីតុលាការដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ។ ការទាមទាររបស់ក្រុមគ្រួសារជនរងគ្រោះធ្វើឡើង បន្ទាប់ពីពួកគេសង្កេតឃើញថា តុលាការនៅពុំទាន់ដោះស្រាយសំណុំរឿងព្រហ្មទណ្ឌ ប៉ុន្តែ បែរជាកោះហៅគ្រួសារជនរងគ្រោះឲ្យចូលរួមនីតិវិធីត្រៀមទាញហេតុផល នៅថ្ងៃទី២៥ ខែវិច្ឆិកាខាងមុខនៅក្នុងសំណុំរឿងរដ្ឋប្បវេណីដែលភាគីគ្រួសារជនត្រូវចោទប្តឹងតវ៉ាឱ្យតុលាការលុបចោលការសម្រេចរឹបអូសទ្រព្យសម្បត្តិ។

គ្រួសារជនរងគ្រោះដែលអតីតឧកញ៉ា ស្រី ស៊ីណា សម្លាប់ ជំរុញឱ្យតុលាការពន្លឿននីតិវិធីច្បាប់ និងយុត្តិធម៌


អ្នកស្រី ស៊ិន សុខគីម ម្តាយជនរងគ្រោះបានឱ្យដឹងថា អស់រយៈពេលជាង៥ខែមកហើយដែលក្រុមគ្រួសាររបស់អ្នកស្រីទន្ទឹងរង់ចាំយុត្តិធម៌ពីតុលាការ។ អ្នកស្រី សុខគីម បន្តថា អ្វីដែលក្រុមគ្រួសារអ្នកស្រីចង់បាននាពេលនេះ គឺតុលាការគួរពន្លឿននីតិវិធីច្បាប់លើសំណុំរឿងព្រហ្មទណ្ឌ ដោយធ្វើយ៉ាងណាចេញសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារលើបុគ្គលស្រី ស៊ីណាឱ្យបានឆាប់។

អ្នកស្រី ស៊ិន សុខគីម ទទួលស្គាល់ថា អ្នកស្រីពុំបានដឹងពីនីតិវិធីតុលាការ ឬការកាត់ទោសយ៉ាងណានោះទេ ប៉ុន្តែ បច្ចុប្បន្ននេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានកោះហៅអ្នកស្រីឱ្យចូលរួមក្នុងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលនៅក្នុងសំណុំរឿងរឹបអូសទ្រព្យសម្បត្តិរបស់ភាគីជនចុងចោទ។  

ឆ្លើយតបនឹងការលើកឡើងរបស់គ្រួសារជនរងគ្រោះ លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានអះអាងថា តុលាការកំពុងបន្តនីតិវិធីរបស់ខ្លួន ពោលគឺមិនបានទុកសំណុំរឿងនេះចោលឡើយ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យខាងលើពុំបានបញ្ជាក់ពីករណីប្តឹងជំទាស់របស់គ្រួសារជនត្រូវចោទទៅនឹងសាលដីការបស់តុលាការ ដែលសម្រេចឱ្យរឹបអូសទ្រព្យសម្បត្តិរបស់ជនត្រូវចោទ ស្រី ស៊ីណា ជាបណ្តោះអាសន្ននោះដែរ។

សូមជម្រាបថា សាច់ញាតិរបស់ជនរងគ្រោះបានប្តឹងទៅតុលាការ លើសំណុំរឿងព្រហ្មទណ្ឌ និងសំណុំរឿងរដ្ឋប្បវេណី។ ក្នុងសំណុំរឿងព្រហ្មទណ្ឌ ដើមបណ្តឹងដែលជាក្រុមគ្រួសារជនរងគ្រោះបានប្តឹងបុគ្គល ស្រី ស៊ីណា ចំនួន៤ករណី គឺអំពើឃាតកម្ម ការប៉ុនប៉ងធ្វើឃាតកម្ម ការកាន់កាប់អាវុធខុសច្បាប់ និងបទល្មើសរំលោភលើលំនៅឋាន។ ចំណែកនៅក្នុងពាក្យបណ្តឹងរដ្ឋប្បវេណី ភាគីដើមបណ្តឹងបានប្តឹងទាមទារសំណងចំនួន១,៥លានដុល្លារអាមេរិក និងស្នើឱ្យតុលាការចេញដីកាបង្កកទ្រព្យសម្បត្តិរបស់ជនត្រូវចោទ ស្រី ស៊ីណា។

ទិដ្ឋភាពពិធីមង្គលការរបស់លោក ឡុង លីសុង និងកញ្ញា ឃិន កញ្ចនា ដែលឱពុកម្តាយទាំងសងខាងបានរៀបចំឡើងក្រោយអ្នកទាំងពីរបានស្លាប់កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤
ទិដ្ឋភាពពិធីមង្គលការរបស់លោក ឡុង លីសុង និងកញ្ញា ឃិន កញ្ចនា ដែលឱពុកម្តាយទាំងសងខាងបានរៀបចំឡើងក្រោយអ្នកទាំងពីរបានស្លាប់កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ © Internet

នៅក្នុងដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិរបស់ជនត្រូវចោទ ស្រី ស៊ីណា មានជាអាទិ៍រថយន្តម៉ាក SsamYong RexTon មួយគ្រឿង ដី២កន្លែងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ដីចំការនៅខណ្ឌព្រែកព្នៅ ផ្ទះមួយកន្លែងក្នុងបុរីប៉េងហួតបឹងស្នោរ និងផ្សារបឹងសាឡាងថ្មីក្នុង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ យ៉ាងណា ការរឹបអូសផ្សារបឹងសាឡាងថ្មីត្រូវបានឈ្មោះ ស្រី សុធីតា ដែលពុំបញ្ជាក់ថា ត្រូវជាអ្វីនឹងជនត្រូវចោទ បានដាក់ពាក្យបណ្តឹងតវ៉ា ដោយស្នើឱ្យតុលាការលុបចោលដីការឹបអូស ជាបណ្តោះអាសន្ន។ តាមពាក្យបណ្តឹងរបស់ឈ្មោះ ស្រី សុធីតា ផ្សារបឹងសាឡាងថ្មី គឺជាទ្រព្យសម្បត្តិរបស់ខ្លួនដែលជាតតិយជន ឬជាបុគ្គលមិនស្ថិតក្នុងរឿងក្តីរដ្ឋប្បវេណី។

អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៧ ខែមិថុនា បន្ទាប់ពីរត់គេចខ្លួនពីកន្លែងប្រព្រឹត្តឃាតកម្ម ដែលនៅក្នុងនោះ ឡុង លីសុង អាយុ២៧ឆ្នាំ និងគូដណ្តឹងរបស់គាត់ឈ្មោះ ឃិន កញ្ចនា អាយុ២៦ឆ្នាំ ស្លាប់ និងមនុស្ស២នាក់ផ្សេងទៀតរងរបួស នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បីថ្ងៃក្រោយពីរងការចោទប្រកាន់ថា បានបាញ់សម្លាប់ជនរងគ្រោះ ព្រះមហាក្សត្រកម្ពុជាបានត្រាស់បង្គាប់បញ្ចប់គោរមងារឧកញ៉ា ស្រី ស៊ីណា ខណៈរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ អះអាងជាចំហថា លោកនឹងដើរចេញពីតំណែងរដ្ឋមន្ត្រី ប្រសិនបើបុគ្គលឈ្មោះ ស្រី ស៊ីណា ជាប់គុកតែ២ ឬ៣ឆ្នាំ៕

What Next?

Recent Articles