ដោយ មាន ឫទ្ធិ
2024.11.10
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំរដ្ឋសភា កាលពីថ្ងៃទី៨ វិច្ឆិកា ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលសង្គមរិះគន់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថា អសមត្ថភាពក្នុងការស្ដារសេដ្ឋកិច្ចឱ្យរីកចម្រើននោះទេ ខណៈរដ្ឋាភិបាលនៅបន្តខ្ចីបុលពីបរទេសដើម្បីបង្គ្រប់ការចំណាយថវិកាជាតិសម្រាប់ឆ្នាំ២០២៥។ ពួកគាត់ព្រមានថា ការបន្តខ្ចីបុលពីបរទេសច្រើនលើសលប់ និងគ្មានប្រព័ន្ធត្រួតពិនិត្យការចាយវាយឱ្យមានតម្លាភាពនឹងធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងអន្ទាក់បំណុលធ្ងន់ធ្ងរ។
មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលសង្គមព្រមានពីវិបត្តិសេដ្ឋកិច្ចបណ្ដាលឱ្យកម្ពុជាផុងខ្លួនក្នុងបំណុលកាន់តែជ្រៅប្រសិនបើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅតែបន្តខ្ចីបុលពីបរទេសដោយមិនខ្វល់ខ្វាយពីបញ្ហាគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ំ សំអាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ ខែវិច្ឆិកា ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គួរតែប្រឹងប្រែងរកលុយដោយខ្លួនឯងដោយមិនចាំបាច់ពឹងផ្អែកទៅលើការខ្ចីលុយបរទេសយកមកបង្គ្រប់ការចំណាយសម្រាប់ឆ្នាំ២០២៥នោះឡើយ។ លោកបន្តថា បញ្ហាពុករលួយចាក់ស្រេះ ការចំណាយថវិកាជាតិខ្ជះខ្ជាយទៅលើការតែងតាំងមន្ត្រីក្នុងស្ថាប័នរដ្ឋគឺជាកត្តាចម្បងធ្វើឱ្យកម្ពុជារកចំណូលបានតិចប៉ុន្តែចំណាយច្រើន។
លោក អ៊ំ សំអាន៖ «កម្ចីយ៉ាងច្រើនក្រោម១ពាន់លានដុល្លារក្នុងមួយឆ្នាំវាមិនអាចធ្វើឱ្យកម្ពុជាធ្លាក់ក្នុងបំណុលវ័ណ្ឌក ហើយខ្ចីមកកុំសម្រាប់តែចាយវាយទៅមន្ត្រីរាជការ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលដែលមានរាប់ពាន់នាក់។ យើងឃើញថា ទីប្រឹក្សារដ្ឋាភិបាលមានរាប់ពាន់នាក់ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមានរាប់ពាន់នាក់ដល់អ៊ីចឹងយកលុយហ្នឹងទៅខ្ជះខ្ជាយទៅលើមន្ត្រីមិនត្រូវតែងតាំង»។
លោក អ៊ំ សំអាន បន្ថែមទៀតថា លុយដែលរដ្ឋាភិបាលខ្ចីបុលភាគច្រើនគឺមកពីប្រទេសចិន ហើយការខ្ចីបុលពីចិននេះភាគីចិនមិនខ្វាយខ្វល់ការភ្ជាប់លក្ខខណ្ឌនៃការគោរពសិទ្ធិមនុស្សឡើយដែលបញ្ហានេះលោកថា អាចធ្វើឱ្យកម្ពុជាដួលរលំសេដ្ឋកិច្ចមិនខុសពីប្រទេសស្រីលង្កា។
ការលើកឡើងបែបនេះធ្វើឡើងបន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានផ្សព្វផ្សាយពីសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ដោយបង្ហាញថា រដ្ឋាភិបាលគ្រោងចំណាយជាង៣៥ទ្រីលានរៀល (៣៥.៣៩៨.១៧៥ លានរៀល) ឬស្មើនឹងប្រមាណជិត៩ពាន់លានដុល្លារ។ ក្នុងចំនួនថវិកាជាតិជិត ៩ពាន់លានដុល្លារនោះរដ្ឋាភិបាលអាចប្រមូលចំណូលជាតិបានចំនួនជិត ៣០ទ្រីលានរៀល (២៩.០៤៥.៨៦៣ លានរៀល) ឬប្រមាណជាង៧ពាន់លានដុល្លារ ហើយដើម្បីបង្គ្រប់ការចំណាយសម្រាប់ឆ្នាំ២០២៥រដ្ឋាភិបាលបានរៀបចំផែនការខ្ចីបុលប្រាក់ពីបរទេសចំនួនជាង ៨ទ្រីលានរៀល (៨.៧៨០.៤៥២ លានរៀល) ឬប្រមាណជាង២ពាន់លានដុល្លារ។ ទោះជាយ៉ាងណាកម្ពុជានៅមិនទាន់បង្ហាញថា ការខ្ចីបុលពីបរទេសចំនួនជាង២ពាន់លានដុល្លារនោះពីប្រទេសណាខ្លះនោះទេ ប៉ុន្តែលុយដែលខ្ចីមកនោះរដ្ឋាភិបាលបានបែងចែកឱ្យរដ្ឋនឹងផ្ដល់កម្ចីឱ្យអគ្គិសនីកម្ពុជា រដ្ឋាករទឹកស្វយ័តភ្នំពេញ និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មខ្ចីបន្ត។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន ដើម្បីសុំការបកស្រាយបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី១០ ខែវិច្ឆិកា។
ទោះជាយ៉ាងណាលោក ហ៊ុន ម៉ាណែត ធ្លាប់ប្ដេជ្ញាថា លោកនឹងកែប្រែកម្ពុជាឱ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ ខណៈរដ្ឋាភិបាលរបស់លោកកាលពីពេលថ្មីៗនេះបានបោះពុម្ពលុយចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិក្នុងទំហំទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារ ដោយអះអាងថា ការបោះពុម្ពលុយនោះមិនធ្វើឱ្យប៉ះពាល់ដល់ចរន្តសេដ្ឋកិច្ចជាតិនោះឡើយ។
ជុំវិញរឿងនេះអ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី មានប្រសាសន៍ថា មូលហេតុដែលរដ្ឋាភិបាលបន្តខ្ចីបុលលុយពីបរទេសគឺដោយសារការចំណាយថវិកាជាតិមិនចំគោលដៅ និងគ្មានផែនការចំណាយឱ្យបានច្បាស់លាស់ដែលលោកថា ធ្វើឱ្យគ្មានគណនេយ្យភាព។ លោកបន្តថា បច្ចុប្បន្នកម្ពុជាពឹងដង្ហើមសេដ្ឋកិច្ចចិនដក ហើយប្រសិនបើបែបនេះបន្តទៀតកម្ពុជានឹងបាត់បង់អធិបតេយ្យទៅឱ្យប្រទេសចិនក្នុងករណីកម្ពុជាមិនអាចរើខ្លួនសងបំណុលចិនរួច។
លោក សេង វណ្ណលី៖ «កង្វះស្ថាប័នឯករាជ្យដែលត្រួតពិនិត្យទៅលើការចំណាយទៅលើគម្រោងចំណាយប្រចាំឆ្នាំហើយឈានទៅដល់ការខ្ចីហើយមិនត្រឹមតែមិនជំរុញកំណើនសេដ្ឋកិច្ចទេវាបង្កើនជាបន្ទុក និងបំណុលពីមួយឆ្នាំទៅមួយឆ្នាំវាកើនឡើង។ គោលដៅនៃការខ្ចីបំណុលខ្ចីថវិកាពីបរទេសហ្នឹងគឺដើម្បីជំរុញអភិវឌ្ឍន៍ទៅលើគម្រោងដែលជាអត្ថិភាពដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកដើម្បីកើនថវិកាជាតិ ហើយសងទៅម្ចាស់បំណុលវិញប៉ុន្តែផ្ទុយទៅវិញយើងឃើញថា បំណុលកាន់តែកើនឡើងស្ថានភាពសេដ្ឋកិច្ចកាន់តែពិបាក»។
ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យដឹងថា គិតត្រឹមដំណាច់ត្រីមាសទី២ក្នុងឆ្នាំ២០២៤ កម្ពុជាបានជំពាក់បំណុលបរទេសប្រមាណ ជាង១១ពាន់លានដុល្លារ (១១.១៥៧,៤៨ លានដុល្លារ) ក្នុងនោះចិនគឺជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជាដែលគិតជាទំហំទឹកប្រាក់គឺមានប្រមាណ៤ពាន់លានដុល្លារឬស្មើនឹង៤០ភាគរយនៃបំណុលសរុប ។
អ្នកឃ្លាំមើលសង្គមលើកឡើងថា រដ្ឋាភិបាលគួរតែខិតខំស្ដារសេដ្ឋកិច្ចឡើងវិញតាមរយៈការគោរពសិទ្ធិមនុស្ស និងលុបបំបាត់អំពើពុករលួយដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធEBAពីសហភាពអឺរ៉ុប ជាពិសេសអ្នកវិយោគធំៗមកពីបណ្ដាលោកសេរីដែលជាអាចជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពល្អប្រសើរឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។