ដោយ ឡេង ម៉ាលី
2024.11.10
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត(ស្ដាំ) ជួបនាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៉ីណាវ៉ាត្រា (Paetongtarn Shinawatra) ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី៩ តុលា ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ (Pae Thongthan Shinawatra) អះអាងថា រដ្ឋាភិបាលរបស់លោកស្រី កំពុងរៀបចំបង្កើតគណៈកម្មាធិការបច្ចេកទេសរួម (JTC) នៅពាក់កណ្ដាលខែវិច្ឆិកា នេះ ដើម្បីចរចាជាមួយកម្ពុជា លើបញ្ហាតំបន់ដែលអះអាងថា «ត្រួតស៊ីគ្នា»។ អ្នកឃ្លាំមើលបញ្ហាព្រំដែន ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា គួរតែត្រៀមឯកសារ និងភស្តុតាងឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបទៅនឹងការទាមទាររបស់ថៃ និងសើរើទាមទារកោះគុតដែលថៃកំពុងគ្រប់គ្រងផ្ដាច់មុខ យកមកគ្រប់គ្រងវិញ។
នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៨ ខែវិច្ឆិកា ថា រដ្ឋាភិបាលរបស់អ្នកស្រីនឹងដោះស្រាយបញ្ហាតំបន់ ដែលអះអាងថា «ត្រួតស៊ីគ្នា» ជាមួយកម្ពុជា បន្ទាប់ពីអ្នកស្រីត្រឡប់មកពីកិច្ចប្រជុំកំពូលអាស៊ាន ជី២០ (G20) និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) វិញ នៅថ្ងៃទី៨ ខែវិច្ឆិកា។ នាយករដ្ឋមន្ត្រីថៃរូបនេះ បញ្ជាក់ថា រដ្ឋាភិបាលថៃមិនអាចដកខ្លួនជាឯកតោភាគី ចេញពីអនុស្សរណៈយោគយល់ (MOU) ដែលកម្ពុជា និងភាគីថៃ បានព្រមព្រៀងគ្នាស្ដីពីការអភិវឌ្ឍន៍រួមគ្នានៃធនធានប្រេង និងឧស្ម័ន កាលពីឆ្នាំ២០០១ បានឡើយ ព្រោះករណីនេះ នឹងធ្វើឱ្យមានភាពល្អក់កករក្នុងទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ហើយភាគីកម្ពុជា អាចនឹងប្ដឹងតវ៉ា ក៏អាចថាបាន។
អ្នកស្រី ផេថងថាន បានអះអាងថា នៅក្នុងជំនួបកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្ (GMS) លើកទី៨ ដែលប្រព្រឹត្តទៅនៅប្រទេសចិន កាលពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែវិច្ឆិកា អ្នកស្រីបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងអនុស្សរណៈយោគយល់ក្នុងតំបន់ដែលអះអាងថា «ត្រួតស៊ីគ្នា» នេះ ដោយអ្នកស្រី ផេថងថាន បានអះអាងថា លោក ហ៊ុន ម៉ាណែត បានបង្ហាញពីគោលជំហរជួយគាំទ្រភាគីថៃ ក្នុងការរៀបចំកិច្ចចរចា ដើម្បីបញ្ជាក់ឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរមើលឃើញថា គ្មានភាគីណាមួយ មានប្រៀបជាងគ្នាឬមានបញ្ហានោះឡើយ ក្នុងនោះ រួមទាំងករណីទាមទារកោះគុតផងដែរ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅមណ្ឌលខេត្តសៀមរាប លោក អ៊ុំ សំអាន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៩ ខែវិច្ឆិកា ថា បញ្ហាការចរចាក្នុងវិវាទតំបន់ដែលអះអាងថា «ត្រួតស៊ីគ្នា» រវាងថៃ និងកម្ពុជា នេះ អាចមានការសម្របសម្រួលសម្ងាត់ក្រៅផ្លូវការ របស់គ្រួសារមេដឹកនាំនៃប្រទេសទាំងពីរ ដែលមានឪពុកនឹងឪពុករាប់អានគ្នាធ្វើជាបងប្អូនធម៌។
លោក អ៊ុំ សំអាន៖ «ហើយអាចមួយទៀត ដោយសារត្រកូលហ៊ុន កំពុងជួបវិបត្តិសេដ្ឋកិច្ចផង អ៊ីចឹងអាចស៊ុមគ្រលុំជាមួយមេដឹកនាំថៃបូមយកប្រេងទៅ ប្រសិនបើជាឡើងទៅតុលាការយុត្តិធម៌អន្តរជាតិនោះ ក៏ត្រូវការពេលយូរដែរ។ អ៊ីចឹងដើម្បីត្រូវការលុយយកមកទប់អំណាចគ្រួសារត្រកូលហ៊ុន អ៊ីចឹងសុខចិត្តស៊ុមគ្រលុំគ្នា រកស៊ីជាមួយគ្នានៅលើតំបន់ត្រួតស៊ីគ្នាហ្នឹងទៅ»។
កាលពីថ្ងៃទី៤ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានថ្លែងនៅពីមុខទីស្ដីការគណៈរដ្ឋមន្ត្រី ដោយអះអាងថាកោះគុត គឺជាកម្មសិទ្ធិរបស់ប្រទេសថៃផ្ដាច់មុខ ជាយូរណាស់មកហើយ ដោយផ្អែកលើសន្ធិសញ្ញាបារាំង ។ជាមួយគ្នានេះ អ្នកស្រីបានអះអាងទៀតថា រដ្ឋាភិបាលកម្ពុជាព្រមទទួលស្គាល់ និងមិនទាមទារកោះគុត ពីថៃនោះឡើយ ហើយបញ្ហាកោះគុតនេះ ក៏រដ្ឋាភិបាលថៃមិនបានដាក់បញ្ចូលទៅក្នុងកិច្ចចរចាស្ដីពីតំបន់ត្រួតស៊ីគ្នាឡើយ។
ទោះជាបែបនេះក្ដី អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅមណ្ឌលខេត្តសៀមរាប លោក អ៊ុំ សំអាន អះអាងថា យោងតាមអនុសញ្ញាបារាំង – សៀម ឆ្នាំ១៩០៧ បារាំងបានកំណត់ព្រំដែនសមុទ្រត្រូវយកចំណុចខ្ពស់បំផុតនៃកោះគុតជាគោល។ ចំណុចខ្ពស់បំផុតនៃកោះគុត កម្ពុជាត្រូវទទួលបានដីមួយផ្នែកធំនៃកោះនេះ ឬស្មើនឹង ២/៣ នៃកោះគុតទាំងមូល រីឯភាគីថៃទទួលបានដី ១/៣ នៃកោះនេះ។
ទោះជាយ៉ាងណា ថៃបានចូលកាន់កាប់កោះគុត និងផ្នែកដែនសមុទ្រខ្មែរនៅតំបន់ដែលអះអាងថា «ត្រួតស៊ីគ្នា» (OCA) គឺបន្ទាប់ពីរដ្ឋាភិបាលអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះកិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្ត្រឆ្នាំ១៩៨២ ជាមួយប្រទេសវៀតណាម។ លោក អ៊ុំ សំអាន ចោទថា ការណ៍ដែលរដ្ឋាភិបាលសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងលោក ហ៊ុន សែន ចុះកិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្ត្រឆ្នាំ១៩៨២ ជាមួយវៀតណាម និងការធ្វើឱ្យរាល់សន្ធិសញ្ញាខុសច្បាប់នានាកាលពីសម័យនោះ រស់ឡើងវិញតាមរយៈការធ្វើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ធ្វើឱ្យកម្ពុជាត្រូវបាត់បង់អធិបតេយ្យលើកោះគុត និងដែនសមុទ្រខ្មែរប្រមាណ ៣ម៉ឺនគីឡូម៉ែត្រការ៉េ។
បច្ចុប្បន្នកោះគុត ត្រូវបានរដ្ឋាភិបាលថៃ អភិវឌ្ឍបង្កើតទៅជាតំបន់ទេសចរណ៍ ដោយមានភ្ញៀវមកកម្សាន្តប្រហែល ៣០ម៉ឺននាក់ក្នុងមួយឆ្នាំ ហើយកោះនេះ ក៏ជាកន្លែងទាហានជើងទឹករបស់ថៃ យកធ្វើជាកន្លែងសមយុទ្ធផងដែរ។ តំបន់ដែលភាគីថៃអះអាងថាជាតំបន់ «ត្រួតស៊ីគ្នា» នេះ អាចមានកំណប់ប្រេង និងឧស្ម័នដែលមានតម្លៃយ៉ាងហោចណាស់ ៣០០ពាន់លានដុល្លារ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន លោក ឡាំ ជា និងអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៩ ខែវិច្ឆិកា។
ជុំវិញរឿងនេះ អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់ឃើញថា ការចរចារវាងកម្ពុជា-ថៃ ក្នុងវិវាទដែនសមុទ្រនេះ អាចនឹងបន្តជាប់គាំង ដោយសារអ្នកនយោបាយប្រឆាំងនៃប្រទេសទាំងពីរ បានយកបញ្ហានេះ ធ្វើជាអាវុធដើម្បីប្រឆាំង។ លោក សេង វណ្ណលី បន្តថា ដើម្បីបញ្ចប់វិវាទមួយនេះ រដ្ឋាភិបាលកម្ពុជាគួរតែចរចាជាមួយភាគីថៃ ឱ្យបញ្ជូនសំណុំរឿងនេះ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយ។
លោក សេង វណ្ណលី៖ «ដោយសារតែតាមពិតទៅ មិនមែនរាល់បញ្ហាយើងត្រូវតែលើកទៅតុលាការអន្តរជាតិនោះទេ ក៏ប៉ុន្តែដោយសារបញ្ហានេះ គឺជាបញ្ហាមានភាពស្មុគស្មាញ ហើយភាគីថៃកំពុងលើកយកបញ្ហានេះ ធ្វើយ៉ាងម៉េចដើម្បីឱ្យមានឧត្ដមគតិស្នេហាជាតិរបស់ខ្លួន ដែលអាចប៉ះពាល់ដល់ទំនាក់ទំនងពលរដ្ឋនឹងពលរដ្ឋ និងបង្កទៅជាអរិភាពនៅក្នុងចំណោមអ្នកនយោបាយ»។
លោក អ៊ុំ សំអាន លើកឡើងថា រដ្ឋាភិបាលកម្ពុជា គួរតែលើកយកបញ្ហាកោះគុត ដាក់បញ្ចូលទៅក្នុងកិច្ចចរចាស្ដីពីតំបន់ដែលអះអាងថា «ត្រួតស៊ីគ្នា» និងទាមទារចំណែក ២ភាគ៣ នៃកោះនេះយកមកគ្រប់គ្រងវិញ ព្រោះប្រសិនបើកម្ពុជាបាត់បង់កោះគុត នោះនឹងជះឥទ្ធិពលដល់ការបែងចែកតំបន់ដែលអះអាងថា «ត្រួតស៊ីគ្នា» ដែលនឹងធ្វើឱ្យកម្ពុជាបាត់បង់ដែនសមុទ្របន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។