លោក ហ៊ុន ម៉ាណែត ចេញមុខរិះគន់លើការវិភាគដែលថារដ្ឋាភិបាលរបស់លោកមិនចេះធ្វើការ

កម្ពុជា
រដ្ឋអំណាច
11/11/2024 – 18:01
ដោយ៖ សាំ ឧត្តម
RFI

ថ្ងៃទី១១ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា ក្នុងរយៈពេល ១៥ខែនៃការដឹកនាំប្រទេសកម្ពុជា រដ្ឋាភិបាលអាណត្តិទី៧អាចសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនសម្រាប់បម្រើដល់ផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិ។ ការលើកឡើងពីសមិទ្ធផលរបស់នាយករដ្ឋមន្ត្រីកម្ពុជានាពេលនេះ អាចជាការលើកសរសើរខ្លួនឯង និងទំនងជាការឆ្លើយតបនឹងការវិភាគរិះគន់មួយចំនួនដែលថា រដ្ឋាភិបាលកម្ពុជាពុំចេះធ្វើការ និងដើរតែសម្ពោធសមិទ្ធផលដដែលៗ។

លោក ហ៊ុន ម៉ាណែត ចេញមុខរិះគន់លើការវិភាគដែលថារដ្ឋាភិបាលរបស់លោកមិនចេះធ្វើការ


ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិថីតេជោសន្តិភាពឆ្នេរអង្កោល ក្នុងខេត្តកែប លោក ហ៊ុន ម៉ាណែត បានលើកសរសើរពីភាពជោគជ័យ ឬសមិទ្ធផលជាតិដែលបានលេចចេញជារូបរាងបន្តបន្ទាប់គ្នាក្រោមការដឹកនាំរបស់លោកក្នុងរយៈពេល១ឆ្នាំ ៣ខែកន្លងទៅនេះ។ សមិទ្ធផលដែលលោក ហ៊ុន ម៉ាណែត បានលើកឡើងនោះរួមមានផ្លូវ ថ្នល់ ស្ពានថ្មី គម្រោងព្រែកជីកហ្វូណនតេជោ ការពង្រីកប្រព័ន្ធភ័ស្តុភារកម្មនៅកំពង់ផែព្រះសីហនុ និងសមិទ្ធផលជាច្រើនផ្សេងទៀត។

តាមលោក ហ៊ុន ម៉ាណែត សមិទ្ធផលទាំងនេះកើតចេញពីការដាក់យុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលអាណត្តិទី៧ ដែលផ្ទុយស្រឡះទៅនឹងការវិភាគរបស់អ្នកវិភាគក្រៅស្រុកមួយចំនួន ដូចជាលោក ជេម សុខ។ អ្នកវិភាគរូបនេះបានរិះគន់កាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត មិនចេះធ្វើការអ្វីទាំងអស់ ក្រៅតែពីដើរសម្ពោធសមិទ្ធផលដដែលៗ។ ចំពោះលោក ហ៊ុន ម៉ាណែត លោកពេញចិត្តនឹងទទួលយករាល់ការរិះគន់ក្នុងន័យស្ថាបនា តែបើសិនជាការរិះគន់មានលក្ខណៈជាន់ពន្លិច ការវិភាគនោះត្រូវតែធ្វើឡើងបែបវិទ្យាសាស្ត្រតាមរយៈការប្រមូលភស្តុតាងឱ្យបានច្បាស់លាស់។

ភ្លាមៗបន្ទាប់ពីទទួលប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោក ជេម សុខ បានឆ្លើយតបដោយបានស្នើឱ្យលោក ហ៊ុន ម៉ាណែត បង្ហាញព័ត៌មាន តួលេខ និងរបាយការណ៍ច្បាស់លាស់របស់ក្រសួង ស្ថាប័ននីមួយៗរបស់រដ្ឋ ពិសេសរបាយការណ៍ពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងតួលេខនៃការប្រើប្រាស់កញ្ចប់ថវិកា និងកម្ចីពីបរទេសដែលចំណាយនៅក្នុងគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធនានា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត © STPM

គួរជម្រាបថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លោក ហ៊ុន ម៉ាណែត បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាបានជិត ១៥ខែ។ ក្នុងរយៈពេលជិត១៥ខែកន្លងទៅនេះ លោក ហ៊ុន ម៉ាណែត បានអះអាងថា ស្ថានភាពនយោបាយ សន្តិសុខសង្គម ការអភិវឌ្ឍសង្គម កិច្ចការងារផ្នែកការទូត ទំនាក់ទំនងអន្តរជាតិ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជាមានភាពល្អប្រសើរ និងកើនឡើងជាលំដាប់៕

What Next?

Recent Articles