ចៅក្រមស៊ើបសួរបញ្ចូនសំណុំរឿង ស្រី ស៊ីណា ទៅជំនុំជម្រះ ក្រោយមានសំណើពីគ្រួសារជនរងគ្រោះ

កម្ពុជា
ច្បាប់-យុត្តិធម៌

12/11/2024 – 11:09
ដោយ៖ សាំ ឧត្តម
RFI

សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធអំពើឃាតកម្មដែលប្រព្រឹត្តដោយអតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបញ្ចូនទៅតុលាការដើម្បីជំនុំជម្រះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញចេញផ្សាយនៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ សំណុំរឿងដែលបានបញ្ចូនទៅឪ្យតុលាការជំនុំជម្រះ គឺពាក់ព័ន្ធនឹងអំពើឃាតកម្ម ការប៉ុនប៉ងឃាតកម្ម និងការប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។ 

ចៅក្រមស៊ើបសួរបញ្ចូនសំណុំរឿង ស្រី ស៊ីណា ទៅជំនុំជម្រះ ក្រោយមានសំណើពីគ្រួសារជនរងគ្រោះ


អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា ក្រោយពីបានស្រាវជ្រាវ និងបំពេញការងារស៊ើបសួរដោយម៉ត់ចត់តាមនីតិវិធីច្បាប់ចប់សព្វគ្រប់រួចមក ចៅក្រមស៊ើបសួរបានចេញដីកាសម្រេចបញ្ចូនសំណុំរឿងព្រហ្មទណ្ឌចំនួន២ទៅតុលាការជំនុំជម្រះ គឺសំណុំរឿង «ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត» និងសំណុំរឿង «ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធគ្មានការអនុញ្ញត»

តាមអ្នកនាំពាក្យដដែល តុលាការនឹងកំណត់កាលបរិច្ឆេទសវនការនៅពេលដ៏ខ្លីខាងមុខ។ ចំណែកសំណុំរឿងព្រហ្មទណ្ឌទី៣ដែលពាក់ព័ន្ធនឹងបទ «រំលោភលើលំនៅឋាន» ប្រព្រឹត្តនៅចំណុចបុរីប៉េងហួតបឹងស្នោរកាលពីថ្ងៃទី១៧ ខែមិថុនាត្រូវបានចៅក្រមស៊ើបសួរត្រៀមបិទការស៊ើបសួរដើម្បីបញ្ចូនទៅជំនុំជម្រះតាមនីតិវិធីច្បាប់ដូចគ្នា។

ក្រៅពីសំណុំរឿងព្រហ្មទណ្ឌ សាលាដំបូងរាជធានីភ្នំពេញតាមរយៈសេចក្តីប្រកាសព័ត៌មានកាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកាក៏បានអះអាងថា តុលាការកំពុងដោះស្រាយសំណុំរឿងរដ្ឋប្បវេណីចំនួន២ផ្សេងទៀត។ គឺជាសំណុំរឿងរដ្ឋប្បវេណីដែលតុលាការចេញដីការក្សាការពាររឹបអូសទ្រព្យសម្បត្តិចលនវត្ថុ និងអចលនវត្ថុរបស់ជនត្រូវចោទឈ្មោះ ស្រី ស៊ីណា តបតាមសំណើរបស់ក្រុមគ្រួសារជនរងគ្រោះ និងសំណុំរឿងនៃការប្តឹងតវ៉ារបស់តតិយជនដែលមានឈ្មោះស្រី សុធីតាលើការសម្រេចរបស់តុលាការពាក់ព័ន្ធនឹងការចេញដីការឹបអូសទ្រព្យសម្បត្តិជាបណ្តោះអាសន្ន។

គួរកត់សម្គាល់ថា ការបញ្ចូនសំណុំរឿងព្រហ្មទណ្ឌទៅជំនុំជម្រះពេលនេះធ្វើឡើង បន្ទាប់ពីក្រុមគ្រួសារជនរងគ្រោះបានដង្ហោយហៅយុត្តិធម៌ និងជំរុញឱ្យតុលាការពន្លឿននីតិវិធីច្បាប់ ក្រោយស្ងប់ស្ងាត់អស់ពេលជាង ៥ខែ និងក្រោយសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទ ស្រី ស៊ីណា។ សាច់ញាត្តិគ្រួសារជនរងគ្រោះបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI កាលពីថ្ងៃទី១០ វិច្ឆិកាថា គិតចាប់តាំងពីពេលហេតុការណ៍បាញ់សម្លាប់កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៤ មក តុលាការពុំដែលកោះហៅភាគីគ្រួសារជនរងគ្រោះឱ្យចូលសវនការលើសំណុំរឿងព្រហ្មទណ្ឌម្តងណាឡើយ។ 

ពិធីបញ្ចុះសពលោក ឡុង លីសុង និងកញ្ញា ឃិន កញ្ចនា ដែលត្រូវបានជនត្រូវចោទស្រី ស៊ីណា បាញ់សម្លាប់កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤
ពិធីបញ្ចុះសពលោក ឡុង លីសុង និងកញ្ញា ឃិន កញ្ចនា ដែលត្រូវបានជនត្រូវចោទស្រី ស៊ីណា បាញ់សម្លាប់កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ © Internet

តែតុលាការបែរជាកោះហៅឱ្យចូលទាញហេតុផលលើបណ្តឹងតវ៉ារដ្ឋប្បវេណីដែលប្តឹងដោយគ្រួសារជនត្រូវចោទជុំវិញដីការឹបអូសទ្រព្យសម្បត្តិជនត្រូវចោទជាបណ្តោះអាសន្នទៅវិញ។ ទោះយ៉ាងណា គ្រួសារជនរងគ្រោះបានបង្ហាញក្តីសង្ឃឹមថា នឹងអាចទទួលបានយុត្តិធម៌ដ៏ឆាប់ខាងមុខ ក្រោយចៅក្រមស៊ើបសួរបានបញ្ចូនសំណុំរឿងទៅជំនុំជម្រះ៕

What Next?

Recent Articles