ដោយ សេក បណ្ឌិត
2024.11.12
RFA

ស្រូវរបស់កសិករ ដែលក្រសួងព័ត៌មានផ្សព្វផ្សាយ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ រូប ក្រសួងព័ត៌មាន
កសិករមួយចំនួនរស់នៅក្នុងខេត្តសៀមរាប និងព្រះវិហារ បង្ខំចិត្តលក់ស្រូវក្នុងតម្លៃថោក ដើម្បីបង្វិលប្រាក់សងម្ចាស់បំណុល និងធនាគារ។ ពួកគាត់អះអាងថា ក្រុមឈ្មួញកណ្ដាល បានបន្តុះបង្អាប់តម្លៃស្រូវរបស់ពួកគាត់ ក្នុងពេលដែលកសិករកំពុងសម្រុកប្រមូលផលស្រូវអំឡុងខែវិច្ឆិកានេះ។
កសិកររស់នៅស្រុកចំនួន៣ ក្នុងខេត្តព្រះវិហារគឺស្រុកត្បែងមានជ័យ ស្រុកឆែប ស្រុកជ័យសែន និងកសិករមួយចំនួននៃខេត្តសៀមរាប កំពុងបាក់ទឹកចិត្តលែងចង់ប្រកបរបរកសិកម្មដោយសារតម្លៃស្រូវឆ្នាំនេះ មិនអាចទូទាត់ការចំណាយថ្លៃដើមបានឡើយ ធ្វើឱ្យពួកគាត់ជួបការលំបាកផ្ទួនៗគ្នា។
ឧបសគ្គដែលនាំឱ្យកសិករជួបការលំបាកត្រួតគ្នារួមមាន គ្រោះធម្មជាតិ និងបញ្ហាសត្វល្អិតបំផ្លាញដំណាំស្រូវ ធ្វើឱ្យស្រូវរបស់កសិករមិនសូវទទួលបានទិន្នផលខ្ពស់ឡើយ។
កសិកររស់នៅស្រុកត្បែងមានជ័យខេត្តព្រះវិហារលោក សឹម សានឹត ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃទី១១ វិច្ឆិកា ថា ឆ្នាំនេះលោកធ្វើស្រែលើផ្ទៃដី ១០ហិកតារហើយទើបតែប្រមូលផលស្រូវបាន ១៦តោន ក៏ប៉ុន្តែតម្លៃស្រូវធ្លាក់ចុះ ដោយក្នុងមួយគីឡូក្រាម តម្លៃចាប់ពី ៩២០រៀលដល់ ៩៤០រៀល ធ្វើឱ្យលោកត្រូវខាតបង់មិនអាចទូទាត់ ការចំណាយថ្លៃដើមបានឡើយ។
បើទោះជាស្រូវថោកក៏ដោយ ក៏លោកត្រូវបង្ខំចិត្តលក់ស្រូវស្ទើរតែទាំងអស់ ព្រោះតែគ្មានជម្រើស ដើម្បីប្រមូលលុយសងធនាគារ ដែលលោកបានខ្ចីធ្វើដើមទុនកសិកម្ម។
លោក សឹម សានឹត៖ «មុនដំបូងគឺមានដើមស្រូវមានអីពេញ ប៉ុន្តែពេលស្រូវផើមគឺវាងាប់តែម្ដង!ដល់អ៊ីចឹងទៅតម្លៃស្រូវវាថោកអត់រួចខ្លួន នឹងថ្លៃចំណាយ និយាយរួមអត់រួចដើម»។
កសិករម្នាក់ទៀតរស់នៅស្រុកជ័យសែន លោក លឿន សារឺ ត្អូញថា ស្រូវឆ្នាំនេះមិនសូវកើនផលច្រើនទេ ដោយសារបញ្ហាប្រឈមសត្វល្អិត និងប្រែប្រួលអាកាសធាតុ ធ្វើឱ្យទិន្នផលស្រូវរបស់លោកថយចុះច្រើន បើធៀបនឹងឆ្នាំមុនៗ។
លោកបញ្ជាក់ថា ឆ្នាំនេះលោកធ្វើស្រែលើផ្ទៃដី ២០ហិកតារ នឹងត្រៀមច្រូតកាត់ឆាប់ៗ នេះ ក៏ប៉ុន្តែតម្លៃស្រូវថោកពេក ធ្វើឱ្យលោកហាក់អល់អែកក្នុងការលក់ចេញ។
លោក លឿន សារឺ៖ «បើសម្រាប់ខ្ញុំវិញខ្ញុំជួបការលំបាកមែនទែនគឺខ្ញុំប្រើថ្នាំប្រើជី ដល់ស្រូវចុះថោកអ៊ីចឹងម៉ាស៊ីនចេះតែឡើងថ្លៃយី!សព្វគ្រប់កំពុងតែបារម្ភបើថោកអ៊ីចឹងខ្ញុំមិនដឹងច្រូតទៅដាក់កន្លែងណាផង»។
បុរសដដែលបន្ថែមថា កសិករភាគច្រើននៅខេត្តព្រះវិហារធ្វើស្រែប្រវាស់មេឃដដែលៗ ជាច្រើនឆ្នាំមកហើយ ដោយក្នុងមួយឆ្នាំធ្វើស្រែបានតែម្តងប៉ុណ្ណោះ។
កសិករបន្ថែមថា ពួកគាត់ជួបបញ្ហាច្រើន ទម្រាំបានផលស្រូវ ត្រូវចំណាយកម្លាំងពលកម្ម ចំណាយថ្លៃភ្ជួររាស់ ថ្លៃច្រូតកាត់ ថ្លៃដឹកជញ្ជូន ចំណាយថ្លៃពូជ ជី ថ្នាំសម្លាប់សត្វល្អិត និងថ្នាំបាញ់ស្មៅ ជាដើម។ រីឯបញ្ហាប្រែប្រួលអាកាសធាតុ ក៏ជាឧបសគ្គ ធ្វើឱ្យស្រូវរបស់កសិករមួយចំនួនក្រៀមស្វិត ដោយសារតែរលកកម្តៅកើនឡើងខ្លាំង។
រីឯស្ថានភាពកសិករនៅខេត្តសៀមរាបឯនោះវិញ កសិកររស់នៅក្នុងស្រុកចំនួន៩ ក្នុងខេត្តនេះ កំពុងមមាញឹកប្រមូលផលកសិកម្មដូចគ្នាដែរ។ រីឯក្រុមឈ្មួញក៏កំពុងសម្រុកប្រមូលទិញស្រូវពីកសិករដល់មូលដ្ឋាន។ កសិករអះអាងថា តម្លៃស្រូវឋិតលើបបូរមាត់ឈ្មួញកណ្តាល ជាអ្នកកំណត់ទៅតាមប្រភេទគុណភាពស្រូវ ដោយស្រូវខ្លះឈ្មួញបានឱ្យតម្លៃចន្លោះពី ៨០០រៀល ទៅ ៩០០រៀលប៉ុណ្ណោះ ខណៈដែលតម្លៃស្រូវអាចចំណេញបានចន្លោះពី ១.១០០រៀល ដល់ ១៣.០០០រៀល ក្នុងមួយគីឡូក្រាម ។
កសិកររស់នៅស្រុកសូទ្រនិគមខេត្តសៀមរាប លោកស្រី យឿន សុភាព សង្កេតឃើញថា កសិករភាគច្រើនត្រូវបង្ខំចិត្តលក់ស្រូវក្នុងពេលប្រមូលផលភ្លាមៗ ដើម្បីយកលុយសងថ្លៃច្រូតកាត់ ថ្លៃជី និងសងបំណុលធនាគារ។
លោកស្រីថា តម្លៃស្រូវធ្លាក់ចុះដូច្នេះ អ្នកទទួលផលចំណេញកប់ក្ដោងគឺក្រុមឈ្មួញកណ្តាល។
លោកស្រី យឿន សុភាព៖ «បើយើងទិញជី ជួលអាត្រាក់គេមួយហិកតារ ១៥ម៉ឺន ចុះបើនៅថ្លៃជីថ្លៃអីទៀត ព្រោះយើងជួលគេបាញ់ថ្នាំសព្វគ្រប់ ហោចណាស់ ក៏មួយថ្ងៃ ៨ម៉ឺនរៀលដែរ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងជុំវិញរឿងនេះពីអ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ និងកញ្ញា អ៊ឹម រចនា បាននៅឡើយទេ នៅថ្ងៃទី១១ វិច្ឆិកា ដោយទូរស័ព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។
ជុំវិញរឿងនេះ ប្រធានសហគមន៍បណ្ដាញកសិករ លោក សៀក ចំណាប់ យល់ថា បញ្ហានេះរដ្ឋាភិបាលគួរតែជំរុញឱ្យមន្ត្រីជំនាញចុះមូលដ្ឋានគ្រប់ច្រកល្ហក ដើម្បីអន្តរាគមន៍ជួយកសិករឱ្យចំទិសដៅ ធ្វើយ៉ាងណារក្សាតម្លៃស្រូវកុំឱ្យក្រុមឈ្មួញក្រឡុកតាមចិត្ត។
លោក សៀក ចំណាប់៖ «បញ្ហាដែលអាចដោះស្រាយបានគឺទាក់ទងជាមួយនឹងអាជ្ញាធរហើយ! នៅរដូវច្រូតអ៊ីចឹងអាជ្ញាធរគួរដាក់មន្ត្រីបច្ចេកទេសប្រចាំការ ដើម្បីមើលតួលេខនិងស្រាវជ្រាវមើលអំពីតម្លៃលាក់ថ្លៃអាចដោះស្រាយបញ្ហា។ ប៉ុន្តែបើអាជ្ញាធរប្រសិនមិនគិតគូរទេបញ្ហាតម្លៃស្រូវចុះថោក អាចបញ្ចប់ទេ នឹងនៅតែកើតឡើងដដែលៗ»។
កាលពីថ្ងៃទី៧ វិច្ឆិកា សហព័ន្ធស្រូវអង្ករកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មានឱ្យដឹងថា រយៈពេល ១០ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករជាង ៥សែន (៥,០៧) តោនទៅកាន់ទីផ្សារអន្តរជាតិដោយគិតជាទឹកប្រាក់មានចំនួន ៣៧៦លានដុល្លារអាមេរិក។
អង្ករទាំងនោះកម្ពុជានាំចេញទៅប្រទេសតំបន់អឺរ៉ុប សហរដ្ឋអាមេរិក ចិន ប្រទេសក្នុងតំបន់អាស៊ាន អាហ្វ្រិក និងមជ្ឈិមបូព៌ាជាដើម។
ប្រជាកសិករឱ្យដឹងថា តម្លៃស្រូវចុះថោកដូច្នេះ ធ្វើឱ្យកសិករខ្លះបាក់ទឹកចិត្តបោះបង់មុខរបរនេះ ហើយធ្វើចំណាកស្រុក។ ពួកគេអំពាវនាវឱ្យរដ្ឋាភិបាលរកដំណោះស្រាយជួយកសិករឱ្យមានប្រសិទ្ធភាពយូរអង្វែង គឺជាផ្នែកមួយទប់ស្កាត់ពលករខ្មែរធ្វើចំណាកស្រុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។