ដោយ យ៉ង ចាន់តារា
2024.11.13
RFA

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ចូលរួមប្រជុំព្រឹទ្ធសភា នៅថ្ងៃទី១៣ វិច្ឆិកា ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ពលរដ្ឋនិងអ្នកឃ្លាំមើលសង្គមលើកឡើងថា ថ្វីត្បិតតែលោក ហ៊ុន សែន បានផ្ទេរអំណាចជានាយករដ្ឋមន្ត្រីឱ្យទៅកូនរបស់លោកគឺជាលោក ហ៊ុន ម៉ាណែត រួចហើយ ក្ដីក៏លោកនៅតែចិញ្ចឹមចិត្តតាមកម្ចាត់ចោលក្រុមអ្នកប្រឆាំង និងអ្នករិះគន់គ្រួសាររបស់លោកដើម្បីរក្សាអំណាចសន្តតិវង្សដដែល។ ពួកគាត់អះអាងថា ចរិតឆេវឆាវ ហិង្សា និងអាត្មានិយមរបស់លោក ហ៊ុន សែន នេះបានរុញច្រានឱ្យកម្ពុជាជួបវិបត្តិសង្គមធ្ងន់ធ្ងរ។
អ្នកឃ្លាំមើលសង្គមមួយចំនួនថា ចរិតច្រឡោងខាមរបស់លោក ហ៊ុន សែន មិនបានជួយឱ្យប្រទេសជាតិរីកចម្រើននោះទេ ផ្ទុយទៅវិញពលរដ្ឋបាត់បង់ជំនឿចិត្តលើការដឹកនាំរបស់គ្រួសារត្រកូល«ហ៊ុន»។
ប្រធានចលនាប្រជាធិបតេយ្យរួបរួមជាតិនៅប្រទេសកូរ៉េខាងត្បូង លោក លួន វិបុល ស្នើឱ្យលោក ហ៊ុន សែន គួរតែយកពេលវេលាជួយដោះស្រាយទុក្ខលំបាករបស់កសិករ បញ្ហាឧក្រិដ្ឋកម្មការឆបោកតាមអនឡាញ បញ្ហាបូរណភាពទឹកដី និងដោះលែងអ្នកទោសមនសិការទាំងអស់ឱ្យមានសេរីភាពឡើងវិញ។
លោក លួន វិបុល៖ «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលខ្ញុំហៅអ៊ំហ្នឹងពីដើមប្រវត្តិគាត់អតីតខ្មែរក្រហម ទាហានខ្មែរក្រហមអ៊ីចឹងកាលណារៀន។ ខ្ញុំមិនមាក់ងាយទៅលើគាត់ទេពីព្រោះពីដើមអ្នកដែលរៀនចាស់ពីដើមគាត់រៀនថ្នាក់ទី១ ថ្នាក់ទី២គឺសុទ្ធតែខ្លាំងៗហើយវាផ្ទុយពីយើងពេលបច្ចុប្បន្ន។ ប៉ុន្តែទាក់ទងនឹងសុជីវធម៌នៃការប្រើប្រាស់ពាក្យសំដីក្នុងនាមជាមេដឹកនាំតាំងខ្លួនជាបិតាសន្តិភាពនៅក្នុងស្រុកខ្មែរគាត់គួរតែចេះប្រើពាក្យពេចន៍ឱ្យបានសមរម្យ»។
នៅក្នុងរយៈពេលជាង៤០ឆ្នាំដែលអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានដឹកនាំប្រទេស មានបញ្ហាក្នុងសង្គមជាច្រើនដែលកើតឡើងក្នុងនោះរួមមាន វិបត្តិដីធ្លី ការកាប់បំផ្លាញធនធានធម្មជាតិ ការកាប់បំផ្លាញព្រៃឈើ ការលុបបឹង បញ្ហាសេដ្ឋកិច្ច និងកម្មករឥតការងារជាដើម។ ពាក់ព័ន្ធនឹងបញ្ហារំលោភយកដីធ្លី លោក ហ៊ុន សែន បានបណ្ដេញពលរដ្ឋនៅតំបន់រុនតាឯកឱ្យចេញពីលំនៅឋានទាំងបង្ខំក្រោមរូបភាពអភិវឌ្ឍន៍ដោយគ្មានការផ្ដល់សំណងសមរម្យ ហើយសកម្មជនដីធ្លីខ្លះពួកគាត់ត្រូវជាប់ពាក្យបណ្ដឹងនៅតុលាការដោយសារតែការក្រាញននៀលទាមទារឱ្យមានសំណងសមរម្យលើដីអាស្រ័យផលរបស់ខ្លួន។ ទាក់ទងនឹងការបណ្ដេញពលរដ្ឋចេញទាំងបង្ខំនេះអង្គការលើកលែងទោសអន្តរជាតិ Amnesty International បានចេញរបាយការណ៍មួយកាលពីឆ្នាំ២០២៣ ដោយរកឃើញថា រដ្ឋាភិបាលកម្ពុជាបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដោយបង្ខំឱ្យពលរដ្ឋទៅរស់នៅទីតាំងថ្មីដែលប្រឈមនឹងគ្មានមុខរបរ បាត់បង់ជីវភាពរស់នៅសមរម្យ ឆ្ងាយពីក្រុង ខ្វះអនាម័យ ហើយត្រូវចាប់ផ្ដើមសាងសង់ផ្ទះដោយខ្លួនឯងដូចចាប់ផ្ដើមពីបាតដៃទទេឡើងវិញ។
ការរិះគន់របស់យុវជន និងមន្ត្រីបក្សប្រឆាំងដូច្នេះបន្ទាប់ពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានខឹងសម្បារ និងប្រើពាក្យអសុរោះជេរប្រមាថ សមាជិកទូរទស្សន៍មនសិការខ្មែរអមតៈម្នាក់ដោយសារតែសមាជិករូបនោះចោទសួរលោក ហ៊ុន សែន ពីមូលហេតុដែលលោក ហ៊ុន សែន ប្រើល្បិចកលចង់កម្ទេចទូរទស្សន៍មួយនេះមិនឱ្យផ្សព្វផ្សាយពីបញ្ហាសង្គម និងពលរដ្ឋខ្មែរដែលរងគ្រោះ។ ថ្វីដ្បិតតែលោក ហ៊ុន សែន បានប្រើពាក្យសំដីជេរប្រមាថពលរដ្ឋជាសាធារណៈក្ដី ក៏មន្ត្រីហែហម និងស្ថាប័នជាតិមួយចំនួនដូចជា ក្រសួងមហាផ្ទៃជាដើមបានចេញញត្តិគាំទ្រលោក ហ៊ុន សែន និងថ្កោលទោសទៅលើក្រុមមនុស្សដែលលោក ហ៊ុន សែន ជេរប្រមាថទៅវិញ។
ក្រៅពីជាប់ឈ្មោះជាមេដឹកនាំមានចិត្តឆេវឆាវ និងចូលចិត្តយកប្រព័ន្ធតុលាការដើម្បីកាច់បំបាក់ធ្មុងគូប្រកួតប្រជែងក្នុងឆាកនយោបាយ លោក ហ៊ុន សែន ក៏ជាមនុស្សឱបក្រសោបមនុស្សដែលមានភក្ដីភាពចំពោះលោកផងដែរ បើទោះជាពួកគេប្រព្រឹត្តកំហុសយ៉ាងណាក្ដី។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិខេត្តកំពង់ធំ លោក ម៉ែន សុថាវរិន្រ្ទ លើកឡើងថា លោក ហ៊ុន សែន ជេរប្រមាថ និងគំរាមដល់អាយុជីវិតចំពោះអ្នកណាដែលហ៊ានរិះគន់លោក។ លោកបន្តថា លោក ហ៊ុន សែន គឺជាមនុស្សសម្បូរកលល្បិចដើរអូសទាញ លួងលោម និងយកលុយទិញទឹកចិត្តមន្ត្រីបក្សប្រឆាំងឱ្យចុះចូលជាមួយបក្សកាន់អំណាច ហើយប្រសិនបើករណីមន្ត្រីបក្សប្រឆាំងទាំងនោះមិនព្រមចុះចូលទេលោក ហ៊ុន សែន បញ្ជាឱ្យតាមចាប់យកមកដាក់ក្នុងពន្ធនាគារ។
លោក ម៉ែន សុថាវរិន្រ្ទ៖«គ្រាន់តែមើលទៅចរិតពាលចេញមកឃើញអ៊ីចឹងហ្មងគាត់មិនដូចថ្នាក់ដឹកនាំគេទូទាំងពិភពលោកដូចនៅប្រទេសបារាំង ឬនៅប្រទេសគេផ្សេងធ្វើអ៊ីចឹងគេទម្លាក់ចោលបាត់ហើយដោយឃើញចរិតអ៊ីចឹង។ នេះដោយសារគាត់អ៊ីចឹងហើយបានជាពលរដ្ឋលេងពេញចិត្តគាត់អស់សមត្ថភាពលេងធ្វើអីកើតអ៊ីចឹងបានពលរដ្ឋលេងទុកចិត្តគាត់»។
ក្រៅពីលោក ហ៊ុន សែន បង្កើនការចាប់ចងសកម្មជនបក្សប្រឆាំងដើម្បីបំបិទសំឡេងអ្នករិះគន់ហើយនោះ លោក ហ៊ុន សែន ក៏បានជួយមនុស្សដែលស្មោះត្រង់នឹងគ្រួសាររបស់លោកផងដែរ។ ជាឧទាហរណ៍ដូចជាប្រធានហិរញ្ញវត្ថុរបស់គណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភាលោក លី យ៉ុងផាត់ ដែលត្រូវបានសហរដ្ឋអាមេរិក កាលពីខែកញ្ញា សម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ពលកម្មដោយបង្ខំក្នុងជំនួញឆបោកតាមអនឡាញ (Online) និងរូបិយប័ណ្ណគ្រីបតូ (Cryptocurrency) គណបក្សប្រជាជនកម្ពុជាដែលមានលោក ហ៊ុន សែន ជាប្រធាននោះ បានចេញសេចក្ដីប្រកាសដោយចាត់ទុកការដាក់ទណ្ឌកម្មរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកទៅលើសមាជិកព្រឹទ្ធសភា លោក លី យ៉ុងផាត់ ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះមន្ត្រីជាន់ខ្ពស់ និងប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងជាការរំលោភបំពានទៅកម្ពុជាទាំងមូល ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ចាត់ទុកពាក្យសំដីជេរប្រមាថរបស់លោក ហ៊ុន សែន ទៅលើពលរដ្ឋនៅក្រៅស្រុកគឺជារឿងធម្មតា ហើយលោកចាត់ទុកថា នេះគឺជាការផ្ដល់ដំបូន្មានក្នុងនាមលោក ហ៊ុន សែន ជាមនុស្សមានវ័យចំណាស់។ ក៏ប៉ុន្តែជាមួយគ្នានេះលោក សុខ ឥសាន ទទួលស្គាល់ថា ការជេរប្រមាថជាសាធារណៈច្រើនធ្វើឱ្យបាត់បង់សំឡេងអ្នកគាំទ្រ។
លោក សុខ ឥសាន៖«សម្ដេចគាត់មិនទាន់ត្រាស់ដឹងឯណាគាត់មិនទាន់ក្លាយជាព្រះពុទ្ធឯណាគាត់ជាប្រថុជ្ជនដូចតែយើងដែលអ៊ីចឹងគាត់ចេះខឹងចេះក្រោធដែរតើ។ អ៊ីចឹងការឆ្លើយតបរបស់សម្ដេចតជោ ហ៊ុន សែន គឺជារឿងធម្មតា ។ ម្យ៉ាងទៀតសម្ដេច ហ៊ុន សែន មានអាយុជាង៧០ឆ្នាំហើយចំពោះប្អូនដែលខលទូរស័ព្ទមកគាត់ហ្នឹងអាយុទើបតែជាង៥០ឆ្នាំអ៊ីចឹងដូចជាកូនគាត់អ៊ីចឹងកាលដែលគាត់និយាយពាក្យធ្ងន់ទៅលើគាត់គឺជារឿងធម្មតាដែរ»។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក ម៉ែន ណាត ថ្លែងថា លោក ហ៊ុន សែន គឺជាអ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងធ្វើឱ្យជាតិបែកបាក់ដោយសារតែការរំលាយគណបក្សប្រឆាំង និងការរៀបចំការបោះឆ្នោតក្លែងក្លាយ ហើយពលរដ្ឋគឺជាជនរងគ្រោះក្នុងជំនាន់គ្រួសាររបស់លោក។
លោក ម៉ែន ណាត៖ «យុទ្ធការដែលអាចដោះវិបត្តិសង្គមកម្ពុជាបច្ចុប្បន្ននេះ យុទ្ធការវាមានទាល់តែកម្ពុជាភ្ញាក់រលឹកហើយវិលទៅគោរពរដ្ឋធម្មនុញ្ញកម្ពុជាវិញ ហើយគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងការស្ដារស្មារតីជាតិខ្មែរ និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ហើយជំរុញឱ្យមានការបោះឆ្នោតដោយសេរី យុត្តិធម៌ ត្រឹមត្រូវឡើងវិញដែរអាហ្នឹងអាចធ្វើបាន»។
លោក ហ៊ុន សែន ត្រូវបានគេមើលឃើញថា គឺអ្នកគាស់រម្លើងប្រជាធិបតេយ្យដោយការរម្លាយគណបក្សប្រឆាំងដ៏ធំជាងគេគឺគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ ដើម្បីរារាំងមិនឱ្យគណបក្សនេះចូលរួមបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦។ ចំណែកនៅអាណត្តិទី៧នេះ វិញលោក ហ៊ុន សែន ក៏បានបង្ក្រាបទៅលើសង្គមស៊ីវិល បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងរាំងខ្ទប់គណបក្សភ្លើងទៀនមិនឱ្យចូលរួមបោះឆ្នោតដើម្បីកុំឱ្យមានឧបសគ្គរាំងស្ទះដល់ការផ្ទេរដំណែងជានាយករដ្ឋមន្ត្រីទៅឱ្យកូនប្រុសច្បងលោកគឺលោក ហ៊ុន ម៉ាណែត។
ទាក់ទិនរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំនៅប្រទេសអូស្ត្រាលី (KDO) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា មេដឹកនាំដែលអសីលធម៌មិនអាចដឹកនាំប្រទេសឱ្យមានភាពចម្រុងចម្រើនឡើយ។ លោកសង្កេតឃើញថា លោក ហ៊ុន សែន អាចជាប់កម្អែលមកពីខ្មែរក្រហមទើបបានជាលោកចូលចិត្តប្រើការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញទៅអ្នករិះគន់។
លោក ស៊ឹង សែនករុណា៖ «យើងទោះបីខំរៀនកែប្រែឥរិយាបថ មានសីលធម៌ មានវិន័យក្នុងខ្លួន សុជីវធម៌ក្នុងខ្លួនក៏អត់ប្រយោជន៍ដែរមើលដឹកនាំដែលមានចរិតច្រឡោងខាមគាត់នៅតែជាមេដឹកនាំ ចរិតប្រើប្រាស់នូវហិង្សាភាសាអសុរោះអីហ្នឹងគាត់នៅតែជាមេដឹកនាំរាប់សិបឆ្នាំអ៊ីចឹងវាជះឥទ្ធិពលមិនល្អមកដល់អ្នកជំនាន់ក្រោយ។ យើងមើលឃើញ អ្នកជំនាន់ក្រោយរបស់គណបក្សកាន់អំណាចក៏អ៊ីចឹងដែលទាំងអ្នកចូលថ្មីទាំងអ្នកចូលចាស់ទៅហែហមទៅលើកជើងពាក្យសំដីអសុរោះទាំងអស់ហ្នឹងទៅទៀត»។
នេះមិនមែនជាលើកទី១ទេដែលលោក ហ៊ុន សែន បានប្រើប្រាស់ពាក្យសំដីអសុរោះទៅលើពលរដ្ឋខ្លួនបែបនេះ។ កន្លងទៅលោក ហ៊ុន សែន ក៏ធ្លាប់យក វេទិកាសាធារណៈជេរប្រមាថមនុស្សមិនរើសមុខ រាប់តាំងពីអ្នកនយោបាយ អ្នកវិភាគ អ្នកកាសែត ស្ត្រីភេទ និងព្រះសង្ឃជាដើម។
អ្នកឃ្លាំមើលលើកឡើងថា លោក ហ៊ុន សែន គួរតែឈប់ប្រើប្រាស់ពាក្យសំដីជេរប្រមាថ និងលាបពណ៌លើពលរដ្ឋ ឬក្រុមអ្នករិះគន់តទៅទៀតដើម្បីរួមគ្នាដោះស្រាយវិបត្តិសង្គម វិបត្តិនយោបាយ ការរំលោភសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យ និងផ្សះផ្សាជាតិបង្រួបបង្រួមជាតិឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។