អ្នក​ខេត្តកំពង់ធំ​លក់​អំបុក​ដាច់​ខ្លាំង​ក្នុង​ពេល​បុណ្យ​អុំទូក

ដោយ ទីន ហ្សាការីយ៉ា
2024.11.13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​ខេត្តកំពង់ធំ​លក់​អំបុក​ដាច់​ខ្លាំង​ក្នុង​ពេល​បុណ្យ​អុំទូក

កសិករ​កំពុង​ដាល់​អំបុក​លោកស្រី ព្រីង ស្រីពៅ ប្រាប់​វិទ្យុ​អាស៊ីសេរី​ កាលពី​ថ្ងៃ​ទី១២ វិច្ឆិកា​ ២០២៤។ រូបពីពលរដ្ឋ


ពលរដ្ឋ​ប្រកប​របរ​ដាល់​អំបុក​លក់​តាម​ដង​ផ្លូវ​ជាតិ​លេខ៦​ ក្នុង​ខេត្ត​កំពង់ធំ​អះអាង​ថា ពួកគាត់​លក់​អំបុក​ដាច់​ខ្លាំង​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ ដែល​អាច​បង្កើន​ប្រាក់​ចំណូល​បន្ថែម បន្ទាប់ពី​ធ្វើ​ស្រែ​ចម្ការ។

បើ​គេ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦​ ដល់​ចំណុច​ឃុំ​សាន់គរ​ ខេត្ត​កំពង់ធំ គេ​នឹង​ប្រទះ​ឃើញ​អ្នកស្រុក​ជាង ២០​គ្រួសារ​កំពុង​មមាញឹក​ដាល់​អំបុក​លក់​ឱ្យ​អ្នក​ដំណើរ​នៅ​អម​សង​ខាង​ផ្លូវ​ជាតិ។

ពួកគាត់​កំពុង​តែ​ផលិត​អំបុក​ឱ្យ​បាន​ច្រើន​ដើម្បី​បំពេញ​តម្រូវការ​ភ្ញៀវ​ស្ទើរ​តែ​គ្មាន​ពេល​សម្រាក ចាប់​តាំង​ពី​ព្រលឹម​រហូត​ដល់​យប់។

កសិករ​កំពុង​ដាល់​អំបុក​លោកស្រី ព្រីង ស្រីពៅ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១២ វិច្ឆិកា​ថា កំឡុង​ពេល​បុណ្យ​អុំទូក​ឆ្នាំ​នេះ លោកស្រី​លក់​អំបុក​ដាច់​ខ្លាំង​ ទទួល​បាន​ប្រាក់​ចំណូល​ពី​៥០​ម៉ឺន​រៀល ទៅ​៦០ម៉ឺន​រៀល ក្នុង​មួយ​ថ្ងៃ។

លោកស្រី​ថា ទោះ​បី​លក់​ដាច់​ក្តី ក៏​លោកស្រី​ត្រូវ​ចំណាយ​កម្លាំង​ពលកម្ម​ច្រើន​ ដើម្បី​ផលិត​អំបុក​ឱ្យ​មាន​រសជាតិ​ឆ្ងាញ់​រួមផ្សំ​ស្រូវ​ទើប​ច្រូត​កាត់​ថ្មីៗ​ផង​ ធ្វើ​ឱ្យ​អំបុក​មាន​គុណភាព​ខ្ពស់។

លោកស្រី ព្រីង ស្រីពៅ៖ «គេ​កុម្ម៉ង់​ច្រើន​ ហើយ​តាម​ផ្លូវ​ក៏​មាន​ភ្ញៀវ​ទិញ​ច្រើន​ដែរ។ នៅ​ពេល​លក់​ដាច់​ខ្លាំង ក៏​ដោយសារ​យើង​លីង​បាន​ល្អ​ ហើយ​ស្រូវ​ថ្មី​ជា​ប្រភេទ​ស្រូវ​ទុំ​ខៀវ​យក​មក​លីង ហើយ​លេង​បុក»

កសិករ​ឱ្យ​ដឹង​ថា របរ​ដាល់​អំបុក​លក់​នេះ​ពឹង​អាស្រ័យ​លើ​ការ​ប្រមូល​ផល​ស្រូវ​ដែរ​ ពោល​គឺ​ក្នុង​កំឡុង​ពេល​រដូវ​ច្រូត​កាត់​មក​ដល់ កសិករ​សម្រុក​ដាល់​អំបុក។


រដូវ​ដែល​កសិករ​និយម​ដាល់​អំបុក​ច្រើន គឺ​ចាប់​ពី​ចុង​ខែ​តុលា រហូត​ដល់​ចុង​ខែ​វិច្ឆិកា។ ពលរដ្ឋ​ថា ក្នុង​ពិធី​បុណ្យ​អុំទូក អក​អំបុក និង​សំពះ​ព្រះខែ​ ពលរដ្ឋ​ដែល​ប្រកប​របរ​ដាល់​អំបុក​អាច​រក​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​រាល់​ដង។

កសិករ​ដាល់​អំបុក​ម្នាក់​ទៀត លោកស្រី ហា សុខលី និយាយ​ថា លោកស្រី​ជ្រើសរើស​ពូជ​ស្រូវ​ផ្កា​រំដួល ម្លិះ និង​ស្រូវ​ដំណើប ជាដើម ដើម្បី​ផលិត​អំបុក​មាន​រសជាតិ​ស្រួយ​ និង​ក្រអូប។

លោកស្រី​ថា មុខ​របរ​នេះ​ជា​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​បន្សល់​តាំង​ពី​បុរាណ​កាល​មក​ ដែល​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន តែ​ក្នុង​កំឡុង​ពេល​បុណ្យ​អុំទូក​ប៉ុណ្ណោះ។

លោកស្រី ហា សុខលី៖ «ដើម្បី​បាន​អំបុក​ឆ្ងាញ់​ ការ​ធ្វើ​មាន​​ច្រើន​ដំណាក់កាល យើង​យក​វា​មក​ត្រាំ ហើយ​លីង រួច​បុក​រែង​យក​កម្ទេច​ចេញ​ឱ្យ​ស្អាត​ ខ្ញុំ​យក​ប្រភេទ​ស្រូវ​ដំណើប​មក​ធ្វើ»

មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​រៀប​ចំ​ឱ្យ​មាន​អ្នក​វិនិយោគ​ ដើម្បី​បង្កើត​សង្វាក់​ផលិតកម្ម​កែច្នៃ​អំបុក​វេច​ខ្ចប់ ដែល​អាច​ផ្គត់ផ្គង់​អំបុក​ក្នុងស្រុក​ និង​នាំចេញ​ទៅ​ក្រៅ​ប្រទេស។ ប្រការ​នេះ​នឹង​ជួយ​កសិករ​អាច​ផលិត​អំបុក​លក់​ដាច់​គ្រប់​រដូវ​កាល​ ដើម្បី​បង្កើន​ប្រាក់​ចំណូល​សហគមន៍។

ប្រធាន​សហគមន៍​បណ្ដាញ​កសិករ លោក សៀក ចំណាប់ យល់​ថា រដ្ឋាភិបាល​គួរតែ​យក​ចិត្ត​ទុកដាក់​ជំរុញ​ឱ្យ​កសិករ​បង្ក​បង្កើន​ផល​ស្រូវ​ជា​អាទិភាព​ ទើប​អាច​ផលិត​អំបុក​បាន​គ្រប់​រដូវ និង​មាន​គុណភាព​ល្អ។

លោក សៀក ចំណាប់៖ «ការ​ធ្វើ​អំបុក​នេះ​គឺ​យើង​អាច​យក​មក​កែច្នៃ​វេច​ខ្ចប់​បាន គឺ​ទាមទារ​បច្ចេកទេស​ ហើយ​ប្រសិន​បើ​ជា​អាជ្ញាធរ​គាត់​ច្បាស់​ពី​បច្ចេកទេស​​ធ្វើ​បាន​ច្រើន​ ពលរដ្ឋ​ក៏​បាន​ប្រាក់​ចំណូល​ច្រើន​តាម​នោះ​ដែរ។ អាជ្ញាធរ​គួរតែ​ព្យាយាម​រក​វិធីសាស្ត្រ​ជួយ​ពលរដ្ឋ​​ ផលិត​ស្រូវ​ឱ្យ​បាន​គ្រប់​រដូវ​ទើប​ពួកគាត់​អាច​ធ្វើ​អំបុក​បាន​ជា​ប្រចាំ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំ​ពាក្យ​ក្រសួង​កសិកម្ម លោក ឃឹម ហ្វីណង់ និង​កញ្ញា អ៊ឹម រចនា បាន​នៅ​ឡើយ​ទេ ​នៅ​ថ្ងៃទី១២ វិច្ឆិកា​ដោយសារ​​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង ​តែ​គ្មាន​អ្នក​លើក។

ទោះ​ជា​យ៉ាង​ណា លោក សៀក ចំណាប់ យល់ថា​ របរ​ដាល់អំបុក​​លក់​អាច​ផ្តល់​ប្រាក់​ចំណូល​ដល់​ពលរដ្ឋ​នៅ​គ្រប់​រដូវ​កាល​បាន ​លុះត្រា​តែ​កសិករ​អាច​ធ្វើស្រែ​បាន​គ្រប់​រដូវ​ដែរ ហើយ​ដើម្បី​ឱ្យ​កសិករ​អាច​ធ្វើ​ស្រែ​បាន​គ្រប់​រដូវ​ លុះត្រា​តែ​រដ្ឋាភិបាល​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​គ្រប់គ្រាន់ ដើម្បី​ស្រោចស្រព​ស្រូវ​កសិកម្ម។

របាយការណ៍​របស់​ក្រសួង​ព័ត៌មាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២១ “អំបុក​កំពង់ធំ” មាន​ឈ្មោះ​ល្បីល្បាញ​ទូទាំង​ប្រទេស​ និង​មាន​គុណភាព​ខ្ពស់​ ដែល​មាន​ពលរដ្ឋ​ប្រកប​មុខ​របរ​នេះ​សរុប​ជិត ១០០គ្រួសារ​ រស់​នៅ​ក្នុង​ភូមិ​ចំនួន៥ ក្នុង​ឃុំ​សាន់គរ ស្រុក​កំពង់ស្វាយ​ ខេត្ត​កំពង់ធំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles