កម្ពុជាចាប់បញ្ចូនចេញជនជាតិចិន ២៤០នាក់ ពាក់ព័ន្ធនឹងការបោកប្រាស់ និងល្បែងស៊ីសង

កម្ពុជា
29/11/2024 – 12:56
ដោយ៖ ឡាក់ ច័ន្ទតារា
RFI

នៅថ្ងៃព្រហស្បតិ៍ ទី២៨វិច្ឆិកា ជនសង្ស័យជនជាតិចិនចំនួន ២៤០នាក់ត្រូវបានបញ្ជូនចេញពីកម្ពុជា ទៅកាន់ប្រទេសកំណើត បន្ទាប់ពីត្រូវបានចាប់ខ្លួន កាលពីពេលកន្លងទៅនេះ ក្នុងក្រុងភ្នំពេញ ពាក់ព័ន្ធនឹងការបោកប្រាស់ហើយនិងល្បែងស៊ីសង។ ក្រសួងសន្ដិសុខសាធារណៈរបស់ចិនចាត់ទុកការចាប់បញ្ជូនខ្លួនជនសង្ស័យលើកនេះថា ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ប៉ូលីសកម្ពុជា និងចិនក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។

កម្ពុជាចាប់បញ្ចូនចេញជនជាតិចិន ២៤០នាក់ ពាក់ព័ន្ធនឹងការបោកប្រាស់ និងល្បែងស៊ីសង


យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ Xinhua ក្រសួងសន្ដិសុខសាធារណៈរបស់ចិនបានបញ្ជាក់ថា ការចាប់បញ្ជូនជនសង្ស័យទាំង ២៤០នាក់ពីកម្ពុជាទៅកាន់ប្រទេសចិនវិញធ្វើឡើង តាមរយៈជើងហោះហើរចំនួន ៣ ហើយនិងអមដំណើរដោយប៉ូលិសចិនរហូតដល់ទីក្រុង Taiyuan ក្នុងខេត្ត Shanxi។ ការចាប់បញ្ជូនខ្លួនជនសង្ស័យជនជាតិចិនលើកនេះធ្វើឡើងជាលើកទី២ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសកម្ពុជា និងចិននៅឆ្នាំ២០២៤នេះ។

ជនជាតិចិនទាំង ២៤០នាក់នេះគឺជាជនសង្ស័យដែលត្រូវបានចាប់ខ្លួននៅក្នុងការបង្ក្រាបរបស់ប៉ូលិសក្រុងភ្នំពេញទៅលើទីតាំងល្បែងខុសច្បាប់ និងការបន្លំបោកប្រាស់មួយកន្លែងកាលពីពេលថ្មីៗនេះ។ គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបនាពេលនោះ អាជ្ញាធរកម្ពុជាបានចាប់ខ្លួនជនសង្ស័យបរទេសជាច្រើនរយនាក់ដែលនៅក្នុងនោះមានជាង ៥០០នាក់ជាជនជាតិចិន។ បើតាមក្រសួងសន្តិសុខសាធារណៈរបស់ចិនដែលស្រង់ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ ជនជាតិចិនដែលនៅសេសសល់ពីការចាប់បញ្ជូនខ្លួននៅថ្ងៃទី២៨ វិច្ឆិកា នឹងត្រូវ​បញ្ជូនទៅកាន់ប្រទេសចិននៅក្នុងដំណាក់កាលបន្ត​​បន្ទាប់។

នៅក្នុងការបង្ក្រាបជនសង្ស័យពាក់ព័ន្ធនឹងល្បែងស៊ីសង និងការបន្លំបោកប្រាស់លើកទី១ដែលធ្វើឡើងកាលពីខែមេសា ឆ្នាំ២០២៤ អាជ្ញាធរកម្ពុជាបានចាប់បញ្ជូនជនសង្ស័យជនជាតិចិនជាង ៦៨០នាក់ឲ្យត្រឡប់ទៅប្រទេសចិនវិញ។

ក្រសួងសន្ដិសុខសាធារណៈរបស់ចិនបានអះអាងថា ប៉ូលិសចិននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយប្រទេសក្នុងតំបន់ ដើម្បីបន្តយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មល្បែងស៊ីសង និងការបន្លំបោកប្រាស់។ ជាមួយគ្នាក្រសួងសន្ដិសុខសាធារណៈរបស់ចិនបានអំពាវនាវឱ្យពលរដ្ឋចិនឈប់ចូលរួមក្នុងល្បែងអនឡាញ ក្រៅប្រទេសបន្តទៀត និងត្រូវប្រុងប្រយ័ត្ននឹងការបោកប្រាស់តាមប្រព័ន្ធអនឡាញ។

កម្ពុជាចាប់បញ្ចូនចេញ ជនជាតិចិន២៤០នាក់ ពាក់ព័ន្ធនឹងការបោកប្រាស់ និងល្បែងស៊ីសង
កម្ពុជាចាប់បញ្ចូនចេញ ជនជាតិចិន២៤០នាក់ ពាក់ព័ន្ធនឹងការបោកប្រាស់ និងល្បែងស៊ីសង © Chinanews.com

ពាក់ព័ន្ធនឹងការបញ្ជូនជនសង្ស័យទៅកាន់ប្រទេសចិន ក្នុងប្រតិបត្តិ​ការបង្ក្រាបទីតាំងល្បែងខុសច្បាប់ និងការបន្លំបោកប្រាស់មួយកន្លែងនៅក្នុងក្រុងភ្នំពេញ​កាលពីពេលថ្មីៗនេះ ​លោក ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី​២៩វិច្ឆិកានេះយ៉ាង​ខ្លីថា ​អាជ្ញាធរកំពុងដំណើរការ​រឿងនេះនៅឡើយ និងថា ព័ត៌មានលម្អិតជា​ផ្លូវការ​នៅមិនទាន់​អាចទម្លាយឱ្យដឹងបាន​នៅឡើយទេ។

គួររម្លឹកថា ​ក្នុងអំឡុងសន្និសីទឆ្នាំ២០២៤ នៃវេទិកាសហប្រតិបត្តិការសន្តិសុខសាធារណៈ សកល នាខែកញ្ញានៅទីក្រុង Lianyungang ខេត្ត Jiangsu ចិន និងកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងការបង្រ្កាបឧក្រិដ្ឋកម្មទាក់ទងនឹងល្បែងស៊ីសង និងការបន្លំបោកប្រាស់ តាមប្រព័ន្ធអនឡាញ៕

What Next?

Recent Articles