កម្ពុជា
30/11/2024 – 09:47
ដោយ៖ ជួប នរក្សា
RFI
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ត្រៀមទៅបំពេញទស្សនកិច្ចនៅចិន ពីថ្ងៃចន្ទទី០២ដល់ថ្ងៃទី០៤ធ្នូ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃសៅរ៍ទី៣០វិច្ឆិកា។ ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅចិន ធ្វើឡើងបន្ទាប់ពីប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានទៅចិនពីថ្ងៃទី២៨វិច្ឆិកាដល់ថ្ងៃទី០១ធ្នូ ដើម្បីពង្រឹងមិត្តភាពដែកថែបរវាងកម្ពុជា-ចិន។
លោក ហ៊ុន សែន ត្រៀមទៅចិនភ្លាមៗ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រមុខការទូតកម្ពុជា
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា អំឡុងពេលទស្សនកិច្ចចំនួន៣ថ្ងៃ នៅប្រទេសចិន លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានឹងជួបពិភាក្សាជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងលោក វ៉ាង ហ៊ូនីង ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន និងលោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។
នេះជាដំណើរទស្សនកិច្ចលើកទី១របស់លោក ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភាកម្ពុជា ហើយបើតាមក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចនេះនឹងផ្តល់សន្ទុះដល់ការពង្រឹងមិត្តភាពដែកថែប រួមទាំងការកសាងសហគមន៍វាសនារួមគ្នា ក្រោមកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន។
គួរដឹងថា ការត្រៀមចេញទៅប្រទេសចិនរបស់លោក ហ៊ុន សែន លើកនេះ ធ្វើឡើងភ្លាមៗតែម្តង បន្ទាប់ពីប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ទៅបំពេញទស្សនកិច្ចនៅចិន ចំនួន៤ថ្ងៃ ពីថ្ងៃទី២៨វិច្ឆិកាដល់ថ្ងៃទី០១ធ្នូ។ នៅរដ្ឋធានីប៉េកាំង ប្រមុខការទូតខ្មែរ លោក ប្រាក់ សុខុន បានជួបពិភាក្សាជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ដោយសមភាគីទាំងពីរបានលើកឡើងពីចំណងមិត្តភាពដ៏រឹងមាំ និងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ និងការទូត។

ចំពោះក្រុមអ្នកជំនាញកិច្ចការអន្តរជាតិ ដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន និងលោក ហ៊ុន សែន ទៅប្រទេសចិនបន្តបន្ទាប់គ្នាយ៉ាងដូច្នេះ អាចផ្តោតសំខាន់ផងដែរទៅលើសំណើសុំការគាំទ្រពីប្រទេសចិនចំពោះគម្រោងព្រែកជីកតេជោហ្វូណន ដែលជាគម្រោងដឹកជញ្ជូនតាមផ្លូវទឹក ខ្នាតយក្សរបស់កម្ពុជា៕