កម្ពុជា
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ
13/12/2024 – 10:35
ដោយ៖ អោ ស្រីពេជ្រ
RFI
នាវាចម្បាំងរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកឈ្មោះ USS SAVANNAH (LCS 28) នឹងចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូសប្តាហ៍ក្រោយ។ បើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ ថ្ងៃទី១៣ធ្នូ នេះជាលើកទី១ ក្នុងរយៈពេល ៨ឆ្នាំដែលនាវាចម្បាំងសហរដ្ឋអាមេរិកមានវត្តមានសំចត នៅប្រទេសកម្ពុជា។
នាវាចម្បាំងអាមេរិកនឹងចូលសំចតនៅខេត្តព្រះសីហនុ ក្រោយខកខានអស់ ៨ឆ្នាំ
យោងតាមសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី១៣ធ្នូ ក្រសួងការពារជាតិកម្ពុជាបានប្រកាសថា នាវាចម្បាំងរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក USS SAVANNAH (LCS 28) ដែលមាននាវិកសរុបចំនួន ១០៣នាក់ នឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី ១៦រហូតដល់ថ្ងៃទី២០ ខែធ្នូសប្តាហ៍ក្រោយ។ ការចូលសំចតនាវាចម្បាំងសហរដ្ឋអាមេរិកនៅកម្ពុជាមានគោលដៅរឹតចំណងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ បើតាមក្រសួងការពារជាតិកម្ពុជា នេះគឺជាលើកទី១ ក្នុងរយៈពេល ៨ឆ្នាំ ដែលនាវាចម្បាំងសហរដ្ឋអាមេរិកមានវត្តមានសំចតនៅកំពង់ផែកម្ពុជា។ ចាប់តាំងពីឆ្នាំ២០០៧មក កម្ពុជាបានទទួលឱ្យនាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិកចូលសំចតសរុបចំនួន ២៧គ្រឿង។
ក្នុងរយៈពេល៥ ថ្ងៃដែលនាវាចូលចតនៅកំពង់ផែ គណៈប្រតិភូអាមេរិកគ្រោងជួបពិភាក្សាការងារជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាម និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ។ ទន្ទឹមគ្នានេះ ក្រុមនាវិករបស់នាវាចម្បាំងសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកកម្ពុជានឹងចូលរួមកម្មវិធីប្រកួតកីឡាមិត្តភាពដើម្បីលើកកម្ពស់ភាពស្និទ្ធស្នាល និងការសាមគ្គីគ្នាជាក្រុម។

គួរជម្រាបថា ក្រៅពីនាវាសហរដ្ឋអាមេរិក នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូងក៏កំពុងតែមានវត្តមានសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាពកម្ពុជា-កូរ៉េ។ មានវត្តមាននៅលើនាវាកងទ័ពជើងទឹកកូរ៉េខាងត្បូងឈ្មោះ Wang Geon (DDH-978) នាវិកកូរ៉េខាងត្បូងសរុបចំនួនជិត ៣០០នាក់បានមកធ្វើទស្សនកិច្ចសិក្សានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងបានចូលទស្សនាមូលដ្ឋានជើងទឹករាម និងសាលាខេត្តព្រះសីហនុផងដែរ៕