នាវាចម្បាំងអាមេរិកចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ក្រោយខកខានអស់ ៨ឆ្នាំ

កម្ពុជា
កម្ពុជា-អាមេរិក
16/12/2024 – 11:25
ដោយ៖ សឹម ចាន់សំណាង
RFI

នាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិកមួយគ្រឿងឈ្មោះ USS SAVANNAH (LCS 28) បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរយៈពេល៥ថ្ងៃ ចាប់ពី ថ្ងៃទី១៦ ដល់ ថ្ងៃ២០ខែធ្នូ ឆ្នាំ២០២៤ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាមិត្តភាពនៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៅថ្ងៃចន្ទ ទី១៦ធ្នូនេះ។

នាវាចម្បាំងអាមេរិកចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ក្រោយខកខានអស់ ៨ឆ្នាំ


ដូចការគ្រាងទុក នាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិកមួយគ្រឿងឈ្មោះ USS SAVANNAH បានចូលចត នៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការទទួលស្វាគមពីលោកវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ។ គួរជ្រាបថា នាវាចម្បាំងអាមេរិកនឹងចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរយៈពេល ៥ថ្ងៃ ចាប់ពី ថ្ងៃទី១៦ ដល់ ថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២៤ នៅដំណើរទស្សនកិច្ចជាមិត្តភាពនៅកម្ពុជា។

ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យលោកស្រី ម៉ាលី សុជាតា បញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៦ ធ្នូនេះថា កម្ពុជាតែងតែទទួល ស្វាគម នាវាចម្បាំង និងនាវាផ្សេងៗរបស់ភាគីមិត្តទាំងអស់ឲ្យចូលចត នៅលើទឹកដីរបស់ខ្លួន។ នាវាចម្បាំងរបស់សហរដ្ឋអាមេរិក ដែលបានចូលចតនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតក្រោមការដឹកនាំរបស់នាយឧត្តមនាវី Samuel Paparo។ បើតាមលោកស្រី ម៉ាលី សុជាតា ការចូលចតសាជាថ្មីនៃនាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក នាពេលនេះ គឺបន្ទាប់ពីអាក់ខានអស់រយៈពេល ៨ ឆ្នាំ។ គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៧មក កម្ពុជាបានទទួលឱ្យនាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិកចូលសំចតសរុបចំនួន ២៧គ្រឿង។

លោកស្រី ម៉ាលី សុជាតា អះអាងថា ការចូលចតរបស់នាវាចម្បាំងអាមេរិកនៅពេលនេះ បង្ហាញឱ្យយ៉ាងច្បាស់ពីការវិវត្តជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការផ្នែកយោធា ស្របតាមការណែនាំ និងការឯកភាពគ្នារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជាពិសេសនៅក្នុងពេលដែលកម្ពុជា និងសហរដ្ឋអាមេរិកត្រៀមរៀបចំប្រារព្ធខួបលើកទី ៧៥ នៃទំនាក់ទំនងទ្វេភាគីនៅឆ្នាំ២០២៥។ ជាមួយគ្នានេះ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីការចូលចតលើកនេះ កិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរនឹងបន្តរីកចំរើនទៅមុខជាលំដាប់ ដើម្បីជាប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ កាលពីថ្ងៃទី១៣ ធ្នូ នៅក្នុងរយៈពេល៥ ថ្ងៃដែលនាវាចម្បាំងអាមេរិកចូលចតនៅកំពង់ផែ គណៈប្រតិភូអាមេរិកគ្រោងជួបពិភាក្សាការងារជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាម និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ។ ទន្ទឹមគ្នានេះ ក្រុមនាវិករបស់នាវាចម្បាំងសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកកម្ពុជានឹងចូលរួមក្នុងកម្មវិធីប្រកួតកីឡាមិត្តភាពដើម្បីលើកកម្ពស់ភាពស្និទ្ធស្នាល និងការសាមគ្គីគ្នាជាក្រុម។

នាវាចម្បាំងអាមេរិកឈ្មោះ USS SAVANNAH (LCS 28) ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នាវាចម្បាំងអាមេរិកឈ្មោះ USS SAVANNAH (LCS 28) ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ AP – Heng Sinith

គួរឲ្យដឹងថា ទំនាក់ទំនងទេ្វភាគី អាមេរិកនិងកម្ពុជា ភាគច្រើនតែងរកាំរកូស និងតានតឹង ចាប់តាំងពីមានការរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ និងការចាប់ខ្លួនលោក កឹម សុខា មេដឹកនាំគណបក្សជំទាស់ ដែលរងបទចោទប្រកាន់ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ដោយមានសហរដ្ឋអាមេរិកនៅពីខាងក្រោយ។ ក្រៅតែពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រុងវ៉ាស៊ីនតោនក៏បានបង្ហាញក្តីកង្វល់របស់ខ្លួន ជុំវិញការធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាម ដោយមានជំនួយពីរដ្ឋាភិបាលចិន។ ត្រង់ចំណុចនេះ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា មូលដ្ឋានសមុទ្ររាមនៅមិនទាន់អាចអនុញ្ញាតឱ្យគេទស្សនកិច្ចបានទេនាពេលនេះ ក្នុងហេតុផលថា ការដ្ឋានសាងសង់នៅមិនទាន់បញ្ចប់នៅឡើយ៕

What Next?

Recent Articles