ក្រុមកូដករណាហ្គាវើលដ៍ ថាសំណុំរឿងវិវាទការងាររយៈពេល៣ឆ្នាំកន្លងទៅនៅមិនទាន់ដោះស្រាយបាន

កម្ពុជា
កម្ពុជា-សិទ្ធិការងារ
18/12/2024 – 12:06
ដោយ៖ សឹម ចាន់សំណាង
RFI

វិវាទការងាររវាងបុគ្គលិក និងថៅកែក្រុមហ៊ុនណាហ្គាវើលដ៍រយៈពេល ៣ឆ្នាំកន្លងទៅនេះនៅមិនទាន់អាចដោះស្រាយបានដោយសន្តិវិធីនៅឡើយទេ។ នេះបើតាមសេចក្តីថ្លែងការណ៍ស្តីពីខួប៣ឆ្នាំ «ភាពអយុត្តិធម៌នៅតែបន្តនៃការធ្វើកូដកម្មរបស់កម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍» ដែលវិទ្យុបារាំងអន្តរជាតិ RFI ទទួលបាននៅថ្ងៃទី១៨ ធ្នូនេះ។ តាមសេចក្តីថ្លែងការណ៍ ក្រុមកម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍បញ្ជាក់ថា គឺមានរយៈពេល ៣ឆ្នាំមកហើយ ពោលតាំងពីថ្ងៃទី១៨ ធ្នូ ឆ្នាំ ២០២១ ដែលពួកគេបានចេញធ្វើកូដកម្មទាមទាររកយុត្តិធម៌ និងការពារសិទ្ធិការងារ។

ក្រុមកូដករណាហ្គាវើលដ៍ ថាសំណុំរឿងវិវាទការងាររយៈពេល៣ឆ្នាំកន្លងទៅនៅមិនទាន់ដោះស្រាយបាន


សេចក្តីថ្លែងការណ៍របស់ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍បានឲ្យដឹងថា សំណុំរឿងវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ដែលពួកគេបានចេញធ្វើកូដកម្មរយៈពេល៣ឆ្នាំនៅមិនទាន់ដោះស្រាយបាននៅឡើយទេសូម្បីតែមួយចំណុច និងថាអំឡុងពេលធ្វើកូដកម្ម កូដករភាគច្រើនដែលជាស្រ្តីបានរងនូវអំពើហិង្សា ការបៀតបៀនពីសំណាក់កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច និងខ្លះទៀតបានរងរបួសស្រាល និងធ្ងន់។ មានតំណាងសហជីពចំនួន១១នាក់បានរងបទចោទប្រកាន់ពីតុលាការដោយគ្មានមូលដ្ឋានច្បាប់រឹងមាំ និងត្រូវបានចាប់ដាក់ពន្ធនាគារទាំងអយុត្តិធម៌ម្តងជាពីរដង។

តាមសេចក្តីថ្លែងការណ៍របស់ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ដដែល ក្រុមកូដករ ណាហ្គាវើលដ៍ថែមទាំងបានលើកឡើងថា ភាគីក្រុមហ៊ុនណាហ្គាវើលដ៍នៅតែបន្តធ្វើទុក្ខបុកម្នេញ និងតាមដានសកម្មភាពរបស់សមាជិកដែលកំពុងធ្វើការនៅក្នុងក្រុមហ៊ុនទៀតផង។ ពួកគេសង្កត់ធ្ងន់នៅក្នុងន័យនេះថា ការធ្វើកូដកម្មរបស់ពួកគេក្នុងវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍នៅតែបន្តរហូត លុះត្រាមានដំណោះស្រាយដោយយុត្តិធម៌ រួមទាំងមានសិទ្ធិការងារ និងសហជីពពេញលេញ។ បន្ថែមពីនេះ ពួកគេស្នើឲ្យភាគីក្រុមហ៊ុនណាហ្គាវើលដ៍ទម្លាក់ចោលរាល់បទចោទប្រកាន់ និងទទួលយកពួកគេចូលឲ្យធ្វើការវិញ ដោយទាមទារឲ្យទូទាត់ប្រាក់រំលឹកពីថ្ងៃបញ្ឈប់រហូតដល់ថ្ងៃចូលធ្វើការវិញ។ ទន្ទឹមគ្នានេះ ភាគីក្រុមហ៊ុនក៏ត្រូវគោរពសិទ្ធិសហជីព និងចរចាជាមួយអ្នកតំណាងសហជីពលើបញ្ហារបស់កម្មករនិយោជិតដែលកំពុងបម្រើការងារដែរ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យលោក កត្តា អ៊ន ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៨ ធ្នូនេះថាកន្លងមក ក្រសួងការងារបានខិតខំប្រឹងប្រែងសម្របសម្រួលផ្សះផ្សាវិវាទការងាររវាងតំណាងកម្មករនិយោជិត និងភាគីក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន២៧លើក។ តែលោក កត្តា អ៊ន មិនភ្លេចបញ្ជាក់ថា ការចរចាស្វែងរកដំណោះស្រាយទាំង២៧លើកនោះនៅពុំមានដំណោះស្រាយសមស្របឡើយ និងថា ការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការបានធ្វើចប់សព្វគ្រប់អស់ហើយ។

បុគ្គលិក​កាស៊ីណូ​ណាហ្គា​វើល​កាន់​ផ្ទាំង​ប៉ាណូ និង​បដា​ក្នុង​ពេល​ជួប​ជុំ​គ្នា​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។ ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។
បុគ្គលិក​កាស៊ីណូ​ណាហ្គា​វើល​កាន់​ផ្ទាំង​ប៉ាណូ និង​បដា​ក្នុង​ពេល​ជួប​ជុំ​គ្នា​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។ ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។ AP – Heng Sinith

ទន្ទឹមគ្នានេះ និងបើតាមលោក កត្តា អ៊ន លោកស្នើឲ្យក្រុមកូដករណាហ្គាវើលដ៍ដែលកំពុងបន្តធ្វើកូដកម្មគួរដោះស្រាយវិវាទការងារនេះតាមផ្លូវច្បាប់ និងថា ពួកគេគួរគិតគូរពីស្ថានភាពជីវភាពរស់នៅប្រចាំថ្ងៃ ខណៈអ្នកខ្លះបានធ្វើកូដកម្មទាំងគ្មានការងារធ្វើផងនាពេលបច្ចុប្បន្ន។ លោក កត្តា អ៊ន បានបន្ថែមក្នុងន័យនេះថា អតីតបុគ្គលិកណាហ្គាវើលដ៍មួយចំនួនបានទទួលយកយន្តការសម្របសម្រួល និងថា ក្រសួងការងារនឹងជួយសម្រួលរកឱកាសការងារ ប្រសិនបើពួកគេទាំងនោះត្រូវការ៕

What Next?

Recent Articles