ដោយ សុខ មនោហត្ថា
2024.12.19
RFA

ទិដ្ឋភាពពលករប្រារព្ធទិវាពលករចំណាកស្រុក របស់ពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកអង្គការ សង់ត្រាល់ (CENTRAL)
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) និងពលរដ្ឋជាង ៤០០នាក់ នៅខេត្តបន្ទាយមានជ័យ បានប្រារព្ធទិវាពលករចំណាកស្រុកអន្តរជាតិលើកទី២៥ ដើម្បីលើកកម្ពស់ និងការពារសិទ្ធិពលករ។ ពួកគាត់លើកឡើងថា ប្រជាពលរដ្ឋនៅក្នុងខេត្តជាប់ព្រំដែនថៃនេះភាគច្រើន ធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដោយប្រថុយប្រថានទាំងខុសច្បាប់ ដោយពុំទាន់មានអាជ្ញាធរពាក់ព័ន្ធណា ផ្ដល់កិច្ចការគាំពារសង្គម និងផ្ដល់ប្រឹក្សាយោបល់ផ្នែកច្បាប់ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់នៅឡើយ។
ខណៈពលករខ្មែររាប់ម៉ឺននាក់ កំពុងធ្វើចំណាកស្រុកធ្វើការនៅប្រទេសថៃដោយប្រថុយប្រថាន និងប្រឈមបញ្ហាជាច្រើន ជាពិសេស ធ្វើការពុំបានលុយ ដោយសារតែចាញ់បោកថៅកែថៃ និងបញ្ហាតម្លៃធ្វើលិខិតឆ្លងដែន និងទិដ្ឋាការការងារមានតម្លៃថ្លៃលើសលប់នោះ អង្គការសង់ត្រាល់ និងពលរដ្ឋនៅបន្ទាយមានជ័យរាប់រយនាក់ ប្រារព្ធទិវាពលករចំណាកស្រុកអន្តរជាតិ ដើម្បីជំរុញអាជ្ញាធរពាក់ព័ន្ធឱ្យផ្ដល់កិច្ចការពារសង្គម និងការពារសិទ្ធិពលករឱ្យមានប្រសិទ្ធភាព។
ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៩ ខែធ្នូថា ការប្រារព្ធទិវាពលករចំណាកស្រុកអន្តរជាតិ លើកទី២៥ នេះ ធ្វើឡើង ដើម្បីចូលរួមលុបបំបាត់អំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ចកម្លាំងកម្ម និងចូលរួមការពារសិទ្ធិពលករចំណាកស្រុកទាំង ស្របច្បាប់ និងខុសច្បាប់។
លោកបន្តថា ជាច្រើនឆ្នាំមកនេះ ពលករខ្មែរចំណាកស្រុកធ្វើការនៅប្រទេសថៃ និងបណ្ដាប្រទេសផ្សេងៗ ពួកគាត់ងាយប្រឈមបញ្ហាជាច្រើន ដែលតម្រូវឱ្យអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកខ្ពស់ ជាពិសេស ពាក់ព័ន្ធនីតិវិធីធ្វើលិខិតឆ្លងដែន ឯកសារការងារ ត្រូវតែមានតម្លៃទាបសមរម្យ និងត្រូវប្រាកដថា កន្លែងធ្វើការរបស់ពលករនៅក្រៅប្រទេស មានសុវត្ថិភាពត្រឹមត្រូវ ហើយមិនត្រូវទុកគាត់ចោល ដោយគ្មានការអើពើនោះឡើយ។
លោក ឌីថេ ហូយ៉ា៖«ការលើកកម្ពស់ និងការការពារសិទ្ធិរបស់ពួកគាត់នឹងជារឿងសំខាន់ចំពោះការរៀបចំ។ បើយើងមើលអំពើស្ថិតិរបស់ពលករចំណាកស្រុក អ្នកដែលទទួលបានជោគជ័យចំពោះអ្នកធ្វើចំណាកស្រុកមានជីវភាពល្អ គឺតិចតូចណាស់ អ្នកដែលគ្នាក្រីក្រ គឺមានច្រើន។ យើងធ្វើកិច្ចការងារហ្នឹង ជួបច្រើនចំពោះគ្រួសារធ្វើការចំណាកស្រុក ទៅស្រុកគេ ហើយក្រមកវិញ រហូតដល់មិនមានផ្ទះសម្បែងនៅ មិនមានអត្តសញ្ញាណប័ណ្ណ និងមិនមានប័ណ្ណក្រីក្រ ជាដើម»។
ការប្រារព្ធទិវាពលករចំណាកស្រុករបស់អង្គការសង់ត្រាល់ និងពលរដ្ឋ ធ្វើឡើងកាលពីថ្ងៃទី១៨ ខែធ្នូ នៅតាមតំបន់មួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ ដូចជា ស្រុកស្វាយចេក ស្រុកមង្គលបុរី ស្រុកព្រះនេត្រព្រះ និងក្រុងសិរីសោភ័ណ ជាដើម។ កម្មវិធីនេះ មានរៀបចំជាវេទិកាផ្សព្វផ្សាយស្ដីពី «ការផ្ដល់ភាពស្របច្បាប់ និងកិច្ចគាំពារសង្គមដល់ពលករ» ដែលមានការចូលរួមចែករំលែកចំណេះដឹងផ្នែកច្បាប់ និងសារសំខាន់ នៃការចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ដោយស្របច្បាប់។
ជាមួយគ្នានោះ ទិវាពលករចំណាកស្រុកនេះ មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋវ័យចំណាស់ កុមារ សិស្សានុសិស្ស ព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋាន ដែលមានសរុប ជាង ៤០០នាក់។ ក្នុងពេលប្រារព្ធនោះ អ្នកចូលរួមបានជិះគោយន្ត ឡាន និងត្រាក់ទ័រ ដង្ហែតាមដងផ្លូវ ដោយភ្ជាប់ជាមួយសារមួយចំនួន ដូចជា «យើងរួមគ្នាប្រឆាំងអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម» រួមនិងសារថា «ផ្ដល់ប័ណ្ណក្រីក្រដល់ពលករចំណាកស្រុកក្រីក្រពិតប្រាកដ គឺចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពសមរម្យដល់ពួកគេ» ជាដើម។
វិទ្យុអាស៊ីសេរីពុំអាចទាក់ទងអភិបាល ខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ និងអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក កត្តា អ៊ន ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៩ ខែធ្នូ ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ទោះជាយ៉ាងណាក្ដី ក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋានធ្លាប់បានចូលរួមធ្វើយុទ្ធនាការប្រឆាំងការជួញដូរមនុស្សការកេងប្រវ័ញ្ចកម្លាំងពលកម្ម រួមនិងជំរុញឱ្យមន្ត្រីតាមច្រកព្រំដែនកាត់បន្ថយការយកថ្លៃលើការធ្វើលិខិតឆ្លងដែន និងឯកសារការងារឱ្យបានទាបបំផុត ពីពលករផងដែរ។ ប៉ុន្តែ ពលករភាគច្រើនថា តម្លៃនៅថ្លៃដដែល ហើយនីតិវិធីធ្វើឯកសារទាំងនោះ ក៏កាន់តែ ស្មូញស្មាញ និងយឺតយ៉ាវ។
ពលរដ្ឋរស់នៅស្រុកមង្គលបុរី និងជាយុវជនស្ម័គ្រចិត្ត ផ្នែកប្រឹក្សាយោបល់សុវត្ថិភាពពលករចំណាកស្រុក លោកស្រី ឆៃ សុខេង លើកឡើងថា ពលករភាគច្រើន នៅស្រុកមង្គលបុរី ស្ទើរតែ៨០% ទៅធ្វើការនៅប្រទេសថៃ ទាំងស្របច្បាប់ខ្លះ និងខុសច្បាប់ខ្លះ។ លោកស្រីថា ពលករទាំងនោះងាយប្រឈមបញ្ហាច្រើន ជាពិសេស ការបោកប្រាស់កម្លាំងពលកម្ម ធ្វើការឥតបានលុយ និងការទារតម្លៃថ្លៃលើសលប់ពីក្រុមហ៊ុន រត់ការធ្វើ ឯកសារ និង លិខិតឆ្លងដែន។ លោកស្រីថា ករណីនេះបានបង្ខំឱ្យពលករខ្លះ ធ្វើចំណាកស្រុកខុសច្បាប់ ទាំងប្រថុយប្រថាន ព្រោះតែពុំមានលទ្ធភាពធ្វើឯកសារការងារបានត្រឹមត្រូវ។ លោកស្រីថា អាជ្ញាធរពាក់ព័ន្ធ គួរតែដោះស្រាយបញ្ហានេះ ឱ្យមានប្រសិទ្ធភាព។
លោកស្រី ឆៃ សុខេង៖ «អ្នកខ្លះគ្រាន់តែថៅកែថា ធ្វើប៉ាសស្ព័រឱ្យ កាត់លុយអ៊ីចេះមួយ អ៊ីចុះមួយ ហើយថៅកែកាត់លុយរាល់ខែ ប៉ុន្តែ ឯកសារមិនដែលឃើញ អត់ដែលដឹងថា ខ្លួនឯងមាន ឬអត់ផង។ ថៅកែខ្លះ អត់បានធ្វើឯកសារទេ បានតែកាត់លុយគាត់។ នេះជាកត្តាដែលជំរុញឱ្យគាត់ធ្វើការដោយខុសច្បាប់។ ទី១ គាត់មិនមានថវិកាធ្វើ។ ទី២ គាត់អត់ទុកចិត្តថា ថៅកែនោះអាចធ្វើប៉ាសស្ព័រឱ្យគាត់បាន ឬអត់? ទី៣ គាត់អត់មានស្គាល់សាច់ញាតិបងប្អូនណាទេ គឺគាត់ទៅតែខ្លួនឯង។ គាត់អាងតែគាត់ នៅកន្លែងអត់មានឯកសារ អត់មានបញ្ហា។ ប៉ុន្តែ ពេលមានបញ្ហា គាត់អត់ដឹងថា ត្រូវធ្វើបែបណាទេ»។
ក្រសួងការងារថា ពលករខ្មែរនៅប្រទេសថៃមានចំនួនជាង ១លាន ២សែននាក់។ ចំណែកអង្គការសង់ត្រាល់ថា គិតត្រឹមឆ្នាំ២០២៣ ពលករខ្មែរមានជាង ២លាននាក់ កំពុងបម្រើការងារនៅប្រទេសថៃ ទាំងស្របច្បាប់ និងខុសច្បាប់។
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋលើកឡើងថា ជាច្រើនឆ្នាំមកហើយ ដែលអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន រហូតដល់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅមិនទាន់ដោះស្រាយបញ្ហាឱ្យពលករចំណាកស្រុកឱ្យបានត្រឹមត្រូវនោះឡើយ ដែលធ្វើឱ្យពលករតែកាន់តែមានជីវភាពខ្វះខាត និងជំពាក់បំណុលវ័ណ្ឌក។ ពួកគាត់ថា បញ្ហានេះ ដោយសារតែពលករចំណាកស្រុកភាគច្រើន ជាពិសេស ពលករធ្វើការនៅប្រទេសថៃ តែងជួបប្រទះបញ្ហា លិខិតឆ្លងដែន ធ្វើឯកសារការងារមានតម្លៃថ្លៃ ការចាញ់បោកមេខ្យល់ ការប្រឈមនឹងអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការរំលោភសិទ្ធិការងារ កើតមានជាញឹកញាប់ ប៉ុន្តែ ពុំទទួលបានការការពារ ឬផ្ដល់កិច្ចគាំពារសង្គម ពីអាជ្ញាធរពាក់ព័ន្ធ ឱ្យបានទាន់ពេលវេលា និងត្រឹមត្រូវនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។