ពលរដ្ឋ​រងគ្រោះ​ដោយសារ​សមត្ថកិច្ច​ខេត្ត​ព្រៃ​វែងបាញ់​រះ ព្រួយ​អំពី​ជីវភាព​លំបាក ខណៈ​ពួក​គាត់​ពុំ​ទាន់​អាច​​​ធ្វើ​ការងារ​បាន​ដូច​ដើម

ដោយ សុខ មនោហត្ថា
2025.01.02
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​រងគ្រោះ​ដោយសារ​សមត្ថកិច្ច​ខេត្ត​ព្រៃ​វែងបាញ់​រះ ព្រួយ​អំពី​ជីវភាព​លំបាក ខណៈ​ពួក​គាត់​ពុំ​ទាន់​អាច​​​ធ្វើ​ការងារ​បាន​ដូច​ដើម

(ស្ដាំ) លោក ខន ឡាញ់ ពលរដ្ឋ​រងរបួស​ដោយសារ​​នគរបាលខេត្តព្រៃវែង​​បាញ់ ក្នុង​​ហេតុការណ៍​សង្ស័យ​ករណី​ចាប់​ជំរិត​ជនជាតិ​ចិន​មួយ កាល​ពី​ថ្ងៃ​ទី២៧ ខែធ្នូ​ ឆ្នាំ២០២៤។ លោក​​ត្រូវ​គ្រប់​កាំភ្លើង​​របួស​ធ្ងន់​ត្រង់​ឆ្អឹង​ខ្នង​ខាង​ស្ដាំ​ផ្នែក​ខាង​ក្រោយ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាលម៉ែត​នៅឡើយ រហូត​មក​ដល់​​នៅ​ថ្ងៃ​ទី២ ខែមករា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តព្រៃវែង


ពលរដ្ឋ​រងគ្រោះ​ពី​ការ​បាញ់រះ​របស់​សមត្ថកិច្ច​នៅ​ខេត្តព្រៃវែង ពាក់ព័ន្ធ​ករណី​សង្ស័យ​ចាប់​ជំរិត​មនុស្ស​មួយ ព្រួយ​បារម្ភ​អំពី​ជីវភាព​លំបាក ខណៈ​ពួក​គាត់​ពុំ​ទាន់​ជា​អាច​ធ្វើ​ការងារ​បាន​ដូច​ដើម។ មន្ត្រី​សង្គម​ស៊ីវិល​ថា ករណី​ផ្ទះ​អាវុធ​នេះ ធ្វើ​ឡើង​មិន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់ ដែល​អាជ្ញាធរ​ពាក់ព័ន្ធ ​ត្រូវ​ស៊ើប​អង្កេត​បន្ត ហើយ​ត្រូវ​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ដល់​ជនរងគ្រោះ​ឱ្យ​បាន​សមរម្យ​បន្ថែម​ទៀត ក្រៅ​ពី​ថ្លៃ​ព្យាបាល​របួស និង​ថ្លៃ ជួសជុល​ការ​ខូចខាត​មួយ​ចំនួន។

ករណី​សមត្ថកិច្ច​ខេត្ត​ព្រៃវែង ផ្ទុះ​អាវុធ​បាញ់រះ ស្រោច​លើ​ឡាន​ពលរដ្ឋ បណ្ដា​ឱ្យ​ពលរដ្ឋ​ពីរ​នាក់​ រង​បួស​ធ្ងន់ និង​ស្រួល នៅ​ចំណុច​ផ្លូវជាតិ​លេខ១ ស្ថិត​នៅ​ឃុំ​ប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង​មក​ទាល់​ពេល​នេះ ពួក​គាត់​នោះ​ពុំ​ទាន់​ទទួល​បាន​សំណង​សមរម្យ​នៅ​ឡើយ​ទេ ក្រៅ​ពី​ថ្លៃ​ព្យាបាល​​របួស​នៅ​មន្ទីរពេទ្យ។ ករណី​នេះ ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ព្រួយ​បារម្ភ​អំពី​ជីវភាព​ខ្វះខាត ស្រប​ពេល​ពួក​គាត់​​ត្រូវ​សម្រាក​ព្យាបាល​យូរ​ខែ​ទៀត ទើប​អាច​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​បាន។

ពលរដ្ឋ​រងគ្រោះ​ ក្នុង​ហេតុការណ៍​ផ្ទះ​អាវុធ ​របស់​សមត្ថកិច្ច​ខេត្ត​ព្រៃវែង លោក ខន ឡាញ់ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២ ខែមករា ថា មក​ទល់​ពេល​នេះ សុខ​ភាព​របស់​លោក​បាន​ល្អ​ប្រសើរ​ជាង​មុន​ ក្រោយ​ពី​ត្រូវ​គ្រប់​កាំភ្លើង​រង​របួស​ធ្ងន់​ត្រង់​ឆ្អឹង​ខ្នង​ខាង​ស្ដាំ​ផ្នែក​ខាង​ក្រោយ។ ពេល​នេះ​លោក​កំពុង​តែ​សម្រាក​ព្យាបាល នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​រយៈ​ពេល ៧ថ្ងៃ​ហើយ លោក​នៅ​ពុំ​ទាន់​ដឹង​ថា តើ​នឹង​ អាច​ចេញ​មក​ផ្ទះ​​វិញ បាន​នៅ​ពេល​ណា​​នោះ​ទេ។

លោក​ព្រួយ​បារម្ភ​ពី​ជីវភាព​ខ្វះខាត ខណៈ​ដែល​សព្វថ្ងៃ​គ្រួសារ​របស់​លោក ពុំ​មាន​ចំណូល​នោះ​ឡើយ ក្រោយ​ពី​លោក​មាន​របួស​សម្រាក​នៅ​ពេទ្យ។ កាល​មិន​មាន​រង​របួស​ លោក ខន ឡាញ់ ប្រកប​របរ​ ដើរ​ទិញ​អេតចាយ​លក់​បន្ត​ដើម្បី​បាន​លុយ​កាក់​ដោះស្រាយ​ជីវភាព។ ពេល​លោក​មាន​របួស​បែប​នេះ​​ គ្មាន​អ្នក​រក​ចំណូល​ទៀត​ទេ ខណៈ​ដែល​ ប្រពន្ធ​ត្រូវ​នៅ​មើល​ថែ​កូន​នៅ​ផ្ទះ។ លោក​រំពឹង​ថា អាជ្ញាធរ​នឹង​ផ្ដល់​សំណង​ជំងឺ​ចិត្ត​បន្ថែម​ដូច​ជា ​ ជា​ថវិកា ឬ​ស្បៀង ព្រោះ​ថា របួស​របស់​លោក​ មិន​ដឹង​ពេលណា​ជា​សះស្បើយ​ល្អ​នោះ​ទេ ព្រោះ​ត្រូវ​ដាក់​ដែក ក្នុង​សាច់​ផង។

លោក ខន ឡាញ់៖ «ពេល​ខ្ញុំ​ចេញ​ពី​ពេទ្យ​ទៅ ខ្ញុំ​អត់​អាច​ធ្វើ​ការ​អី​កើត​ទេ ហើយ​ពេទ្យ​គេ​នឹង​ណាត់​យើង​​មក​មើល​រហូត​ដែរ អ៊ីចឹង​វា​ចំណាយ​ពេល​យូរ​បាន​អាច​ធ្វើ​ការ​កើត។ អ៊ីចឹង​សំណង​នឹង​វា​ត្រូវ​តែ​មាន​ហើយ ព្រោះ​ពេល​ខ្ញុំ​ចេញ​ទៅ​អត់​អាច​ធ្វើ​ការបាន​ដូច​ដើម​ទេ ហើយ​គ្រួសារ​យើង​អត់​មាន​ចំណូល»

វិទ្យុ​អាស៊ី​សេរី​ពុំ​អាច​ទាក់ទង​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង លោក ឈឿន ប៊ុនឆន ​និង​ អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរ​បាល​ជាតិ​លោក ឆាយ គឹមខឿន ដើម្បី​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ បាន​ទេ នៅ​ថ្ងៃ​ទី២ ខែមករា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ គ្មាន​អ្នក​ទទួល។

ទោះ​ជា​យ៉ាង​ណា​ក្ដី ចំពោះ​ករណី​ផ្ទះ​អាវុធ​បណ្ដា​ឱ្យ​ប្រជា​ពលរដ្ឋ​រង​របួស នៅ​ខេត្តព្រៃវែង កាល​ពី​ថ្ងៃ​ទី២៧ ខែធ្នូ​កន្លង​មក​នេះ នគរបាល​ខេត្តព្រៃវែង បាន​ចេញ​បក​ស្រាយ ទទួល​ស្គាល់​កំហុស​ថា​ជា​​​ការ​បាញ់​ច្រឡំ និង​ព្រម​ផ្ដល់​សំណង​ជំងឺ​ចិត្ត​មួយ​ចំនួន​ដល់​ជន​រងគ្រោះ ក្នុង​នោះ ទទួល​ជួសជុល​ការ​ខូចខាត​រថយន្ត និង​ថ្លៃ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ជាដើម។ ហេតុការណ៍​ផ្ទុះ​អាវុធ​នេះ កើត​ឡើង ដោយ​សារ​តែ​​សមត្ថកិច្ច​កំពុងតែ​តាម​ចាប់​ជន​ជាតិ​វៀតណាម​ចំនួន ១២នាក់ ពាក់ព័ន្ធ​ករណី​ចាប់​ជំរិត​ទារ​ប្រាក់ និង​ឃុំ​ខ្លួន​ជន​ជាតិ​ចិន​ម្នាក់ ឈ្មោះ ឈិន អ៊ីតុង (CHEN YITONG) ដោយ​ខុស​ច្បាប់។

សមត្ថកិច្ច​​បាន​បញ្ជាក់​ថា ការ​បាញ់រះ​លើ​រថយន្ត​ម៉ាកស្តារិច ពណ៌​ស​ពេល​នោះ ដោយសារ​តែ​ទទួល​បាន​ព័ត៌មាន​ខុស ខណៈ​ដែល​រថយន្ត​ជន​ល្មើស និង​ឡាន​ពលរដ្ឋ ដែល​បើក​បរ​ពេល​នោះ​មាន​ភិនភាគ​ដូច​គ្នា។ ទន្ទឹម​នឹង​នោះ​សមត្ថកិច្ច​បាន​ព្យាយាម​ឃាត់​ឡាន​នោះ​ឱ្យ​ឈប់ ប៉ុន្តែ​មិន​ព្រម​ឈប់ ជា​ហេតុ​ធ្វើ​ឱ្យ​សមត្ថកិច្ច​បាញ់រះ​លើ​ឡាន​ពលរដ្ឋ ​ដើម្បី​ការពារ​ខ្លួន ក្នុង​ករណី​ជន​ល្មើស​ផ្ទុះ​អាវុធ​មុន។ ហេតុការណ៍​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​ម្នាក់​នៅ​ក្នុង​ឡាន​មាន​របួស​ដៃ​ស្រាល ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​​ដែល​នៅ​ក្បែរ​ហេតុការណ៍​នោះ រង​បួស​ធ្ងន់។

អ្នក​ឃ្លាំ​មើល​ថា បើ​ទោះ​បី​ជា​ករណី​នេះ សមត្ថកិច្ច​បាន​ចេញ​មក​ទទួល​កំហុស និង ​ព្រម​ចេញ​សំណង​ព្យាបាល និង ​​ជួសជុល​រថយន្ត ដែល​ខូចខាត​មួយ​ចំនួន​ក្ដី ប៉ុន្តែ ករណី​នេះ ពុំ​អាច​ចប់​​ដោយ​ងាយៗ នោះ​ទេ។ ពួក​គាត់​ថា កម្លាំង​នគរបាល​ទាំង​នោះ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាច់ និង​តួនាទី​របស់​ខ្លួន​បន្ថែម​ទៀត ព្រោះថា​​ ប្រសិន​បើ​ពុំ​មាន​វិធានការ​តឹងរ៉ឹង​ទេ ករណី​សមត្ថកិច្ច អនុវត្ត​មិន​ត្រឹម​ត្រូវ​បែប​នេះ នឹង​បន្ត​កើត​មាន​ជា​ថ្មី​ម្ដង​ទៀត។

ទាក់​ទិន​រឿង​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​ដីធ្លី​នៃ​សមាគម​អាដហុក (ADHOC) លោក យិន ម៉េងលី សង្កេត​ឃើញ​ករណី​ផ្ទុះ​អាវុធ​នេះ បើ​ពិនិត្យ​មើល​តាម​ផ្លូវ​ច្បាប់ គឺ​ជា​ទង្វើ​ខុស​ច្បាប់​ទាំង​ស្រុង។ ជាពិសេស ការ​បាញ់រះ​មក​លើ​ឡាន​ជនសង្ស័យ ទាំង​ដែល​ជន​សង្ស័យ​ពុំបាន​បាញ់​ត​មក​វិញ​សោះ។ លោក​ថា ជា​ធម្មតា មន្ត្រី​នគរបាល​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុង​ករណី​បាញ់​ម្ដងៗ ព្រោះ​គេ​បារម្ភ​ខ្លាច​ប៉ះពាល់​ពលរដ្ឋ និង​ការ​បាញ់​ទៅ​មាន​ការ​ភ័ន្តច្រឡំ។ លោក​ថា ករណី​នេះ​ជា​ការ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា ​ប្រតិបត្តិការ​ របស់​មន្ត្រី​នគរបាល​ទាំង​នោះ​ អសមត្ថភាព។

លោក យិន ម៉េងលី៖ «ចុះ​បើ​បាញ់​ទៅ​ស្លាប់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ តើ​សមត្ថកិច្ច​យក​អី​សំណង​មក​អះអាង ឬ​យ៉ាង​ម៉េច។ ការ​ប្រតិបត្តិការ​នេះ គឺ​ខុស​ហើយ ជា​ការ​បង្ហាញ​អំពី​អសមត្ថភាព​របស់​សមត្ថកិច្ច​ដែរ។ អ៊ីចឹង ការ​បង្ក្រាប​នេះ​បើ​យើង​សរុប​វិញ​តាម​ផ្លូវ​ច្បាប់ គឺ​ទាំងស្រុង»

​មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ថា ត្រូវ​តែ​ទទួល​ខុស​ត្រូវ​បន្ថែម​ទៅ​លើ​ជីវភាព​គ្រួសារ របស់​ជនរងគ្រោះ ជា​ពិសេស ត្រូវ​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ជូន​ពួក​គាត់​ឱ្យ​បាន​សមរម្យ ស្រប​ពេល​ជន​រងគ្រោះ​ពុំ​អាច​ធ្វើ​ការ​បាន ដោយសារ​តែ​មុខ​របួស​មិន​ទាន់​សះស្បើយ។ លោក​ថា ការ​ធ្វើ​បែប​នេះ​ ដើម្បី​កុំ​ឱ្យ​ពួក​គាត់​មាន​ជីវភាព​ខ្វះខាត។ លោក​បន្ត​ថា ករណី​នេះ អាជ្ញាធរ​ពុំ​មិន​ត្រូវ​ដោះស្រាយ​តែ​លើ​ថ្លៃ​ព្យាបាល​ជំងឺ និង​ការ​ខូចខាត​មួយ​ចំនួន ហើយ​ក៏​ចប់​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles