ដោយ យន់ សាមៀន
2025.01.07
RFA

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តកំពង់ធំ លោក លឹម គឹមយ៉ា។ AFP
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តកំពង់ធំ លោក លឹម គឹមយ៉ា ត្រូវឃាតករបាញ់សម្លាប់នៅប្រទេសថៃ នៅថ្ងៃទី៧ មករា នេះ បន្ទាប់ពីលោក និងគ្រួសារទើបធ្វើដំណើរចាកចេញពីខេត្តសៀមរាប។
សារព័ត៌មានថៃ អ៊ីនឃ្វ័រ (Thai Enquirer) ចុះផ្សាយនៅយប់ថ្ងៃនេះថា លោកត្រូវឃាតករបាញ់សម្លាប់នៅក្បែរវត្តបូវ័ន្តនិវិត្ត (Wat Bowonniwet Vihara) កណ្ដាលក្រុងបាងកង ប្រទេសថៃ។
សារព័ត៌មានថៃបន្តថា ឃាតករជិះម៉ូតូពណ៌ក្រហម ពាក់មួកសុវត្ថិភាពគ្មានស្លាកលេខ បានបាញ់សម្លាប់លោក លឹម គឹមយ៉ា នៅកន្លែងកើតហេតុ និងជិះម៉ូតូគេចខ្លួនបាត់។
លោក លឹម គឹមយ៉ា តែងសរសេររិះគន់រដ្ឋាភិបាលដឹកនាំដោយត្រកូលហ៊ុន នៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក។ កាលពីថ្ងៃទី៣ មករា លោកបានរិះគន់ការរៀបចំកម្មវិធីសាទរកម្ពុជារបស់កូនប្រុសពៅប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ដែលបង្កនូវឧបទ្ទវហេតុឆេះព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេច នរោត្ដម សីហមុនី កាលពីយប់ឆ្លងឆ្នាំឈានចូលថ្ងៃទី១ មករា។ ហេតុការណ៍នេះអាជ្ញាធរកម្ពុជាបានព្យាយាមលាក់បាំង និងហាមប្រាមមិនឱ្យបង្ហោះពីហេតុការណ៍ឆេះនៅមុខព្រះបរមរាជវាំងនេះផង។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។