ប្រតិកម្មជុំវិញការបាញ់សម្លាប់លោកលិម គិមយ៉ា តំណាងរាស្ត្រអតីតគណបក្សសង្រ្គោះជាតិ ក្នុងប្រទេសថៃ

កម្ពុជា
កម្ពុជា-នយោបាយ
08/01/2025 – 11:29
ដោយ៖ ជួប នរក្សា
RFI

ប្រតិកម្មថ្កោលទោស និងទាមទារឲ្យមានការស៊ើបអង្កេតដោយឯករាជ្យបានកើតឡើងភ្លាមៗពីសំណាក់អ្នកនយោបាយបក្សប្រឆាំង និងសហគមន៍អន្តរជាតិជុំវិញការបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតបក្សសង្រ្គោះជាតិក្នុងទីក្រុងបាងកក ប្រទេសថៃនាយប់ថ្ងៃអង្គារ ទី៧ មករា។ សូមរម្លឹកជូនថា លោក លិម គិមយ៉ាជាអតីតតំណាងរាស្ត្រមណ្ឌលកំពង់ធំនៃអតីតបក្សសង្រ្គោះជាតិ។

ប្រតិកម្មជុំវិញការបាញ់សម្លាប់លោកលិម គិមយ៉ា តំណាងរាស្ត្រអតីតគណបក្សសង្រ្គោះជាតិ ក្នុងប្រទេសថៃ


កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិបានសម្តែងក្តីរន្ធត់ជាពន់ពេកនៅពេលលឺដំណឹងថា លោក លិម គិមយ៉ា ត្រូវឃាតករបាញ់សម្លាប់។ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កញ្ញា កឹម មនោវិទ្យា បានថ្កោលទោសចំពោះអំពើដ៏សែនយង់ឃ្នងនេះ និងបានអំពាវនាវឲ្យស្វែងរកការពិត។ គួរបញ្ជាក់ថា លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រមណ្ឌលកំពង់ធំនៃអតីតបក្សសង្រ្គោះជាតិត្រូវបានខ្មាន់កាំភ្លើងបាញ់ចំនួន ៣គ្រាប់បណ្ដាលឱ្យស្លាប់ភ្លាមៗនៅក្បែរវត្តបូវ័ន្តនិវិត្តក្នុងទីក្រុងបាងកក ប្រទេសថៃនាល្ងាចថ្ងៃអង្គារ ទី០៧ មករា។

សេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុកថៃបានបង្ហាញវីដេអូកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវដែលគេឃើញវត្តមានខ្មាន់កាំភ្លើងក្នុងសម្លៀកបំពាក់អាវយឺតពណ៌ប្រផេះ ខោខូវប៊យ និងមានស្ពាយកាបូបចំហៀងជិះម៉ូតូហុងដាវ៉េវមកឈប់ចាំវត្តមានលោក លិម គិមយ៉ាដើម្បីបាញ់។ តាមសេចក្តីរាយការណ៍ព័ត៌មានថៃដដែល លោក លិម គិមយ៉ា និងភរិយា រួមទាំងឪពុកមាបានធ្វើដំណើរចេញពីខេត្តសៀមរាបឆ្ពោះទៅទីក្រុងបាងកកតាមរថយន្តក្រុង។ លុះដល់កន្លែងកើតហេតុ ខ្មាន់កាំភ្លើងដែលឈរចាំនៅទីនោះក៏បានឆ្លងផ្លូវមួយរំពេចសំដៅទៅបាញ់លោក លិម គិមយ៉ា ចំនួន ៣គ្រាប់ដេកស្លាប់នឹងកន្លែងភ្លាមៗតែម្តង។

ការស្លាប់របស់លោក លិម គិមយ៉ា បានរងស្រោចដោយប្រតិកម្មថ្កោលទោសពីសំណាក់អ្នកនយោបាយប្រឆាំងដែលធ្លាប់ជាសហការីរួមការងារក្នុងជីវភាពនយោបាយនៃអតីតគណបក្សសង្រ្គោះជាតិ។ លោក សម រង្ស៊ី ប្រធានស្តីទីអតីតបក្សសង្រ្គោះជាតិបានបង្ហាញក្តីរន្ធត់ និងដាក់ការចោទប្រកាន់ចំៗថា អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន គឺជាមនុស្សដែលនៅពីក្រោយការសម្លាប់លោក លិម គិមយ៉ា។ តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានទាត់ចោលការចោទប្រកាន់របស់លោកសម រង្ស៊ីភ្លាមៗដោយលើកឡើងថា ការបរិយាយរបស់លោកសម រង្ស៊ីជាគំនុំគំកួននឹងលោក ហ៊ុន សែន ក្រោយគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ។

តាមលោក សុខ ឥសាន គណបក្សប្រជាជនកម្ពុជាមិនមានជាប់ពាក់ព័ន្ធអ្វីទៅនឹងការស្លាប់របស់លោក លិម គិមយ៉ា និងថា ការចោទប្រកាន់ទាំងឡាយពេលនេះជាការសន្និដ្ឋានបែបនយោបាយទាំងស្រុង ដ្បិតអាជ្ញាធរថៃក៏នៅមិនទាន់បានបង្ហាញតម្រុយនៃការស៊ើបអង្កេតច្បាស់លាស់នៅឡើយដែរ។ ព័ត៌មានចុងក្រោយពីប្រទេសថៃគិតត្រឹមព្រឹកថ្ងៃពុធ ទី០៨មករានេះ អាជ្ញាធរថៃបានកំណត់មុខសញ្ញាខ្មាន់កាំភ្លើងបានថា គឺជាអតីតទាហានជើងទឹកថៃដែលទទួលស៊ីឈ្នួលឲ្យធ្វើឃាតកម្ម។ តាមសេចក្តីរាយការណ៍របស់ព័ត៌មានស្រុកថៃ ខ្មាន់កាំភ្លើងមានឈ្មោះ ឯករ៉ាត់ ផែណូយ ជនជាតិថៃ និងបច្ចុប្បន្នមានមុខរបរជាអ្នករត់ម៉ូតូឌុប។

ទីតាំងកើតហេតុនៃការបាញ់សម្លាប់លោក លិម គិមយ៉ា តំណាងរាស្ត្រនៃអតីតបក្សសង្គ្រោះជាតិ
ទីតាំងកើតហេតុនៃការបាញ់សម្លាប់លោក លិម គិមយ៉ា តំណាងរាស្ត្រនៃអតីតបក្សសង្គ្រោះជាតិ AFP – LILLIAN SUWANRUMPHA

សមត្ថកិច្ចថៃបានចេញដីកាចាប់ខ្លួនខ្មាន់កាំភ្លើងរូបនេះក្នុងបទល្មើសឃាតកម្មគិតទុកជាមុន និងយកអាវុធចូលតំបន់ជាសាធារណៈ។ ទោះជាយ៉ាងណា គេនៅមិនទាន់មានប្រភពច្បាស់ការណ៍ណាដែលបញ្ជាក់ថា តើសមត្ថកិច្ចថៃឃាត់ខ្លួនខ្មាន់កាំភ្លើងរូបនោះបានហើយ ឬអត់ទេ។ គួរបញ្ជាក់ថា លោក លិម គិមយ៉ា ជាតំណាងរាស្ត្រនៃអតីតបក្សសង្រ្គោះជាតិមណ្ឌលកំពង់ធំដែលមានសញ្ជាតិខ្មែរ និងបារាំងដោយលោកមានភរិយាជាជនជាតិបារាំង។ ក្នុងតំណែងជាតំណាងរាស្ត្រកន្លងមក លោក លិម គិមយ៉ាត្រូវបានគេស្គាល់ជាអ្នកនយោបាយហ៊ានរិះគន់មិនសំចៃមាត់ចំពោះសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជា។ ថ្មីៗនៅប៉ុន្មានថ្ងៃមុនកើតហេតុបាញ់សម្លាប់ លោក លិម គិមយ៉ា បានសរសេររិះគន់ចំពោះការរៀបចំព្រឹត្តិការណ៍សាទរកម្ពុជាដែលលោកយល់ថា ជាព្រឹត្តិការណ៍មួយពេលខ្លី គ្មានស្ថិរភាព និងមិនបានផ្តល់ប្រយោជន៍អ្វីដល់ប្រជាពលរដ្ឋ៕

What Next?

Recent Articles