ដោយ ទីន ហ្សាការីយ៉ា
2025.01.08
RFA

រូបខាងស្ដាំ គឺជនសង្ស័យជាឃាតកបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អតីតជាទាហានជើងទឹកថៃម្នាក់ ឈ្មោះ អេកាឡាក់ ផែណយ (Aekaluck Paenoi) ហៅ ចា អឹម (Ja M) ដែលនគរបាលកម្ពុជាចាប់បាននៅស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។ រូបពីទូរទស្សន៍ថៃ AMARIN TV 2025-01-08
ក្រុមអ្នកជំនាញច្បាប់ មេដឹកនាំគណបក្សប្រឆាំងសង្ស័យថា ការបាញ់សម្លាប់លោក លិម គិមយ៉ា អាចជាការរៀបចំជាប្រព័ន្ធ ដែលអាចជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលកម្ពុជានៅពីក្រោយ។ ពួកគេលើកពីទឡ្ហីករណ៍មួយចំនួន ដែលរដ្ឋាភិបាលថា រដ្ឋាភិបាលកម្ពុជាអាចជាប់ពាក់ព័ន្ធនឹងរឿងនេះ។
តើមានភស្តុតាងអ្វីខ្លះ ដែលថា ការបាញ់សម្លាប់លោក លិម គិមយ៉ា នេះ ជាការរៀបចំជាប្រព័ន្ធ ដែលរដ្ឋាភិបាលត្រកូល ហ៊ុន អាចនៅពីក្រោយ?
អ្នកសិក្សាច្បាប់ និងអភិបាលកិច្ចបែបប្រជាធិបតេយ្យ លោក វន ចាន់ឡូត មានប្រសាសន៍ថា ការបាញ់សម្លាប់លោក លិម គិមយ៉ាង អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនេះ ជារឿងនយោបាយ ដែលមានរៀបចំជាប្រព័ន្ធ។ លោក វ៉ន ចាន់ឡូត ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសលើកឡើងថា ក្រោយពីឃាតកបាញ់សម្លាប់ លោក លិម គិមយ៉ា គឺជនសង្ស័យបានរត់គេចពីកន្លែងបាញ់ប្រហារ ហើយមានឡានរង់ចាំទទួលដឹកយកកម្ពុជា តាមច្រកព្រំដែនខែត្របាត់ដំបង។
៖ «««សំឡេង««««««
ក្រុមប៉ូលិសស៊ើបអង្កេតរបស់ថៃ នៅថ្ងៃទី៨ ខែមករា បានរកឃើញថា ឃាតកបាញ់សម្លាប់លោក លិម គិមយ៉ា គឺជាអតីតទាហានជើងទឹកថៃម្នាក់ ឈ្មោះ អេកាឡាក់ ផែណយ (Aekaluck Paenoi) ហៅ ចា អឹម (Ja M) មានមុខរបរជាអ្នករត់ម៉ូតូឌុប។
សមត្ថកិច្ចកម្ពុជា និងបានសហការជាមួយសមត្ថកិច្ចថៃ ចាប់បានជនសង្ស័យជាឃាតក អេកាឡាក់ ផែណយ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធី។ អាជ្ញាធរកម្ពុជាថា ប្រសិនបើអាជ្ញាធរថៃស្នើសុំរដ្ឋាភិបាលកម្ពុជា ឱ្យបញ្ជូនជនសង្ស័យទៅប្រទេសថៃវិញ គឺអាចធ្វើបាន ក្រោយពេលកម្ពុជាបញ្ចប់ការស្រាវជ្រាវ។
វីដេអូសុវត្ថិភាព ដែលសារព័ត៌មានថៃយកមកចុះផ្សាយភ្លាមៗ នៅមុនពេលជនសង្ស័យបាញ់សម្លាប់លោក លិម គិមយ៉ា បង្ហាញថា ជនសង្ស័យបានជិះម៉ូតូមករង់ចាំជាង ១០នាទី មុនពេលធ្វើសកម្មភាព ដោយជនសង្ស័យមិនបានពាក់មួកសុវត្ថិភាព ឬបិទមុខឡើយ។ វីដេអូបង្ហាញថា ជនសង្ស័យបានបាញ់ លោក លិម គិមយ៉ា ចំនួន ៣គ្រាប់ ហើយបានដើរមកជិះម៉ូតូចាកចេញពីកន្លែងកើតហេតុ ដោយទឹកមុខមាំ និងគ្មានភាពតក់ស្លុតអ្វីឡើយ។
មុនពេលសមត្ថកិច្ចចាប់ជនសង្ស័យបាន គឺជនសង្ស័យ បានជិះម៉ូតូម៉ាកហុងដា Wave ដែលជនសង្ស័យជិះធ្វើសកម្មភាពនេះ យកទៅចតចោលនៅស្ថានីយប្រេងឥន្ធនៈមួយកន្លែង តាមបណ្ដោយផ្លូវហៃវ៉េ ក្នុងទីក្រុងបាងកក នៅវេលាម៉ោងប្រហែល ៦ល្ងាច ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ដោយមានឡាន Pick up មួយគ្រឿង រង់ចាំដឹកយកទៅកម្ពុជាតាមច្រករបៀងព្រំដែនសំពៅលូននៅវេលាម៉ោង ១២ និង ៤០នាទីរំលងអាធ្រាត្រ។
ក្រៅពីជនសង្ស័យជនជាតិថៃ ដែលសមត្ថកិច្ចចាប់បានម្នាក់នេះ នៅមានជាសង្ស័យម្នាក់ទៀត ដែលប៉ូលិសថៃបានកំណត់អត្តសញ្ញាណថា ជាជនជាតិខ្មែរម្នាក់ ឈ្មោះ ពេជ្រ គឹមស្រ៊ិន អាយុ ២៤ឆ្នាំ។ សារព័ត៌មានថៃបានចុះផ្សាយដោយភ្ជាប់វីឌីអូផងថា បុរសឈ្មោះ ពេជ្រ គឹមស៊្រិន នេះ បានជិះឡានក្រុងអមដំណើរជាមួយលោក លិម គិមយ៉ា ពីខែត្រសៀមរាបមកដល់ទីក្រុងបាងកក នៅថ្ងៃកើតហេតុ គឺថ្ងៃទី៧ មករា។ លោក ពេជ្រ គឹមស្រ៊ិន ជាអ្នកផ្ដល់សញ្ញា ឬប្រាប់អត្តសញ្ញាណលោក លិម គិមយ៉ា ទៅឃាតក ដើម្បីឱ្យឃាតករង់ចាំបាញ់សម្លាប់ លោក លិម គិមយ៉ា តែម្ដង។
ក្រោយពីបាញ់សម្លាប់ លោក លិម គិមយ៉ា បានជោគជ័យហើយ សង្ស័យជាជនជាតិខ្មែរនេះ បានរត់មកស្រុកខ្មែរវិញ តាមជើងយន្តហោះ Angkor Airline នៅវេលាម៉ោង៩ជាង យប់ថ្ងៃទី៧ មករាដដែល។
ទាក់ទងនឹងរឿងនេះ លោក វ៉ន ចាន់ឡូត បន្ថែមថា ករណីឃាតកម្មនេះ ប្រសិនបើមិនមែនជារឿងនយោបាយនោះ សមត្ថកិច្ចកម្ពុជា មិនពិបាកស្វែងរកចាប់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលជាជនជាតិខ្មែរនេះទេ។ លោកថា ជនសង្ស័យជនជាតិខ្មែរនេះ ឈ្មោះ ពេជ្រ គឹមស្រ៊ិន នេះ មានអត្តសញ្ញាណច្បាស់លាស់ ដូចជា លិខិតឆ្លងដែន ដែលបង្ហាញអំពីអាសយដ្ឋានជាក់លាក់នៅកម្ពុជា សំបុត្រយន្តហោះ និងវីឌីអូបង្ហាញអំពីមុខមាត់ជនសង្ស័យជាដើម។
៖«««««««សំឡេង««««««
ទាក់ទងនឹងបញ្ហានេះ លោក សម រង្ស៊ី បានចោទថា របបដឹកនាំដោយត្រកូល ហ៊ុន នេះ ជាអ្នកបញ្ជាពីក្រោយ នៃការបាញ់សម្លាប់លោក លិម គិមយ៉ា នៅទីក្រុងបាងកកនេះ។ លោកថា អតីតសហការីរបស់លោក គឺ លោក លិម គិមយ៉ា មិនខុសពីលោកនោះទេ គឺ មិនបានបោះបង់ការតស៊ូ ដើម្បីលទ្ធិប្រជាធិបតេយ្យ ដើម្បីបញ្ចប់របបអនាធិបតេយ្យរបស់ ហ៊ុន សែន ដែលបានបង្កើតរបបផ្តាច់ការតពូជនៅកម្ពុជា។
៖«««សំឡេង«««
ប្រភពពីមន្ត្រីគណបក្សប្រឆាំងមួយរួប នៅប្រទេសកម្ពុជាឱ្យដឹងថា លោក លិម គិមយ៉ា ទៅប្រទេសកម្ពុជាជាមួយភរិយាជនជាតិបារាំងនោះ មិនមែនលោកទៅទស្សនកិច្ចធម្មតានោះទេ គឺលោកចង់ទៅធ្វើនយោបាយឡើងវិញ ហើយលោកបានដើរទៅបណ្ដាខែត្រមួយចំនួន ដូចជា ខែត្រកំពង់ធំ ដែលជាខែត្រ ដែលលោកជាប់តំណាងរាស្ត្រនៅទីនោះ កាលពីឆ្នាំ២០១៣។ ក្រៅពីនេះ លោកបានទៅសៀមរាប និងខែត្របាត់ដំបងជាដើម។
នៅស្របពេលលោកកំពុងនៅកម្ពុជា មុនពេលឃាតកបាញ់សម្លាប់នេះ អតីតតំណាងរាស្ត្រមណ្ឌលកំពង់ធំ លោក លិម គិមយ៉ា មិនបន្ធូរដៃក្នុងការសរសេររិះគន់ ត្រូកូល ហ៊ុន ឡើយ។ លោកបានសរេសរ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក អំពីរឿងកោះគុជ និងរឿងជាច្រើនទៀត។ ករណីចុងក្រោយនៅយប់ឆ្លងឆ្នាំសាកល លោក បានសរសេររិះគន់ លោក ហ៊ុន ម៉ានី រៀបចំកម្មវិធីសាទរកម្ពុជា ដែលធ្វើឱ្យឆេះព្រះឆាយល័ក្ខណ៍ព្រះមហាក្សត្រនោះថា ជារឿងឥតប្រយោជន៍។
អ្នកតាមដានភូមិសាស្រ្តនយោបាយ លោក គឹម សុខ ពន្យល់ថា លោក លិម គិមយ៉ា ជាបុគ្គលមួយរួប ដែលធ្វើឱ្យប៉ះពាល់ដល់អំណាចត្រកូល ហ៊ុន ដោយសារតែលោកជាមនុស្សមិនខ្លាចរិះគន់ត្រកូល ហ៊ុន ដូចបណ្ឌិត កែម ឡី ដែរ។
៖««សំឡេង«««««
ក្រុមអ្នកការពារសិទ្ធិមនុស្សជាតិអន្តរជាតិថា ឃាតកម្មលើលោក លិម គិមយ៉ា នេះ ជាការគំរាមកំហែងឆ្លងដែន ដែលជាការព្រមានដល់ជនភៀសខ្លួនខ្មែរកំពុងលាក់ខ្លួននៅប្រទេសថៃឱ្យភ័យខ្លាច។
មកទល់យប់ថ្ងៃទី៨ មករា រដ្ឋាភិបាលកម្ពុជាមិនទាន់បានបង្ហាញជំហរថា តើត្រូវកំណត់មុខសញ្ញាជនសង្ស័យជាជនជាតិខ្មែរ ដើម្បីចាប់ខ្លួនយកមកសំណួរចម្លើយថា យ៉ាងណានៅឡើយទេ។ ផ្ទុយទៅវិញ មន្រ្តីហែហមត្រកូល ហ៊ុន បានចេញមុខការពាររដ្ឋាភិបាល ហើយច្រានចោលការពារមុខមាត់រដ្ឋាភិបាលថែមទៀតផង។
ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល លោក គី តិច បានអះអាងថា ការចោទប្រកាន់រដ្ឋាភិបាលថា ជាប់ពាក់ព័ន្ធនឹងឃាតកម្មនេះ ជាការមួលបង្កាច់ និងទម្លាក់កំហុសដោយអសុទ្ធចិត្ត។ លោកបានព្រមានអ្នកចោទរដ្ឋាភិបាលត្រកូល ហ៊ុន ថា ជាការប្រព្រឹត្តិល្មើសព្រហ្មទណ្ឌថែមទៀតផង។
រីឯប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា វិញ បានអះអាងប្រាប់សារព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី៨ មករាថា ករណីនេះ គឺកើតឡើងនៅលើទឹកដីថៃ រដ្ឋាភិបាលកម្ពុជាគ្មានសិទ្ធិធ្វើអន្តរាគមន៍រឿងនេះឡើយ។ លោក ប៉ែន បូណា ក៏ច្រានចោលការចោទប្រកាន់មកលើរដ្ឋាភិបាលត្រកូល ហ៊ុន ដែរ។
ទោះបីជាបែបនេះក្ដី ការបាញ់សម្លាប់លោក លិម គិមយ៉ា នៅស្របពេលរដ្ឋាភិបាលត្រកូល ហ៊ុន ប្រារព្ធពិធីខួប ៧មករា លើកទី៤៦។ ប្រធានរដ្ឋសភា លោក ហ៊ុន សែន បានជំរុញរដ្ឋាភិបាលដឹកនាំដោយកូនរបស់លោក គឺលោក ហ៊ុន ម៉ាណែត ឱ្យធ្វើច្បាប់ដាក់អ្នកប្រឆាំងរដ្ឋាភិបាល ឬប្រឆាំងថ្ងៃ ៧មករា ជាភេវរករ។
ក្រៅពីនេះទៀត លោក ហ៊ុន សែន ក៏ធ្លាប់បញ្ជាឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយក្រុមអាវក្រហមថៃ ដែលជាក្រុមគាំទ្ររដ្ឋាភិបាលកូនស្រីលោក ថាក់ស៊ីន ដើម្បីតាមចាប់ខ្លួន សកម្មជនបក្សប្រឆាំង លោក ផន ផាណា នៅក្រុងបាងកក ទោះជាចាប់តាំងស្លាប់ ឬទាំងរស់ក៏ដោយ។
៖««««««សំឡេង«««««
ត្រកូល ហ៊ុន ដឹកនាំកម្ពុជា បានចាប់ខ្លួនអ្នករិះគន់ និងសម្លាប់មនុស្សជាច្រើន។ គិតពីឆ្នាំ១៩៩៣មក អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានពាក់ព័ន្ធនឹងការកាប់សម្លាប់ក្រៅច្បាប់ជាច្រើនទៀត រួមមាន ការគប់គ្រាប់បែកលើហ្វូងបាតុករ នៅខែកក្កដា ឆ្នាំ១៩៩៧។
ការបាញ់សម្លាប់ព្រះតេជព្រះគុណ សំ ប៊ុនធឿន ក្នុងឆ្នាំ២០០៣ ការបាញ់សម្លាប់លោក ជា វិជ្ជា មេដឹកនាំសហជីពក្នុងឆ្នាំ២០០៤។ ការបាញ់សម្លាប់លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ក្នុងឆ្នាំ២០១២ និងករណីចុងក្រោយគឺ ការបាញ់សម្លាប់បណ្ឌិត កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម នៅ Star Mart ស្តុបបូកគោ ក្នុងខណ្ឌចំការមន នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
រីឯឃាតកម្មលើលោក លិម គិមយ៉ា នេះជាករណីទី១ ហើយ នៅឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ក្រៅពីរបបនេះ បានចាប់ខ្លួនអ្នករិះគន់ដាក់ពន្ធនាគារជាង ១០០នាក់ នៅឆ្នាំ២០២៤។
ទាក់ទងនឹងបញ្ហានេះ លោក សម រង្ស៊ី អះអាងថា របបដឹកនាំដោយត្រកូល ហ៊ុន ជិតដល់ថ្ងៃអវសាន នៃការដឹកនាំតពូជនេះហើយ ពីព្រោះថា លោក លិម គិមយ៉ា មានសញ្ជាតិបារាំង។ លោកថា រដ្ឋាភិបាលបារាំង និង រដ្ឋាភិបាលថៃនឹងមិនស្ងៀម ចំពោះករណីនេះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។