កម្ពុជា
កម្ពុជា-សិទ្ធិមនុស្ស
10/01/2025 – 12:33
ដោយ៖ សឹម ចាន់សំណាង
RFI
ជាលើកទី១ ដែលគេឃើញលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានទៅជួប និងសួរសុខទុក្ខកញ្ញា សេង ធារី សកម្មជនសិទ្ធិមនុស្ស និងជាមេធាវីសញ្ជាតិខ្មែរ-អាមេរិកាំងដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចេញផ្សាយ ថ្ងៃទី៩ មករា ដោយបានបញ្ជាក់បន្ថែមថា កញ្ញា សេង ធារី មានសុខភាពល្អជាធម្មតាទាំងស្មារតី និងកាយសម្បទា។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តាមរយៈអ្នកនាំពាក្យ លោក ស្រ៊ាង ចិន្តា ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១០ មករានេះថា លោក កែវ រ៉េមីបានទៅជួបកញ្ញា សេង ធារីដោយផ្ទាល់នៅក្នុងបន្ទប់ឃុំឃាំង និងក៏ដើម្បីត្រួតពិនិត្យសកម្មភាពផ្សេងៗនៅក្នុងពន្ធនាគារពកាលពីថ្ងៃព្រហស្បតិ៍ ទី៩ មករា។ តាមលោក ស្រ៊ាង ចិន្តា កញ្ញា សេង ធារី មានរបស់ប្រើប្រាស់គ្រប់គ្រាន់ និងអាចច្រើនជាងអ្នកជាប់ឃុំដទៃទៀតផងនៅក្នុងបន្ទប់ឃុំឃាំងរបស់គាត់។ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិកម្ពុជារូបនេះដដែលបានបន្ថែមថា នៅក្នុងជំនួបជាមួយលោក កែវ រ៉េមី កញ្ញា សេង ធារី មិនបានលើកជាសំណូមពរអ្វីឡើយ។
ផ្ទុយទៅវិញ កញ្ញា សេង ធារី បានកោតសរសើរគណៈកម្មាធិការសិទ្ធិកម្ពុជាដែលបានយកចិត្តទុកដាក់លើស្ថានការសិទ្ធិមនុស្សរបស់អ្នកជាប់ឃុំនៅក្នុងពន្ធនាគារ។ ស្ថានភាពសិទ្ធិមនុស្សក្នុងពន្ធនាគារត្រូវបានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា គឺមានលក្ខណៈល្អប្រសើរ ព្រោះជនជាប់ឃុំទទួលបានរបបអាហារតាមច្បាប់កំណត់ស្តីពីពន្ធនាគារ ទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ មានម៉ោងសម្រាកហាត់ប្រាណ ការថែទាំជំងឺ និងមានបណ្ណាល័យសម្រាប់អានសៀវភៅជាដើម។
គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កញ្ញា សេង ធារី ធ្លាប់បានដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងមហាផ្ទៃពីភាពមិនប្រក្រតីក្នុងពន្ធនាគារ ដូចជាការធ្វើទារុណកម្មផ្លូវចិត្ត និងអំពើហិង្សាជាដើម។ ពាក្យបណ្តឹងរបស់កញ្ញា សេង ធារីកាលណោះត្រូវបានក្រសួងមហាផ្ទៃ តាមរយៈអ្នកនាំពាក្យរងលោក ទូច សុឃៈ ឆ្លើយតបថា ក្រសួងមិនអនុញ្ញាតឱ្យមានការប៉ះទង្គិចណាមួយជាមួយជនជាប់ឃុំទេ ដោយយោងលើការគោរពសិទ្ធិអ្នកជាប់ឃុំ។ សូមរម្លឹកថា កញ្ញា សេង ធារី ជាសកម្មជនសិទ្ធិមនុស្ស និងជាមេធាវីសញ្ជាតិខ្មែរ-អាមេរិកាំង។ កញ្ញាត្រូវបានតុលាការក្រុងភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៦ ឆ្នាំ ពីបទរួមគំនិតក្បត់ និងបទញុះញង់កាលខែមិថុនា ឆ្នាំ ២០២២៕