កាណាដាប្រកាសបើកស្ថានទូតប្រចាំប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៥ នេះ

កម្ពុជា
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ
06/02/2025 – 10:33
ដោយ៖ អោ ស្រីពេជ្រ
RFI

កាណាដាប្រកាសបើកស្ថានទូតប្រចាំប្រទេសកម្ពុជានៅឆ្នាំ ២០២៥នេះ ដើម្បីបញ្ជាក់ពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកាណាដាឲ្យកាន់តែរឹងមាំថែមទៀត។ ក្នុងសេចក្តីប្រកាសព័តមានស្តីពីការបង្កើតស្ថានទូតនៅកម្ពុជា កាណាដាបានប្តេជ្ញាចិត្តស្វែងរកសន្តិភាព និងរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។ ការប្រកាសនេះធ្វើឡើង បន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា និងប្រមុខរដ្ឋាភិបាលកាណាដាបានជួបពិភាក្សាគ្នាកាលពីខែតុលា ឆ្នាំ២០២៤។

កាណាដាប្រកាសបើកស្ថានទូតប្រចាំប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៥ នេះ


តាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យស្ថានទូតកាណាដាប្រចាំកម្ពុជានាថ្ងៃទី៣កុម្ភៈ ឆ្នាំ២០២៥ កាណាដានឹងដំឡើងកម្រិតទំនាក់ទំនងការទូតជាមួយកម្ពុជា តាមរយៈការដាក់តំណាងស្ថានទូតជាអចិន្ត្រៃយ៍ក្នុងឆ្នាំ ២០២៥នេះ។ ការិយាល័យស្ថានទូតកាណាដាប្រចាំកម្ពុជាលើកឡើងថា ការបើកស្ថានទូតកាណាដានៅកម្ពុជាជាការបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់កាណាដានៅក្នុងកិច្ចការងារជួយស្វែងរកស្ថិរភាព និងសន្តិភាពនៅប្រទេសកម្ពុជា។ យោងតាមរបាយការណ៍របស់រដ្ឋាភិបាលកាណាដា មានទាហានកាណាដាយ៉ាងហោចណាស់ ១ពាន់នាក់បានឈរជើងក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៥៤ ពិសេសតាមរយៈការបញ្ជូនកងរក្សាសន្តិភាពចាប់ពីឆ្នាំ១៩៩២ ដល់១៩៩៣។

ចំពោះរដ្ឋាភិបាលកាណាដា ការចូលរួមបោសសម្អាតមីន ការផ្តល់ជំនួយវិស័យយោធា និងជំនួយហិរញ្ញវត្ថុក្នុងអំឡុងទស្សវត្សរ៍ឆ្នាំ ១៩៩០ របស់ខ្លួនបានរួមចំណែកក្នុងការនាំប្រទេសកម្ពុជាទៅកាន់លទ្ធិប្រជាធិបតេយ្យ និងជាការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ការប្រកាសបង្កើតស្ថានទូតកាណាដានៅកម្ពុជាធ្វើឡើង បន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា និងប្រមុខរដ្ឋាភិបាលកាណាដាបានជួបពិភាក្សាគ្នានៅក្រៅកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវកាលពីខែតុលា ឆ្នាំ២០២៤។ នាឱកាសនោះ ប្រមុខរដ្ឋាភិបាលកាណាដាបានអះអាងបន្តពង្រឹងកិច្ចសហប្រតិបត្តិការនៃទំនាក់ទំនងការទូត និងសេដ្ឋកិច្ច។

ដោយឡែក នៅក្នុងកិច្ចការទំនាក់ទំនងយោធា កម្ពុជាទើបបានអនុញ្ញាតឲ្យនាវាចម្បាំងកាណាដា «HMCS Ottawa» ចូលសំចត ក្រោមក្របខណ្ឌបំពេញទស្សនៈកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹកនៅកំពង់ផែរាមពីថ្ងៃទី១ ដល់ទី៤កុម្ភៈ កន្លងទៅថ្មីៗនេះ។ ចំណែកនៅក្នុងទំនាក់ទំនងវិស័យពាណិជ្ជកម្មវិញ កាណាដាគ្រោងបញ្ជូនគណ:ប្រតិភូពាណិជ្ជកម្មជាង ៦០នាក់មកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងខែឧសភាខាងមុខដើម្បីជួបពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធនានា។ គួរជម្រាបជូនថា កាណាដាជាដៃគូពាណិជ្ជកម្មទ្វេភាគីលំដាប់ទី៧ របស់កម្ពុជា។

កាណាដាប្រកាសបើកស្ថានទូតប្រចាំប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៥ នេះ
កាណាដាប្រកាសបើកស្ថានទូតប្រចាំប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៥ នេះ © Canada in Cambodia

តាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកាណាដាមានទឹកប្រាក់សរុបជិត ៨៩៦លានដុល្លារចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤ ពោលកើនឡើងចំនួន ២៨.២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសកាណាដាមានទឹកប្រាក់សរុបជាង ៨៤៨លានដុល្លារ ពោលកើនឡើង ៣០.៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ចំណែកការនាំចូលពីកាណាដាមកកម្ពុជាមានទឹកប្រាក់សរុបជាង ៤៧លានដុល្លារ ពោលថយចុះ ៥.៦%៕

What Next?

Recent Articles