លោក សម រង្ស៊ី ថា លោក សេង សារី ធ្វើឲ្យ លោក ហ៊ុន សែន កាន់តែវង្វេង

កម្ពុជា
09/02/2025 – 09:08
ដោយ៖ អ៊ឹង ប៊ុនថន
RFI

ប្រ​មុខ​គណ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ​លោក សម រង្ស៊ី ​ហាក់​មិន​ភ្ញាក់​ផ្អើល​នឹង​ការ​បែក​លេច​ធ្លាយ​សារ​ឆ្លើយ​ឆ្លង​រវាង​ លោក ហ៊ុន សែន និង លោក​បណ្ឌិត សេង សារី ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​«ចារបុរស»​នោះ​ឡើយ​។​ ចំពោះ លោក សម រង្ស៊ី ការ​បើក​មុខ​ ​លោក សេង សារី ​ដែល​ជា​អ្នក​លួច​យក​ការណ៍ឲ្យ​ លោក ​ហ៊ុន សែន ​នៅពេល​នេះ មិន​បាន​បង្អាក់​ផែន​ការ​របស់​គណ​បក្ស​ប្រឆាំង​ឡើយ​។​ ផ្ទុយ​ទៅ​វិញ​ បើ​តាម  ​លោក​ ​សម រង្ស៊ី លោក សេង សារី បាន​បំពុល​ លោក ហ៊ុន សែន​ ឲ្យ​កាន់​តែ​វង្វេង​។

លោក សម រង្ស៊ី ថា លោក សេង សារី ធ្វើឲ្យ លោក ហ៊ុន សែន កាន់តែវង្វេង


តាមរយៈសំណេរខ្លីនៅលើហ្វេសប៊ុក នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ពោលប៉ុន្មានថ្ងៃក្រោយពេល លោក សេង សារី និយាយសារភាពថា លោកបានជាប់អន្ទាក់ចារកម្មរបស់លោកអតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយចូលបន្លំខ្លួននៅក្នុងគណបក្សប្រឆាំង លោក សម រង្ស៊ី បានគូសបញ្ជាក់ដោយប្រយោលថា «រឿងបុគ្គលមិនសំខាន់ទេ រឿងជាតិ និងយុត្តិធម៌សង្គម សំខាន់ណាស់សម្រាប់ការតស៊ូរបស់យើង»

តែជាមួយគ្នានោះ លោក សម រង្ស៊ី បានចូលទៅបញ្ចេញមតិនៅខាងក្រោមសំណេរខ្លីខាងលើនោះថា ទោះដោយចេតនា ឬ អចេតនា លោក សេង សារី បានបំពុល លោក ហ៊ុន សែន ធ្វើឲ្យគាត់កាន់តែវង្វេង។ លើសពីនោះ មនុស្សស្និទ្ធនឹងលោក សម រង្ស៊ី គឺលោក អេង ឆៃអ៊ាង ក៏បានចូលទៅបញ្ចេញមតិនៅខាងក្រោមសំណេររបស់ លោក សម រង្ស៊ី ដែរដោយថា «យើងនាំគ្នាលាតត្រដាង ករណី កោះគុត ឃាតកម្ម លោក លិម គិមយ៉ា ប្រជាកសិករគ្មានទីផ្សារ ប្រជាពលរដ្ឋជាប់បំណុលវ័ណ្ឌក។ល។ ប្រសើរជាងការវែកញែក ករណី លោក ហ៊ុន សែន និងលោក សេង សារី»

លោក សេង សារី ផ្ទាល់បានចេញខ្សែវីដេអូបកស្រាយបន្ថែម នៅថ្ងៃទី៩ ខែកុម្ភៈថា លោក គឺជាជនរងគ្រោះនៅក្នុងយុទ្ធសាស្ត្រ «ចារកម្ម កម្ចេចចារកម្ម» ដែលលោក សេង សារី និយាយថា យុទ្ធសាស្ត្រនេះ ត្រូវបាន លោក ហ៊ុន សែន ប្រើប្រាស់ដើម្បីម្ទេចរូប លោក សេង សារី ដូចកម្ទេចពួកខ្មែរក្រហមកន្លងទៅដែរ។

លោក សម រង្ស៊ី និង លោក សេង សារី
លោក សម រង្ស៊ី និង លោក សេង សារី © FB

ទោះជាយ៉ាងណា តាមសំណេរលើហ្វេសប៊ុកនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហ៊ុន សែន បានអះអាងថា លោកមិនដែលចាត់ទុក លោក សេង សារី ជាចារកម្ម ឬជាចំណាប់ខ្មាំងនោះឡើយ តែលោកចាត់ទុកអ្នកវិភាគរូបនេះ ជាអ្នកពិគ្រោះនយោបាយមួយរូប។ លោក ហ៊ុន សែន បានអះអាងថា អ្វីដែល លោក សេង សារី បាននិយាយជាមួយវិទ្យុអាស៊ីសេរី គឺខុសពីការពិត តែលោកមិនបញ្ចេញឯកសារបង្ហាញពីទំនាក់ទំនងរបស់អ្នកទាំងពីរក្នុងរយៈពេល៤ឆ្នាំនេះទេ។ 

បើតាមប្រមុខគណបក្សកាន់អំណាច លោកអាណិតលោក សេង សារី និងគ្រួសារពេលដែល លោក សេង សារី នៅបាងកក។ លោក ហ៊ុន សែន អះអាងបន្តថា លោកបានផ្តល់ឲ្យលោក សេង សារី នូវប្រាក់បង់រំលោះផ្ទះដែលនៅជំពាក់គេ និងផ្តល់ឲ្យ លោក សេង សារី នូវថវិកា១ម៉ឺនដុល្លារក្នុងមួយខែ រយៈពេល១២ខែ ដែលស្មើនឹង១២ម៉ឺនដុល្លារ ដោយមិនទាន់គិតពីថវិកាដែល លោក សេង សារីស្នើសុំពីអូស្ត្រាលីដើម្បីធ្វើដំណើរទៅអាមេរិកនិងត្រៀមបង្កើតគណបក្សផងនោះទេ។

លោក សេង សារីវិញក៏បានទទួលស្គាល់ដែរថា លោកពិតជាទទួលបានលុយពី លោក ហ៊ុន សែន មែន គឺនៅក្នុងលក្ខខណ្ឌ រាយការណ៍ពីសកម្មភាពរបស់គណបក្សប្រឆាំងដែលដឹកនាំដោយ លោក សម រង្ស៊ី ទៅប្រាប់លោក ហ៊ុន សែន៕

What Next?

Recent Articles