កម្ពុជា
09/02/2025 – 09:48
ដោយ៖ អ៊ឹង ប៊ុនថន
RFI
បញ្ហាកោះគុតបានត្រលប់មកជាបច្ចុប្បន្នភាពសាជាថ្មី។ នៅថ្ងៃអាទិត្យទី៩ ខែកុម្ភៈនេះ ពលរដ្ឋខ្មែរនៅប្រទេសជប៉ុនរាប់រយនាក់បានធ្វើបាតុកម្មដោយដើរក្បួនថ្មើរជើងក្នុងទីក្រុងតូក្យូ ដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ប្តឹង យកសំណុំរឿងកោះគុតជាមួយថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់។ ប្រមុខរដ្ឋាភិបាលកម្ពុជាធ្លាប់បានចេញមកបញ្ជាក់ កាលពីពេលកន្លងទៅថា ករណីកោះគុត ភាគីកម្ពុជាបានចរចាជាបន្តបន្ទាប់ តាំងពីឆ្នាំ១៩៩៥ ដើម្បីផលប្រយោជន៍ជាតិរួមគ្នា និងថា រដ្ឋាភិបាលមិនបានធ្វើឱ្យបាត់បង់សិទ្ធិក្នុងការចរចាព្រំដែនដែរ។
ពលរដ្ឋខ្មែរនៅជប៉ុនធ្វើបាតុកម្មស្នើឲ្យកម្ពុជាប្តឹងករណីកោះគុតជាមួយថៃទៅតុលាការក្រុងឡាអេ
នៅក្នុងបាតុកម្មនៅប្រទេសជប៉ុននាថ្ងៃអាទិត្យនេះ ក្រុមបាតុករដែលភាគជាច្រើនយុវជន បានលើកបដាទាមទារឲ្យរដ្ឋាភិបាលកម្ពុជា លុបចោលអនុស្សារណៈយោគយល់ (MoU) រវាងកម្ពុជា និងថៃ ពាក់ព័ន្ធរឿងកោះគុតកន្លងមក។ ក្រុមយុវជនអះអាងថា ការធ្វើបាតុកម្មនេះ កើតចេញពីទឹកចិត្តរបស់ពលរដ្ឋខ្មែរនៅ ជប៉ុនផ្ទាល់ ដោយមិនមានការទិញទឹកចិត្ត ឬមានការអូសទាញពីក្រុមនយោបាយណាមួយឡើយ។
បើតាមក្រុមបាតុករខ្មែរនៅប្រទេសជប៉ុន មានតែការប្តឹង យកសំណុំរឿងកោះគុតជាមួយថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ តែប៉ុណ្ណោះ ទើបភាគីទាំងពីរអាចសុខចិត្តទទួលយកបាន ព្រោះថាបើតាមផែនទី កម្ពុជា មានចំណែកអធិបតេយ្យនៅលើកោះគុត។ កោះគុតដែលពេលនេះមានការគ្រប់គ្រងដោយភាគីថៃ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មិនមានប្រតិកម្មណាមួយចំពោះការធ្វើបាតុកម្មទាមទារពីសំណាក់ពលរដ្ឋខ្មែរនៅប្រទេសជប៉ុនលើសំណុំរឿងកោះគុតនៅពេលនេះទេ។ តែកាលពីពេលកន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានអះអាងថា គ្មានទេ ការស៊ុមគ្រលុំគ្នាដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន រវាងគ្រួសារ លោក ហ៊ុន សែន និងគ្រួសារ លោក ថាក់ស៊ីន លើតំបន់ត្រួតស៊ីគ្នា កោះគុត។

បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា កិច្ចការនានាទាក់ទងនឹងរឿងកោះគុត មិនមែនធ្វើឡើងដោយស្ងាត់ៗនោះទេ។ រដ្ឋាភិបាលបានចរចាជាបន្តបន្ទាប់ តាំងពីឆ្នាំ១៩៩៥ ដើម្បីផលប្រយោជន៍ជាតិរួមគ្នា ហើយក៏គ្មានការធ្វើឱ្យបាត់បង់សិទ្ធិក្នុងការចរចាព្រំដែនដែរ។ លោក ហ៊ុន ម៉ាណែត បញ្ជាក់ដែរថា នៅដំណាក់កាលចរចានេះ កម្ពុជា និងថៃ នៅមិនទាន់មានកិច្ចព្រមព្រៀង MOU ជាមួយគ្នានៅឡើយ ហើយលោកសំណូមពរ កុំនិយាយអ្វី ដោយគ្មានមូលដ្ឋាន ឬក៏ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ ICJ៕