ពលរដ្ឋ​ថា រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព

ដោយ ជាតិ ចំណាន
2025.02.09
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​ថា រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំ​កាលពីថ្ងៃទី៧ កុម្ភៈ ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត


ប្រជាពលរដ្ឋ​មួយ​ចំនួន​លើកឡើង​ថា បញ្ហា​អសន្តិសុខ​សង្គម គ្រឿង​ញៀន និង​ក្មេង​ទំនើង​ជាដើម នៅ​តែ​បន្ត​កើត​មាន​ឡើង ដោយសារតែ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ធូររលុង និង​គ្មាន​វិធានការ​ជាក់លាក់​ដើម្បី​ធានា​ដល់​សុខ​សុវត្ថិភាព​ពលរដ្ឋ។ ពួកគាត់​ថា នេះ​ជា​បរាជ័យ​ជា​បន្តបន្ទាប់​របស់​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព។

ពលរដ្ឋ​មួយ​ចំនួន​គ្មាន​ជំនឿ​លើ​រដ្ឋាភិបាល​ថា អាច​អនុវត្ត​គោល​នយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ ប្រសិនបើ​រដ្ឋាភិបាល​មិន​អាច​ទប់ស្កាត់​ការ​នាំ​ចូល​គ្រឿងញៀន និង​កាត់បន្ថយ​ដាក់​លក់​គ្រឿង​ស្រវឹង​ដោយសេរី។

ពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​បឹង​តាមោក រាជធានី​ភ្នំពេញ លោកស្រី ស៊ា ដាវី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅថ្ងៃទី៨ ខែ​កុម្ភៈ​ថា នៅ​ក្នុង​ភូមិ​របស់​លោកស្រី បញ្ហា​អំពើ​ចោរកម្ម ក្រុម​ក្មេង​ទំនើង និង​បញ្ហា​គ្រឿង​ញៀន​កើត​មាន​កាន់​តែ​ច្រើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ លោកស្រី​បន្ត​ថា បញ្ហា​ទាំង​នេះ​កើតឡើង​គឺ​ដោយសារ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ធូរ​រលុង និង​គ្មាន​ការ​ប្ដេជ្ញា​ចិត្ត​ការពារ​សុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ​ឡើយ។

លោកស្រី ស៊ា ដាវី៖«បញ្ហាទី១គឺ ការ​បំបាត់​គ្រឿងញៀន​វា​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​មូលដ្ឋាន ហើយ​វា​ប៉ះពាល់​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ឱ្យ​ពួកគាត់​បង់​ការ​សិក្សា។ ពួកគាត់​ត្រូវ​ជាប់​ពន្ធនាគារ​ក្នុង​ក្រុម​គ្រួសារ​ពួកគាត់​ពេល​ដែល​កូន​មាន​បញ្ហា​អ៊ីចឹង​គាត់​តែង​លួច​របស់​ទ្រព្យ​នៅ​ក្នុង​គ្រួសារ​ក៏​ដូចជា​លួច​របស់​ទ្រព្យ​អ្នក​ដទៃ​ក្លាយ​ទៅ​ជា​ចោរ​ក្លាយ​ទៅ​ជា​អី​ធ្វើ​ឱ្យ​សង្គម​យើង​កាន់​តែ​ធ្លាក់​ចុះ​ពាក់ព័ន្ធ​នឹង​សីលធម៌»

ស្រដៀង​គ្នា​នេះ​ដែរ អាជីវករ​ដូរ​នៅ​ខេត្ត​កណ្ដាល លោក តុន និមល រិះគន់​ថា ដាក់​ចេញ​នូវ​គោល​នយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​របស់​រដ្ឋាភិបាល​គឺ​មាន​តែ​លើ​ក្រដាស ពីព្រោះ​ពលរដ្ឋ​នៅ​តែ​មាន​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​រស់នៅ និង​ប្រកប​មុខ​របរ​រក​ស៊ី​នៅ​ពេល​យប់។ លោក​បន្ត​ថា នៅ​ក្នុង​សហគមន៍​របស់​លោក​រស់នៅ​បញ្ហា​លេងល្បែង​ស៊ី​សង​តាម​អនឡាញ នៅ​តែ​រីក​ដុះដាល​ដូច​ផ្សិត ហើយ​គ្មាន​អាជ្ញាធរ​ណា​ចុះ​បង្ក្រាប​នោះ​ទេ ដែល​បញ្ហា​នេះ​បង្ក​ឱ្យ​កើត​មាន​អំពើ​ចារកម្ម និង​លួច​ប្លន់​ជាដើម។

លោក តុន និមល៖ «ពាក់ព័ន្ធ​ករណី​នេះ​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​គួរតែ​រឹត​ឱ្យ​ខ្លាំង​ចំពោះ​គ្រឿងញៀន​ឈប់​ឱ្យ​លំហូរ​ចូល​គ្រឿងញៀន​មក​ក្នុង​ប្រទេស និង​កែលំអ​នៅ​ក្នុង​សាលារៀន។ ចំពោះ​ខ្ញុំ​គិត​ថា ភូមិ ឃុំ មាន​សុវត្ថិភាព​មាន​តែ​នៅ​ក្នុង​ក្រដាស​មានតែ​ក្នុង​បដា​បិទ​តាម​ដង​ផ្លូវ តាម​សាលារៀន តាម​ទីវត្ត​អារាម​មាន​តែ​នៅ​សសរ​មាន​តែ​នៅ​ក្នុង​ក្រដាស​ហ្នឹង​ទេ ប៉ុន្តែ​តាម​ការ​ពិត សុវត្ថិភាព​ក្នុង​ភូមិ ឃុំ គ្មាន​ទេ​គឺ​សូន្យ​តែ​ម្ដង»

ក្រៅ​ពី​បញ្ហា​ដែល​ពលរដ្ឋ​ជួប​ប្រទះ​ទាំង​អស់​នេះ គេ​សង្កេត​ឃើញ​ថា ករណី​ឆក់ ប្លន់​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​បាន​កក្រើក​ឡើង​វិញ​ដោយសារតែ​ការ​កើន​ឡើង​នៃ​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន ដែល​ជា​មូលហេតុ​ចម្បង ធ្វើ​ឱ្យ​យុវជន​ហ៊ាន​ប្រព្រឹត្តិ​អំពើ​ចោរកម្ម ឆក់ ប្លន់ ដើម្បី​យក​លុយ​ទៅ​ទិញ​គ្រឿង​ញៀន​មក​ប្រើប្រាស់។

ការ​លើកឡើង​របស់​ពលរដ្ឋ​នេះ​គឺ​បន្ទាប់​ពី អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន បាន​អះអាង ក្នុង​កិច្ច​សម្ភាសន៍​មួយ​ស្ដីពី«គោល​នយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព» កាលពីថ្ងៃទី៧ ខែ​កុម្ភៈ ថា គិត​ត្រឹម​ឆ្នាំ២០២៤ រដ្ឋាភិបាល​បាន​បង្កើត​ក្រុម​បញ្ជា​ការពារ​នៅ​តាម​ភូមិ​ឃុំ​មាន​ជាង​១ម៉ឺនក្រុម (១.៤០០០) និង​មាន​មនុស្ស​ប្រមាណ១សែន ៥ម៉ឺន​នាក់​ដើម្បី​ធានា​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​ក្នុង​សហគមន៍​ប្រកប​ដោយ​សុខ​សុវត្ថិភាព​ទាំង​ផ្លូវចិត្ត និង​ផ្លូវ​កាយ។ លើស​ពី​នេះ លោក ឆាយ គឹមខឿន បញ្ជាក់​ថា បទល្មើស​ព្រហ្មទណ្ឌ​ថយ​ចុះ​៥ភាគរយ​ដែល​បង្ហាញ​ថា ការ​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​មាន​ប្រសិទ្ធភាព ដោយ​ក្នុង​នោះ​បង្ក្រាប​ករណី​ក្មេង​ទំនើង​មាន​ជាង​១ពាន់​ករណី (១.៦១១) ល្បែង​ស៊ីសង​មាន​ជាង១ពាន់​ករណី (១.១២៥) បញ្ហា​គ្រឿងញៀន​មាន​ជាង​១ម៉ឺន​ករណី ដែល​រឹបអូស​គ្រឿងញៀន​បាន​ជាង១៥តោន និង​សារធាតុ​គីមី​សម្រាប់​ផលិត​គ្រឿងញៀន​ជាង​៣រយគីឡូ​ក្រាម (៣៥០)។

លោក ឆាយ គឹមខឿន៖«យើង​បន្ត​ពង្រឹង និង​ជំរុញ​វិធាន​ការ​ជំនាញ​ជាពិសេស​វិធាន​បង្ក​សុវត្ថិភាព​នេះ ដោយ​ក្នុង​នោះ​ត្រូវ​ខិតខំ​លុប​បំបាត់​នូវ​បញ្ហា​ប្រឈម​នានា​ដែល​ទាក់ទង​នឹង​សុវត្ថិភាព​សង្គម។ កាត់​បន្ថយ​បទ​ល្មើស​គ្រប់​ប្រភេទ ជាពិសេស​បទល្មើស​ដែល​ប៉ះពាល់​ដល់​ចិត្តសាស្ត្រ​សង្គម បង្កើន​ការ​ផ្សព្វផ្សាយ​អប់រំ​ដើម្បី​បំផុត​ឱ្យ​មាន​ចលនា​ផុលផុស​ឡើង​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព»

គោល​នយោបាយ​ភូមិ ឃុំ-សង្កាត់ មាន​សុវត្ថិភាព ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ដើម​ឆ្នាំ​២០២១ ដើម្បី​ធានា​ដល់​ការ ផ្ដល់​សេវា​សាធារណៈ ប្រកប​ដោយ​គុណភាព តម្លាភាព គ្មាន​បទ​ល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែង​ស៊ីសង​ខុស​ច្បាប់ គ្មាន​គ្រោះថ្នាក់ ចរាចរណ៍ គ្មាន​ការ​ជួញដូរ​មនុស្ស ក្មេង​ទំនើង ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ក្រៅ​ប្រព័ន្ធ​តុលាការ​ប្រកប​ដោយ​គុណភាព មាន​បរិស្ថាន​ល្អ និង​ចុង​ក្រោយ គឺ​ឆ្លើយតប​បាន​ទាន់​ពេល​វេលា ចំពោះ​គ្រោះ​មហន្តរាយ និង​រាល់​ជំងឺ​ឆ្លង​រាតត្បាត​កាច​សាហាវ ប្រកប​ដោយ​ប្រសិទ្ធភាព។

ជុំវិញ​រឿង​នេះ អ្នក​សិក្សា​បញ្ហា​សង្គម និង​នយោបាយ លោក ប៉ោ មករា កត់​សម្គាល់​ឃើញ​ថា រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព គឺ​ដោយសារតែ​មាន​អំពើពុករលួយ​នៅ​ក្នុង​ស្ថាប័នរដ្ឋ​ដែល​នាំ​ឱ្យ​មាន​បញ្ហា​គ្រឿងញៀន និង​បញ្ហា​អសន្តិសុខ​សង្គម។ លោក​បន្ត​ថា ដើម្បី​អនុវត្ត​គោល​នយោបាយ​ឱ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព​រដ្ឋាភិបាល​គួរតែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​ចាត់​វិធានការ​លើ​មន្ត្រី​ណា​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ។

លោក ប៉ោ មករា៖«ត្រូវ​លុប​បំបាត់​អំពើ​ពុករលួយ អំពើ​ពុករលួយ​យើង​ត្រូវ​លុប​បំបាត់​វា ចាប់​ពី​លើ​ចុះ​មក​ក្រាម។ កាលណា​យើង​លុប​បំបាត់​ពី​ក្រោម​ឡើង​ទៅ​លើ​វា​អត់​មាន​ប្រសិទ្ធភាព​ទេ​ដោយសារតែ​រឿងរ៉ាវ​មួយ​ចំនួន​វា​កើត​ឡើង​ដោយសារ​អំពើ​ពុក​រលួយ​តាមរយៈ​មន្ត្រី​ពុក​រលួយ​ដែល​ចូលចិត្ត​រក​ស៊ី​ផ្លូវ​ងងឹត មន្ត្រី​ឃុបឃិត​ជាមួយ​អ្នក​រក​ស៊ី​គ្រឿងញៀន»

ពលរដ្ឋ និង​ឃ្លាំ​មើល​សង្គម​យល់​ឃើញ​ថា ប្រសិនបើ​រដ្ឋាភិបាល​នៅ​តែ​ព្រងើយកន្តើយ​មិន​ព្រម​ដោះស្រាយ​បញ្ហា​អសន្តិសុខ​សង្គម​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ នោះ​រដ្ឋាភិបាល​មិន​អាច​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​ឡើយ ព្រោះ​គោល​នយោបាយ​នេះ​ត្រូវ​ពឹង​ផ្អែក​លើ​ស្ថានភាព​នយោបាយ និង​ស្ថានភាព​នីតិរដ្ឋ ខណៈ​ការ​ប្រើប្រាស់​គ្រឿង​ញៀន ដែល​ជា​ឫស​គល់​បង្ក​ឱ្យ​មាន​បញ្ហា​អសន្តិសុខ​ក្នុង​សង្គម នៅតែ​បន្ត​រីក​រាល​ដាល​តាម​សហគមន៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles