កម្ពុជា​រក​ឃើញ​គ្រាប់បែក​ធុន​ MK-82 សល់​ពី​សម័យ​សង្គ្រាម​ឥណ្ឌូ​ចិន ​នៅ​ខេត្ត​កណ្តាល

ដោយ សុជីវី
2025.02.16
RFA

កម្ពុជា​រក​ឃើញ​គ្រាប់បែក​ធុន​ MK-82 សល់​ពី​សម័យ​សង្គ្រាម​ឥណ្ឌូ​ចិន ​នៅ​ខេត្ត​កណ្តាល

គ្រាប់​បែក​ធុន MK-82 ចំនួន ១​គ្រាប់ ដែលត្រូវបានរកឃើញនៅ​ភូមិ​តាបែន ​ឃុំ​រលាំងកែន ស្រុក​កណ្តាលស្ទឹង នៃ​ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហេង រតនា


ក្រុម​ជំនាញ​ផ្នែក​បោស​សំអាត​មីន​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) បាន​រក ឃើញ​គ្រាប់​បែក​ធុន MK-82 ចំនួន ១​គ្រាប់ នៅ​តំបន់​ភាគ​ខាងត្បូង​នៃ​ខេត្ត​កណ្ដាល ​ហើយ​បាន​យក​ចេញ​ដោយ​សុវត្ថិភាព ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ។

អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា ឱ្យ​ដឹង​ថា គ្រាប់​បែក​នោះ ​បាន​រក​ឃើញ​នៅ​ក្នុង​រណ្តៅ​មួយ​ ដែល​មាន​ទីតាំង​ក្នុង​ភូមិ​តាបែន ​ឃុំ​រលាំងកែន ស្រុក​កណ្តាលស្ទឹង នៃ​ខេត្ត​កណ្ដាល។

គ្រាប់បែក​ធុន​ MK-82 ទម្ងន់​ប្រហែល​២៣០​គីឡូក្រាម​នេះ ផលិត​នៅ​សហរដ្ឋ​អាមេរិក ហើយ​បាន​ទម្លាក់​ពី​លើ​អាកាស​កាល​ពី​សម័យ​សង្គ្រាម​ឥណ្ឌូចិន។

ចាប់​តាំង​ពី​ឆ្នាំ​២០១៦ ​រហូត​មក​ដល់​ពេល​នេះ​កម្ពុជា ​ទើប​តែ​​រក​ឃើញ​គ្រាប់​បែក​ចំនួន​​​៣៥០​​គ្រាប់​​ នៅ​ក្នុង​ចំណោម​គ្រាប់​បែក​រាប់​លាន​គ្រាប់​​ដែល​ទម្លាក់​ពី​លើ​យន្ត​ហោះ​ ក្នុង​​សម័យ​សង្គ្រាម​ឥណ្ឌូ​ចិន។

ចាប់​តាំង​ពី​ខែ​មករា ដល់​ខែ​ធ្នូ ឆ្នាំ​២០២៤​ កម្ពុជា​មាន​ជន​រងគ្រោះ​ដោយសារ​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ ​ដោយសារ​មីន និង​គ្រាប់​ផ្សេង​ទៀត​ចំនួន​៤៧​នាក់។ ​ចំនួន​អ្នក​រងគ្រោះ​នេះ ​កើន​ឡើង ១៥​នាក់ ​បើ​ប្រៀបធៀប​និង​ឆ្នាំ​២០២៣​ ដែល​មាន​ជន​រង​គ្រោះ​ចំនួន​៣២​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles