ដោយ មាន ឫទ្ធិ
2025.02.17
RFA

ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ចូលរួមពិធីបុណ្យឆ្លងនៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ កុម្ភៈ ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
អ្នកឃ្លាំមើលបញ្ហាសង្គមលើកឡើងថា ក្រសួងចំនួន ៣ស្ថាប័នដែលចេញ ប្រកាស ស្ដីពីការគ្រប់គ្រង និងប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ដ្រូន (Drone) គឺជារឿងអត់ប្រយោជន៍ និងដើរតាមល្បិចកលរបស់ប្រធានបក្សកាន់អំណាចលោក ហ៊ុន សែន បង្វែងដានបញ្ហាជាតិធំៗ។ ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានប្រកាសឱ្យអ្នកប្រើប្រាស់ដ្រូនទាំងអស់ធ្វើស្វ័យប្រកាស ឬប្រកាសដោយខ្លួនឯងប្រាប់ដល់សមត្ថកិច្ច បន្ទាប់ពីលោក ហ៊ុន សែន ថ្មីៗនេះអះអាងថា មានគេប៉ុនប៉ងធ្វើឃាតលោក និងគ្រួសារនៅភូមិគ្រឹះក្នុងក្រុងតាខ្មៅតាមរយៈយន្តហោះដ្រូន។
អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយជំរុញឱ្យស្ថាប័នជំនាញជាពិសេសក្រសួងមហាផ្ទៃ និងក្រសួងកសិកម្ម ពង្រឹងយន្តការ និងស្វះស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ហាសង្គមធំៗដូចជាឧក្រិដ្ឋកម្មឆបោកតាមអនឡាញ (Online) ការជួញដូរមនុស្ស និងជួយរកទីផ្សារជូនកសិករ ឱ្យដូចការខិតខំការពារសុវត្ថិភាពក្រុមគ្រួសារលោក ហ៊ុន សែនដែរ។
អ្នកតាមដានសង្គម៖ លោក ហ៊ុន សែន កំពុង«ដើរតួជាជនរងគ្រោះ»
ទោះជាយ៉ាងណា អ្នកអត្ថាធិប្បាយនយោបាយលោក គឹម សុខ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៦ ខែកុម្ភៈថា ស្ថាប័នក្រសួងចំនួន ៣ដែលចេញប្រកាសអន្តរក្រសួងពាក់ព័ន្ធនឹងការគ្រប់គ្រងយន្តហោះគ្មានមនុស្ស ឬដ្រូន គឺជាការរៀបចំរបស់លោក ហ៊ុន សែន។ លោក គឹម សុខ បន្ថែមទៀតថា លោក ហ៊ុន សែន កំពុងដើរតួជាជនរងគ្រោះ និងតែងតែប្រើយុទ្ធសាស្ត្រចោទអ្នកដទៃដោយគ្មានមូលដ្ឋានច្បាស់លាស់ ដើម្បីអាចជាលេសពង្រឹងអំណាចក្រុមគ្រួសារត្រកូល ហ៊ុន និងត្រៀមផ្ទេរតំណែងប្រធានគណបក្សប្រជាជនឱ្យកូនប្រុសរបស់លោកគឺលោក ហ៊ុន ម៉ាណែត។
លោក គឹម សុខ៖ «ទំនងគាត់ [លោក ហ៊ុន សែន] ត្រៀមរៀបចំឱ្យកូនប្រុសរបស់គាត់ធ្វើជាប្រធានគណបក្សប្រជាជនកម្ពុជា រួចហើយក៏ប្រឌិតថា មានគេចង់សម្លាប់គាត់គ្រួសារគាត់ បង្ខំឱ្យផ្ទៃក្នុងគណបក្សប្រជាជនហ្នឹងលើកតំណែងឱ្យកូនប្រុសរបស់គាត់ឱ្យមានអំណាចកាន់តែធំក្នុងការពារខ្លួន នេះគឺជាលេសរបស់លោក ហ៊ុន សែន។ ដើម្បីទប់ទល់នឹងសេណារីយ៉ូប្រឌិតរឿងរបស់លោក ហ៊ុន សែន មានតែផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាធ្វើការតវ៉ាឱ្យបានខ្លាំងក្លា គណបក្សនយោបាយប្រជាធិបតេយ្យនៅក្រៅប្រទេសបង្កើនសកម្មភាពក្នុងការទាមទារយុត្តិធម៌»។
ប្រកាសអន្តរក្រសួងស្ដីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូនដែលមានក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កាលពីថ្ងៃទី១៤ ខែកុម្ភៈ បានតម្រូវឱ្យអ្នកប្រើប្រាស់ដ្រូនទម្ងន់ចាប់ពី ២គីឡូក្រាមឡើងទៅធ្វើសេចក្ដីស្វ័យប្រកាស ឬប្រកាសដោយខ្លួនឯងប្រាប់សមត្ថកិច្ចមូលដ្ឋាននៃទីកន្លែងដែលអ្នកប្រើប្រាស់ស្នាក់នៅ។ ប្រកាសដដែលក៏បានហាមឃាត់អ្នកប្រើប្រាស់ដ្រូនមិនឱ្យធ្វើសកម្មភាពបង្ហោះនៅទីតាំងសំខាន់មួយចំនួនប្រសិនបើគ្មានការអនុញ្ញាតមានដូចជា ព្រះបរមរាជវាំង ស្ថាប័នរដ្ឋ មន្ទីរពេទ្យសាលារៀន ផ្សារ ពហុកីឡាដ្ឋាន តំបន់រមណីយដ្ឋានអង្គរ បរិវេណប្រាសាទ លំនៅឋានប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និវេសនដ្ឋានទូត ស្ថានទូត អគ្គកុងស៊ុល និងអង្គការអន្តរជាតិ។ ក្រៅពីនេះ ក្រសួងក៏ហាមឃាត់មិនឱ្យអ្នកប្រើប្រាស់ដ្រូនបង្ហោះនៅទីតាំងងាយផ្ទុះដូចជា ស្ថានីយវិទ្យុ ទូរទស្សន៍ រោងចក្រចម្រាញ់ប្រេង ឧស្ម័ន រ៉ែ និងអគ្គិសនី ជាដើម។
ហ៊ុន សែន ថា មានគេរៀបផែនការសម្លាប់
ប្រកាសអន្តរក្រសួងនេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ថ្មីៗអះអាងថា មានគេរៀបចំផែនការសម្លាប់លោក ដោយប្រើយន្តហោះដ្រូនវាយប្រហារចូលភូមិគ្រឹះរបស់លោកក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ កាលពីថ្ងៃទី១៣ ខែកុម្ភៈ លោក ហ៊ុន សែន ក៏បានទម្លាយសារសំឡេងចំនួន២ នៅលើបណ្ដាញសង្គមដែលលោកអះអាងថា ជាផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលោក និងគ្រួសារ។ លោក ហ៊ុន សែន អះអាងថា លោកបានដឹង និងស្គាល់ទីកន្លែងស្នាក់នៅរបស់មេខ្លោងដែលចង់ធ្វើឃាតលោក ប៉ុន្តែលោកមិនទាន់អាចបញ្ចេញព័ត៌មាននេះបាននៅឡើយ ប៉ុន្តែលោកសង្កត់ធ្ងន់ថា នឹងតាមកម្ចាត់អ្នកដែលចង់សម្លាប់លោក និងក្រុមគ្រួសារលោក។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុខៈ ដើម្បីអត្ថាធិប្បាយជុំវិញរឿងនេះបានទេនៅថ្ងៃទី១៦ ខែកុម្ភៈ។
ចំណែក អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ថា ប្រកាសរបស់អន្តរក្រសួងគឺជាសិទ្ធិរបស់ស្ថាប័នជំនាញទាំងនោះ ប៉ុន្តែទាមទារឱ្យសមត្ថកិច្ចផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់អ្នកប្រើប្រាស់ដ្រូនចំពោះទីតាំងហាមឃាត់។
លោក សេក សុជាតិ៖ «ប្រសិនបើកន្លែងផ្សេងទៀតមានការដាក់ [បម្រាម] ដែរគឺជារឿងមួយដែលមិនចាំបាច់ទេ ព្រោះតំបន់ខ្លះគឺជាតំបន់សាធារណៈដែលត្រូវឱ្យភាគីដែលពាក់ព័ន្ធគេចង់ដឹង គេអាចធ្វើកិច្ចការទាំងអស់ហ្នឹងបាន។ ចំពោះតំបន់មិនមានការគ្រប់គ្រង ឬការទទួលស្គាល់ដោយច្បាប់ជាតំបន់ដែលប្រជាពលរដ្ឋអាចធ្វើកិច្ចការ ឬអ្នកជំនាញគាត់អាចធ្វើការស៊ើបអង្កេតបានទាក់ទងនឹងតំបន់ដែលមានការសង្ស័យបទល្មើសជាដើម។ ប៉ុន្តែ ក៏គួរតែមានកិច្ចសហប្រតិបត្តិការជាមួយនឹងអាជ្ញាធរដែរប្រសិនក្នុងករណីនោះរសើបខ្លាំង ឬអាចធ្វើឱ្យប៉ះពាល់សុវត្ថិភាពរបស់អ្នកដែលពាក់ព័ន្ធ»។
អត្ថបទដែលទាក់ទង៖
លោក ហ៊ុន សែន ថា មានអ្នកប៉ុនប៉ងសម្លាប់លោកដោយប្រើយន្តហោះដ្រូន ខណៈបក្សប្រឆាំងថា ជារឿងប្រឌិត
លោក ហ៊ុន សែន បញ្ចេញសារសំឡេង ដែលលោកចោទថាប៉ុនប៉ងធ្វើឃាតលោក
នៅមុនឆ្នាំ១៩៩៧ លោក ហ៊ុន សែន ធ្លាប់បញ្ជាក់ថា មានគេប៉ុនប៉ងចង់ធ្វើឃាតលោកតាមរយៈការបាញ់សម្លាប់ដោយការបញ្ជាបំផ្ទុះគ្រាប់បេ៤០ (B40)។ ប៉ុន្តែ អ្នកតាមដានបញ្ហានយោបាយវាយតម្លៃថា ការប្រកាសរបស់លោក ហ៊ុន សែន នៅអំឡុងគ្រានោះ គឺជាលេស ដើម្បីធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីអតីតប្រធានគណបក្សហ៊្វុនស៊ិនប៉ិចគឺសម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ ដែលជាអតីតនាយករដ្ឋមន្ត្រីទី១។
កាលពីខែធ្នូ ឆ្នាំ២០២៤ លោក ហ៊ុន សែន ព្រមានថា នឹងបង្កើតច្បាប់ ដាក់មនុស្សមួយក្រុមជាក្រុមភេរវករ ប្រសិនបើមេបក្សប្រឆាំងលោក សម រង្ស៊ី ហ៊ានបង្ហាញក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលបណ្ដោះអាសន្ននៅក្រៅប្រទេស។ ស្របពេលដែលលោក ហ៊ុន សែន ប្រកាសថា មានអ្នកចង់ធ្វើឃាតថ្មីៗនេះ កម្ពុជាកំពុងជួបវិបត្តិសង្គមជាច្រើនដូចជា បញ្ហារំលោភសិទ្ធិមនុស្ស ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ បញ្ហាសេដ្ឋកិច្ច និងចលនាប្រជាពលរដ្ឋរស់នៅក្រៅប្រទេសប្រមូលម្ដុំគ្នាតវ៉ាជាបន្តបន្ទាប់ ដើម្បីជំរុញឱ្យរដ្ឋាភិបាលត្រកូល ហ៊ុន ប្ដឹងទាមទារចំណែក «កោះគជ់» ជាមួយប្រទេសថៃ និងការចោទប្រកាន់លើលោក ហ៊ុន សែន និងរដ្ឋាភិបាលត្រកូលហ៊ុនថា ជាមេខ្លោងធ្វើឃាតអតីតតំណាងរាស្ត្រខេត្តកំពង់ធំលោក លិម គិមយ៉ា ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។