តុលាការលើក​ពេល​សវនាការ​​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

ដោយ ទីន ហ្សាការីយ៉ា
2025.02.19
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តុលាការលើក​ពេល​សវនាការ​​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

(ពីឆ្វេងទៅស្ដាំ) លោក សាន សិទ្ធិ ​លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា ភឹង សោភា ជា​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ដែល​អាជ្ញាធរចាប់​ឃុំ​​រហូត​មក​ដល់​សព្វថ្ងៃ​ ក្រោយ​ពេល​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម រិះគន់​គម្រោង CLV-DTA។រូប៖ ហ្វេសប៊ុក


សាលា​ដំបូង​រាជធានី​ភ្នំពេញ​បើក​សវនាការ និង​លើក​ពេល​សវនាការ​ទៅ​វិញ​លើ​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស និង​ពលរដ្ឋ​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV-DTA)។ ការ​លើក​ពេល​សវនាការ​នេះ គឺ​ក្រោយ​អវត្តមាន​មេធាវី​ ខណៈ​ដែល​គ្រួសារ និង​សង្គម​ស៊ីវិល​ស្នើ​ដល់​រដ្ឋាភិបាល​ដោះ​លែង​ពួក​គាត់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ព្រោះ​សកម្មភាព ដែល​ពួក​គាត់​ធ្វើ​កន្លង​មក ជា​ការ​បញ្ចេញ​មតិ និង​ការ​បារម្ភ​ពី​ទឹក​ដី។

សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៨ ខែកុម្ភៈ បាន​លើក​ពេល​សវនាការ​កាល​លើ​សំណុំរឿង ព្រហ្មទណ្ឌ​ចំនួន២ ក្នុង​ចំណោម ៥សំណុំរឿង ដែល​មាន​ជន​ជាប់​ចោទ ៣៧នាក់ ពាក់ព័ន្ធ​នឹង​សំណុំរឿង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV-DTA)។

ចៅក្រម​ជំនុំជម្រះ​លោក ញឹម ពិសាល បាន​សម្រេច​ឱ្យ​ជន​ជាប់​ចោទ​លើ​សំណុំរឿង​ទី​មួយ រួម​មាន សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង​លោក សាន សិទ្ធ និង​សំណុំរឿង​ទី​ពីរ​មាន​អតីត​ព្រះចៅ​អធិការ​វត្តច្បារអំពៅ លោក ហោ សុខុន លោកស្រី សែម សុផល លោក ញឹម សារុំ និង​លោកស្រី ហ៊ូ រុនអេង ឱ្យ​ត្រឡប់​ទៅ​ពន្ធនាគារ​វិញ។ ចៅក្រម​ជំនុំ​ជម្រះ លោក ញឹម ពិសាល ថា ការ​សម្រេច​លើក​ពេល​សវនាការ​នេះ ធ្វើ​ឡើង​តាម​ការ​ស្នើ​សុំ​របស់​មេធាវី​របស់​ពួកគេ ដែល​មិន​ចង់​ឱ្យ​មាន​ការ​បំបែក​សំណុំរឿង។

ទោះ​ជា​យ៉ាង​ណា​ក្ដី នៅ​ក្នុង​សវនាការ​នេះ លោក សាន សិទ្ធ បាន​ចោទ​ជា​សំណួរ​ទៅ​កាន់​ចៅ​ក្រម​ថា​​​ការ​ចោទ​ប្រកាន់​លោក​ពី​បទ​ញុះញង់ គឺ​ដោយ​សារ​តែ​លោក និង​សកម្មជន​ផ្សេង​ទៀត​បាន​បញ្ចេញ​មតិ​ក្នុង​វីដេអូ​លើ​បណ្ដាញ​សង្គម ឬ​យ៉ាង​ណា? ដោយ​ឡែក លោក ស្រ៊ុន ស្រ៊ន ក៏​បាន​ចោទ​សួរ​​ដែរ​ថា ប្រសិន​បើ​តុលាការ​រក​មិន​ឃើញ​កំហុស​របស់​លោក តើ​តុលាការ​នឹង​ដោះ​ស្រាយ​បែប​ណា​ចំពោះ​ការ​ឃុំ​ខ្លួន​លោក​ជាង​កន្លះ​ឆ្នាំ​មក​នេះ។ ទោះ​ជា​យ៉ាងណា​ ចៅក្រម លោក ញឹម ពិសាល​ថា ការ​បក​ស្រាយ​នូវ​សំណួរ​ទាំង​នេះ​នឹង​ធ្វើ​ឡើង​នា​ពេល​សវនាការ​លើក​ក្រោយ។

ក្នុង​សវនាការ​នេះ​ គេ​ឃើញ​មាន​សាច់ញាតិ អ្នក​គាំទ្រ​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​មន្ត្រី​សិទ្ធិ​មនុស្ស​ជាង ៦០នាក់ បាន​ចូល​រួម​ឃ្លាំមើល និង​លើក​ទឹក​ចិត្ត។

សហ​មេធាវី​ការពារ​ក្ដី បណ្ឌិត សឺន ជុំជួន លើក​ឡើង​ថា ការ​លើក​ពេល​របស់​សាលាដំបូង គឺ​ជា​រឿង​ល្អ ខណៈ​ដែល​លោក​បាន​ដាក់​ពាក្យ​ស្នើសុំ​ទៅ​កាន់​សាលា​ឧទ្ធរណ៍​ភ្នំពេញ​រួច​រាល់​ហើយ​ ដើម្បី​ជំទាស់​នឹង​សេចក្ដី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៤ ខែធ្នូ ឆ្នាំ​មុន ដែល​បាន​បំបែក​សំណុំ​រឿង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV-DTA) ទៅ​ជា ៥សំណុំរឿង។ លោក​ថា ករណី​នេះ​កើត​ឡើង​ដោយ​អង្គហេតុ​តែ​មួយ ដូច្នេះ តុលាការ​គួរ​សម្រេច​សេចក្ដី​លើ​ជន​ជាប់​ចោទ​រួម​គ្នា។

បណ្ឌិត សឺន ជុំជួន៖ «ការ​ដែល​សម្រេច​ចេញ​សាលក្រម​បំបែក​សំណុំ​រឿង គឺ​យើង​ព្រម​ទាំង​កូន​ក្ដី​ហ្នឹង គឺ​មិន​សុខ​ចិត្ត​នឹង​សាលក្រម​ទេ​ អ៊ីចឹង​បាន​យើង​ប្ដឹង​ឧទ្ធរណ៍ៗ នឹង​ដំណើរ​ការ​នីតិវិធី​ដំណើរ​ការ​ក្នុង​ពេល​ឆាប់ៗ ខាង​មុខ​នេះ គឺ​ថ្ងៃ​ទី២៥ ខែកុម្ភៈ​នេះ។ អ៊ីចឹង​ទៅ គឺ​ជា​រឿង​សម្រេច​សេចក្ដី​មួយ​របស់​តុលាការ​ហ្នឹង គឺ​ជា​រឿង​ផ្អែក​ទៅ​តាម​ពាក្យ​ស្នើ​សុំ​បង្អង់​នីតិវិធី​របស់​មេធាវី»

ជុំវិញ​ករណី​នេះ​ពលរដ្ឋ​ដែល​សិក្សា​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស មក​ពី​ខេត្តបាត់ដំបង លោកស្រី ទុំ លីដា លើក​ឡើង​ថា ការ​ចោទ​ប្រកាន់ និង​ការ​ឃុំ​ខ្លួន​មក​លើ​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ធ្វើ​ឡើង​មិន​ត្រឹម​ត្រូវ​តាម​គោលការណ៍​ច្បាប់​នោះ​ទេ ដោយសារ​តែ​សកម្មភាព ដែល​ពួកគាត់​បាន​ធ្វើ គឺ​ជា​ការ​បញ្ចេញមតិ​ស្រប​ទៅ​ហ្នឹង​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ។

លោកស្រី ទុំ លីដា៖ «ខ្ញុំ​យល់​ថា ឃើញ​ថា គឺ​ជា​ការ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ខ្វល់​ខ្វាយ​ពី​រឿង​អធិបតេយ្យ ទឹក​ដី​របស់​ខ្លួន ប្រទេស​របស់​ខ្លួន គឺ​ជា​ការ​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ ហើយ​​គាត់​លើក​ឡើង​ហ្នឹង​មាន​គុណវិបត្តិ មាន​គុណវិបត្តិ និង​ដំណោះស្រាយ ជា​សិទ្ធិ​របស់​ពលរដ្ឋ​មាន​ចែង​នៅ​ក្នុង​ច្បាប់»

មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក លោក យី សុខសាន្ត មាន​ប្រសាសន៍​ថា សកម្មភាព​ដែល​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស និង​ពលរដ្ឋ​ផ្សេង​ទៀត បាន​ធ្វើ​នា​ពេល​កន្លង​ទៅ គឺ​ជា​ការ​បញ្ចេញ​មតិ​ក្នុង​នាម​ជា​ពលរដ្ឋ ដែល​បារម្ភ​អំពី​ទឹក​ដី​ប៉ុណ្ណោះ។ លោក​ថា សង្គម​ស៊ីវិល​នៅ​តែ​ទទូច​ដល់​រដ្ឋាភិបាល​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​ពួកគាត់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

លោក យី សុខសាន្ត៖ «ខ្ញុំ​គិត​ថា វា​ជា​រឿង​អយុត្តិធម៌ ដោយសារ​ថា នៅ​ប្រទេស​កម្ពុជា​យើង​កាន់​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ហើយ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ គឺ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំ នៃ​សង្គម ហើយ​រដ្ឋាភិបាល​ត្រូវ​តែ​យក​ការ​ស្នើសុំ ឬ​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​យក​ទៅ​ពិចារណា»។


អត្ថបទដែលទាក់ទង៖

តុលាការកំពូលបដិសេធសំណើសុំនៅក្រៅឃុំរបស់​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

សម្ភាសន៍អ្នកស្រី ពុង ឈីវកេក អំពី​សារសំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១

ពលរដ្ឋ​ខ្មែរ​ដាក់​ញត្តិ​តាម​​ស្ថានទូត​បរទេស នៅ​ក្រុងបាងកក ដើម្បី​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស


សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង​​លោក​ សាន សិទ្ធ បាន​ធ្វើ​វីដេអូ​មួយ​នៅ​មុន​ការ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី២២ ខែកក្កដា ថា ការ​សម្រេច​របស់​រដ្ឋាភិបាល​ក្នុង​​ដាក់​ខេត្ត​ចំនួន៤ របស់​កម្ពុជា​ទៅ​ក្នុង​គម្រោង CLV នឹង​អាច​ធ្វើ​ឱ្យ​យក​កម្ពុជា​បាត់បង់​ទឹកដី​ឱ្យ​ទៅ​វៀតណាម​គ្រប់គ្រង ពី​ព្រោះ​ពលរដ្ឋ​កម្ពុជា​ ដែល​រស់​នៅ​ចំនួន ៤​ខេត្ត​នេះ​ មាន​តិច​ជាង​ជន​ជាតិ​វៀតណាម។

អ្នកឃ្លាំមើល​ទទូច​ដល់​តុលាការ និង​រដ្ឋាភិបាល​ឱ្យ​ដោះលែង​សកម្មជន​ទាំង​អស់​នេះ ឱ្យ​មាន​សេរីភាព​វិញ ពីព្រោះ​ពួក​គេ​ថា រដ្ឋាភិបាល និង​សភា បាន​សម្រេច​អនុម័ត​ដក​កម្ពុជា ចេញ​ពី​គម្រោង CLV រួច​ហើយ តុលាការ​មិន​គួរ​នៅ​បន្ត​ឃុំឃាំង​ពួក​គេ ទាក់ទង​នឹង​បញ្ហា​នេះ​ទៀត​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles