កម្ពុជា
កម្ពុជា-សិទ្ធិការងារ
21/02/2025 – 12:47
ដោយ៖ សឹម ចាន់សំណាង
RFI
នាព្រឹកថ្ងៃទី២១ កុម្ភៈនេះ ក្រុមកម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍បានប្រមូលផ្តុំគ្នា ដាក់លិខិតទៅកាន់រដ្ឋមន្រ្តីក្រសួងការងារលោក ហេង សួរ។ បើតាមក្រុមកម្មករនិយោជិត ពួកគេដាក់លិខិតដើម្បីសំណូមពរឲ្យលោករដ្ឋមន្រ្តីពន្លឿននីតិវិធីនៅក្នុងសំណុំរឿងពាក្យបណ្តឹងទាមទារឲ្យក្រុមហ៊ុនណាហ្គាវើលដ៍ទទួលយកកម្មករនិយោជិតឲ្យត្រឡប់ចូលធ្វើការវិញ និងផ្តល់ប្រាក់រំលឹកដល់ពួកគេ គិតចាប់តាំងពីថ្ងៃបញ្ឈប់ រហូតដល់ថ្ងៃចូលធ្វើការងារវិញ។
ក្រុមកម្មករណាហ្គាវើលដ៍បន្តស្នើសុំក្រសួងការងារដោះស្រាយវិវាទការងាររបស់ពួកគេ
វិវាទការងាររវាងនិយោជិត និងក្រុមហ៊ុនណាហ្គាវើលដ៍នៅតែបន្តជាប់គាំងជិត៤ឆ្នាំ បន្ទាប់ពីក្រុមហ៊ុនបានបណ្តេញបុគ្គលិកជាង១ពាន់នាក់ ដែលនៅក្នុងនោះភាគច្រើនជាសមាជិកសហជីព។ នៅក្នុងលិខិតដាក់ទៅក្រសួងការងារដែលវិទ្យុបារាំងអន្តរជាតិទទួលបាននាថ្ងៃសុក្រ ទី២១កុម្ភៈនេះ ក្រុមកម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើល៍ បានទទូចស្នើសុំឲ្យក្រសួងការងារពន្លឿននីតិវិធីដោះស្រាយពាក្យបណ្តឹង ដែលពួកគេបានដាក់ទៅក្រសួងសាជាថ្មី កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥កន្លងទៅ។ នេះមិនមែនជាលើកទី១ដែលពួកគេបានដាក់ទៅ ពាក្យបណ្តឹងទៅកាន់ក្រសួងការងារ បន្ទាប់ពីការសម្រេចកន្លងមករបស់ក្រសួងមិនឆ្លើយតបនឹងការទន្ទឹងចង់បានរបស់ពួកគេ។
តាមលិខិតស្នើសុំទៅកាន់ក្រសួងការងារ ក្រុមកម្មករបានស្នើសុំ ទាមទារឱ្យក្រសួងអនុវត្តច្បាប់ការងារ ដូចជាតម្រូវឲ្យក្រុមហ៊ុនទទួលយកកម្មករនិយោជិតដែលត្រូវបានបញ្ឈប់ពីការងារកន្លងមក ឱ្យចូលធ្វើការវិញ។ លើសពីនោះ ពួកគេបានទាមទារឲ្យក្រុមហ៊ុនត្រូវផ្តល់ប្រាក់រំលឹកដល់កម្មករនិយោជិត គិតពីថ្ងៃបញ្ឈប់ រហូតដល់ថ្ងៃចូលធ្វើការងារឡើងវិញ។
អ្នកស្រី ណុប ទិត្យបូរ៉ាវី តំណាងក្រុមកម្មករនិយោជិតដែលជាប់ជម្លោះជាមួយក្រុមហ៊ុនណាហ្គាវើលដ៍សង្ឃឹមថា ក្រសួងការងារនឹងដោះស្រាយករណីវិវាទការងាររវាងកម្មករ និងក្រុមហ៊ុនណាហ្គាវើល បន្ទាប់ពីវិវាទមួយនេះបានអូសបន្លាយពេលយូរមកហើយ។ បើតាមអ្នកស្រី ណុប ទិត្យបូរ៉ាវី វិវាទការងារដ៏រ៉ាំរ៉ៃរវាងកម្មករ និងថៅកែក្រុមហ៊ុនណាហ្គាវើលដ៍គួរតែទទួលបានការដោះស្រាយឲ្យបានត្រឹមត្រូវ មិនគួរមានការអូសបន្លាយ ទុកចោលសំណុំរឿងរបស់ពួកគេយ៉ាងដូច្នេះនោះទេ។
សូមរំលឹកថា វិវាទការងាររវាងបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍រហូតដល់មានកូដកម្មរាប់ឆ្នាំនេះ កើតឡើងបន្ទាប់ពីកម្មករនិយោជិតប្រមាណ ១.៣០០ នាក់ ដែលភាគច្រើនជាសមាជិកសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរដែលត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ អំឡុងខែមេសា ឆ្នាំ ២០២១។ រយៈពេលជាង ៣ឆ្នាំមកនេះ ក្រុមកូដករអះអាងថា សំណុំរឿងវិវាទការងាររបស់ពួកគេនៅមិនទាន់ដោះស្រាយបាននៅឡើយ សូម្បីតែមួយចំណុច និងថាអំឡុងពេលធ្វើកូដកម្ម កូដករភាគច្រើនដែលជាស្រ្តីបានរងអំពើហិង្សា ការបៀតបៀនពីសំណាក់កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច និងខ្លះទៀតបានរងរបួសស្រាល និងធ្ងន់។

មានតំណាងសហជីពចំនួន១១នាក់បានរងបទចោទប្រកាន់ពីតុលាការ ដោយគ្មានមូលដ្ឋានច្បាប់រឹងមាំ និងត្រូវបានចាប់ដាក់ពន្ធនាគារទាំងអយុត្តិធម៌ម្តងជាពីរដង។ វិទ្យុបារាំងអន្តរជាតិ RFI មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននៅឡើយទេ គិតត្រឹមល្ងាចថ្ងៃទី២១ កុម្ភៈនេះ។ ប៉ុន្តែកាលពីកន្លងទៅលោក កត្តា អ៊ន ធ្លាប់បានបញ្ជាក់ថា ក្រសួងការងារបានខិតខំប្រឹងប្រែងសម្របសម្រួលផ្សះផ្សាវិវាទការងាររវាងតំណាងកម្មករនិយោជិត និងភាគីក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន២៧លើក ប៉ុន្តែ ការចរចាស្វែងរកដំណោះស្រាយទាំង២៧លើកនោះនៅតែពុំទាន់អាចផ្តល់ដំណោះស្រាយសមស្របឡើយ។ ចំពោះអ្នកនាំពាក្យរបស់ក្រសួងការងារ ការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការបានធ្វើចប់សព្វគ្រប់អស់ហើយ៕