អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ កម្ពុជាមិនរងការប៉ះពាល់ បើទោះបីស្ថិតក្នុងបញ្ជីខ្មៅរបស់តៃវ៉ាន់

កម្ពុជា
កម្ពុជា-សង្គម
22/02/2025 – 10:29
ដោយ៖ ជួប នរក្សា
RFI

អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃសៅរ៍ទី២២កុម្ភៈនេះ បានចេញមកគូសបញ្ជាក់ថា ថា ការសម្រេចរបស់តៃវ៉ាន់ដែលដាក់កម្ពុជាក្នុងចំណោមប្រទេសគោលដៅដ៏គ្រោះថ្នាក់ គ្រាន់តែជាការយល់ឃើញតែម្ខាងរបស់កោះតៃវ៉ាន់ ដែលមិនបង្កផលប៉ះពាល់ដល់កម្ពុជា។ យោងតាមការចុះផ្សាយរបស់កាសែតតៃវ៉ាន់ ក្រសួងមហាផ្ទៃតៃវ៉ាន់ កាលពីថ្ងៃសុក្រទី ១៤កុម្ភៈ បានដាក់កម្ពុជានិងបណ្តាប្រទេស៤ទៀតក្នុងតំបន់អាស៊ាន ជាគោលដៅ ប្រទេសដ៏គ្រោះថ្នាក់ ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ កម្ពុជាមិនរងការប៉ះពាល់ បើទោះបីស្ថិតក្នុងបញ្ជីខ្មៅរបស់តៃវ៉ាន់


បន្ទាប់ពីតៃវ៉ាន់ចាត់បញ្ចូលកម្ពុជានិងប្រទេសអាស៊ាន៤ទៀតទៅក្នុងបញ្ជីខ្មៅ ដោយសារការកើនឡើងនៃករណីឆបោកតាមប្រព័ន្ធអនឡាញ អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា បានចាត់ទុកការសម្រេចរបស់ក្រសួងមហាផ្ទៃតៃវ៉ាន់ ថាគ្មានឥទ្ធិពល បង្កផលប៉ះពាល់ដល់កម្ពុជាឡើយ។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃសៅរ៍ទី២២កុម្ភៈនេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និយាយថា ការសម្រេចរបស់កោះតៃវ៉ាន់ជារឿងរបស់តៃវ៉ាន់ ខណៈដែលកម្ពុជាគោរពគោលនយោបាយចិនតែមួយ។ ពោលគឺការលើកឡើងនេះមិនមែនចេញពីជំហភាគីចិននោះទេ។

បើតាមលោក ខៀវ សុភ័គ កម្ពុជានិងចិនក្នុងពេលបច្ចុប្បន្នកំពុងមានកិច្ចសហប្រតិបត្តិការល្អ ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងបទល្មើសជួញដូរមនុស្សជាបន្តបន្ទាប់។ ការឆ្លើយតបរបស់ក្រសួងមហាផ្ទៃកម្ពុជា ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃតៃវ៉ាន់ កាលពីសប្តាហ៍កន្លងទៅ បានសម្រេចដាក់កម្ពុជា ថៃ ឡាវ វៀតណាម និងភូមា ជាបណ្តាប្រទេសគោលដៅដ៏គ្រោះថ្នាក់ ទាក់ទងនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Taiwan News នៅថ្ងៃទី១៤កុម្ភៈ អំណើះតទៅ រាល់អ្នកដំណើរចាកចេញពីកោះតៃវ៉ាន់ ទៅកាន់កម្ពុជា ថៃ ឡាវ វៀតណាម និងភូមា នឹងបានឃើញសេចក្តីព្រមាននៅលើសំបុត្រយន្តហោះ និងការណែនាំដើម្បីទាញកម្មវិធីសុវត្ថិភាពលើទូរស័ព្ទដៃពេលធ្វើដំណើរទៅដល់ប្រទេសទាំង៥ខាងលើ។

កាសែតបានស្រង់សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃតៃវ៉ាន់ដែលថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានករណីជាច្រើនទាក់ទងនឹងជនជាតិចិនតៃវ៉ាន់ ដែលត្រូវគេបោកបញ្ឆោតឲ្យទៅធ្វើការក្នុងប្រតិបត្តិការឆបោកអនឡាញនៅកម្ពុជា និងភូមា។ ទីភ្នាក់ងារអន្តោប្រវេសន៍ជាតិ និងការិយាល័យប៉ូលីសអាកាសចរណ៍ បានអះអាងថា ខ្លួននឹងបង្កើនកិច្ចខិតខំប្រឹងប្រែងនៅតាមអាកាសយានដ្ឋានបន្តទៀត ដើម្បីទប់ស្កាត់កុំឲ្យប្រជាជនតៃវ៉ាន់ធ្វើដំណើរទៅកាន់ទឹកដីបរទេស ដើម្បីចូលរួមក្នុងឧក្រិដ្ឋកម្មបោកប្រាស់អនឡាញ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ កម្ពុជាមិនរងការប៉ះពាល់ បើទោះបីស្ថិតក្នុងបញ្ជីខ្មៅរបស់តៃវ់ាន់
អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ កម្ពុជាមិនរងការប៉ះពាល់ បើទោះបីស្ថិតក្នុងបញ្ជីខ្មៅរបស់តៃវ់ាន់ © Taiwan News

បើតាមកាសែតតៃវ៉ាន់ដដែល ក្រុមហ៊ុនទេសចរណ៍នឹងត្រូវស្នើសុំឲ្យសហការបោះពុម្ពការព្រមានភ្ជាប់ជាមួយនឹងសំបុត្រយន្តហោះរបស់អ្នកដំណើរដែលចង់ធ្វើដំណើរទៅកាន់ប្រទេសទាំង៥ក្នុងតំបន់អាស៊ាន។

របាយការណ៍ចុងក្រោយរបស់ស្ថានទូតចិននៅកម្ពុជាបង្ហាញថា គិតត្រឹមឆមាសទី១ឆ្នាំ២០២៤ អាជ្ញាធរកម្ពុជាបានចាប់បញ្ចូនជនជាតិចិនជាង ១២០០នាក់ឲ្យត្រឡប់ទៅកាន់ប្រទេសកំណើតវិញក្នុងបទជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអ៊ីនធ័រនែតក្នុងប្រទេសកម្ពុជា។ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនបិន បានចាត់ទុកការបង្រ្កាបនេះថា ជាការបង្ហាញឆន្ទៈដ៏ច្បាស់លាស់ និងភាពជិតស្និទរវាងកម្ពុជា-ចិន ក្នុងការប្រយុទ្ធប្រឆាំងឧកិ្រដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធ័រនែត និងការបង្ក្រាបទីតាំងល្បែងអនឡាញក្នុងប្រទេសកម្ពុជា៕

What Next?

Recent Articles